ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តីមន្ត្រីរបស់ក្រសួងការបរទេសរុស្ស៊ីមួយរូប ដែលបានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសរបស់ខ្លួននឹងមិនស្នើឱ្យសហភាពអឺរ៉ុប (EU) បញ្ចប់ការទណ្ឌកម្មទាំងឡាយមកលើខ្លួននោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធាននាយកដ្ឋានសហប្រតិបត្តិការអឺរ៉ុបនៃក្រសួងការបរទេសរុស្ស៊ី លោក Nikolai Kobrinets បានលើកឡើងដោយសង្កត់ធ្ងន់ថា៖ «សហភាពអឺរ៉ុប មិនមែនជាមជ្ឈមណ្ឌលនៃសកលលោក [ដែលមិនអាចខ្វះបាន]នោះទេ។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនមកលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ ពោលគឺបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានធ្វើឱ្យបណ្តាប្រទេសមួយចំនួន រួមនឹងសហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី។
សហភាពអ៊ឺរ៉ុប កាលពីពេលថ្មីៗនេះ ក៏បានអនុម័តជាផ្លូវការនូវការដាក់ទណ្ឌកម្មថ្មីមួយចំនួនបន្ថែមទៀត លើរុស្ស៊ីទាក់ទងនឹងការឈ្លានពានអ៊ុយក្រែនផងដែរ ដែលក្នុងនោះរួមមានការហាមឃាត់ការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណីត និងការនាំចូលផលិតផលដែកពីប្រទេសរុស្ស៊ី៕












