ភរិយា​​​អ្នកសារព័ត៌មាន​នៅ​​​​កោះកុង ស្នើ​​លោក​​ទៀ បាញ់ ជួយ​អន្តរាគមន៍​​​​​​ឱ្យ​មានការ​​​​​​ដោះ​​លែង​​​​​​ប្តី​​​​​ពី​​​​​​ពន្ធ​នា​គារ

លោក យួន ឈីវ ជាអ្នកសារព័ត៌មានមួយរូបនៅខេត្តកោះកុង កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក យួន ឈីវ)

ក្រុមគ្រួសារ​អ្នកសារព័ត៌មាន​អនឡានម្នាក់(Online Media)​នៅខេត្តកោះកុង អំពាវនាវ​សុំ​កិច្ច​អន្តរា​គ​មន៍ ពីរដ្ឋមន្រ្តី​​ក្រ​​សួង​​​ការពារជាតិ និងភាគី​ពាក់​ព័ន្ធ ឱ្យដោះលែងស្វាមីរបស់ខ្លួន ចេញ​ពី​ពន្ធនាគារ ​ក្រោយ​តុ​​លា​​ការ​​បាន​​ផ្តន្ទាទោសដាក់ពន្ធនាគារ​អ្នក​សារ​ព័ត៌​​មាន​​រូប​​នេះ ពីបទ​ ញុះ​​​ញង់​​​​ឱ្យ​​​មាន​ការរើសអើង ដែលជាប់ទាក់ទិនវិវាទ​​ដីនៅ​ម្តុំ​​ឧទ្យានជាតិ ស្រុក​បូទុម​​​សា​គរ​។

អ្នក​ស្រី អ៊ូច វ៉ា​ន់ថន ដែល​ត្រូវជា​ភរិយា​លោក យួន ឈីវ ចាង​ហ្វាង​កាសែត​អន​ឡាញ​ប្រ​​ចាំ​​ខេត្ត​​កោះ​កុង ប្រាប់​វីអូឌី​នៅថ្ងៃសុក្រនេះថា ពេលនេះអ្នកស្រីពិតជាត្រូវការស្វាមី ដើម្បី​​មើលថែក្រុម​​គ្រួ​​សារ ដោយសារគាត់​ជា​បុគ្គល​​ដ៏សំខាន់​ក្នុងការរកចំណូលផ្តត់ផ្គង់​ក្នុង​​គ្រួសារ​។ ​​ស្ថិត​​​ក្នុង​​​​វ័យ​ប្រ​​មាណ ៤០​ឆ្នាំ អ្នកស្រី វ៉ាន់ថន បញ្ជាក់​ថា ស្វាមីរបស់​ខ្លួន ពិត​ជា​មិនបាន​ប្រព្រឹត្តិបទល្មើស ដូចអ្វី​​ដែល​​​រដ្ឋបាលខេត្តកោះកុង និងតុលាការ​ចោទនោះ​ទេ។

អ្នកស្រីបន្តថា៖ «សុំគាត់ជួយដោះលែងគាត់[ប្តី] គាត់មានកូនតូច​តាច អត់​មាន​ពី​ណា​រក​ស៊ី​​ចិញ្ចឹម។ ​​រាល់​ថ្ងៃនេះ កូនខ្ញុំឈឺទាំង២នាក់ ទើប​តែ​យក​មកពីពេទ្យហ្នឹង»។

លោក យួន ឈីវ ជាចាងហ្វាង​គេហទំព័រអនឡាញ​ឈ្មោះ​«កោះកុងព័ត៌​​មាន​​ទាន់​​ហេតុការណ៍» ប្រចាំ​នៅ​ខេត្ត​កោះ​កុង ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួន​កាលពីចុងខែ​កញ្ញា ឆ្នាំ២០​​២​​១​។ ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​ក្រោយ​ពី​មាន​ប្រតិកម្ម​របស់​​លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ហើយ​ក៏​ជា​ការ​​​​អនុវត្ត ​​នៅបន្ទាប់ពីមានបណ្តឹងរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ប្រឆាំង​​​ចាង​​ហ្វាង​​គេ​​ហ​​ទំ​​ព័ររូបនេះដែរ។

មូលហេតុដែលនាំឱ្យលោក យួន ឈីវ ត្រូវតុលាការខេត្តកោះកុង ផ្តាន្ទាទោសដាក់ពន្ធនាគារ ១​​ឆ្នាំ​​ពីបទ «ញុះញង់​ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»នេះ ក្រោយពីលោក​បានរិះគន់នៅ​​លើ​​បណ្តា​​ញ​​សង្គម​ហ្វេស​ប៊ុក​​ដោយ​ចំហរ ​ពីសកម្មភាពបំផ្លាញ​ផ្ទះស​ម្បែងនិងដំណាំ​​ប្រជាព​លរដ្ឋប្រមាណ ១១០​គ្រួសារ នៅឃុំថ្មស ស្រុកបូទុមសាគរ ​ពី​សំណាក់​​​រដ្ឋបាល​​ខេត្ត​​​​​កោះ​កុង ដែលលោកអះអាងថា ដឹកនាំដោយ​លោក សុខ សុទ្ធី ហើយ​សារ​រិះគន់នោះ​ ក៏មានជាប់ពាក់ព័ន្ធ​នឹង​លោក ទៀ បាញ់ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​​ផងដែរ​​។

នៅថ្ងៃសុក្រ​នេះ​ដែរ វីអូឌី ក៏​បាន​ទទួល​ញត្តិ​ដែល​មាន​ស្នាម​មេដៃប្រជាពលរដ្ឋ​ចំនួន ៦៥​នាក់ មក​​​ពី​ឃុំ​ថ្មស ស្រុក​បូទុមសាគរ ដែលស្នើ​ដល់​​​​លោក​​ ទៀ បាញ់ ជួយ​អន្តរាគមន៍​ទៅតុលាការខេត្ត ​ឱ្យមានការ​​ដោះលែង​ លោក យួន ឈីវ ផងដែរ​​​​​។

គិតមកដល់ពេលនេះ លោក ឈីវ ត្រូវ​បានឃុំខ្លួនប្រមាណ ៧ខែមកហើយ ក្រោយការចាប់ខ្លួន ។ ជាមួយគ្នានោះ តុលាការខេត្តកោះកុង បាន​យក​សំណុំរឿងនេះ​ទៅ​​ជំនុំ​​ជម្រះភ្លា​មៗ​ដែរ ក្រោយ​ពី​លោក ទៀ បាញ់ ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន ដោយសារអ្នកកាសែតរូបនេះ រិះ​គន់​ថា អាជ្ញាធរខេត្ត មិន​បាន​អនុវត្តអនុក្រឹត្យលេខ​៣០ របស់លោកនាយករដ្ឋមន្រ្តី ដែលចេញ​​កាល​​ពីខែ​មីនា ឆ្នាំ២០២១។

អនុក្រឹត្យនេះ កំណត់ឱ្យអាជ្ញាធរគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវកាត់ឆ្វៀលដីទំហំជិត ១២ម៉ឺនហិកតា ពី​ឧទ្យាជាតិ​បុទុមសាគរ ផ្តល់ជូនពលរដ្ឋអាស្រ័យផល។

វីអូឌី មិនអាចសុំការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងការពារជាតិ​ លោក ទៀ បាញ់ បានទេ នៅថ្ងៃសុក្រ​​នេះ​​។​

​ចំណែក អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ដែលរងការចោទប្រកាន់ បាន​បំភ្លឺយ៉ាងខ្លីថា រឿង​នេះ មាន​តែ​ខាង​តុលាការ​ទេ ជាអ្នក​មាន​សិទ្ធិក្នុងការសម្រេច។ លោក​បន្ថែម​ថា ចំពោះ​​​រដ្ឋ​​បាល​​​​​​ខេត្ត មិន​មានជាប់ពាក់ព័ន្ធណាមួយទៀតនោះឡើយ។

លោកបន្តថា៖ «ខ្ញុំអត់ដឹងដែរ។ រឿងនេះទាល់តែខាងតុលាការ។ សួរទៅ​តុលាការ ព្រោះ​ខាង​រដ្ឋបាល​​​ខេត្ត​​​​ម៉េច​មាន​សិទ្ធិសម្រេច ក្រៅពីខាងតុលាការ»។

មេធាវីការពារសិទ្ធិឱ្យ​លោក យួន ឈីវ គឺលោក ហេង គង់ បញ្ជាក់​ថា ក្រោយ​តុលាការខេ​ត្ត​កោះកុង ផ្តន្ទា​ទោស​កូនក្តីរបស់លោកដាក់ពន្ធនាគារនោះ លោក​បានរៀប​ចំ​បណ្តឹងឧទ្ធរណ៍បន្តទៀត ប្រឆាំង​សាល​ក្រម​នេះ។ បើតាមលោកមេធាវី ហេង គង់ សាលាឧទ្ធរណ៍ខេត្តកោះកុង​ បាន​​​កំ​ណត់​​​​​លើក​យក​បណ្តឹង​សារ​ទុក្ខ​នេះ មក​ជំនុំ​ជម្រះ​នៅថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ២០២២​ខាងមុខ​នេះ។

​​ទោះជាយ៉ាងណា លោក​នៅមិនទាន់អាច​ធ្វើសេច​​​ក្តី​​​សន្និ​​ដ្ឋាន​បាន​ថា សំណុំរឿងនេះ​​​មាន​ភាព​ត្រឹម​ត្រូវ​កម្រិត​ណា​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់​ថា ខេមបូចា លោក ណុប វី យល់​​ឃើញ​ថា ការ​សម្រេច​ឱ្យ​អ្នក​សារព័ត៌មាន​រូបនេះ ត្រូវមាន​ទោស ជាការឆ្លុះបញ្ចាំងឱ្យពីការធ្លាក់ចុះ នៃ​​​សិទ្ធិ​​​បញ្ចេញមតិ កាន់តែធ្ងន់ធ្ងរនៅកម្ពុជា។ ក្រៅពីនេះ លោកថា បើពិនិត្យទៅលើមូលដ្ឋានច្បាប់ អ្នក​​សារព័ត៌មាន​​​​​​រូប​​​​​នេះ រឹត​តែមិនត្រូវបានការពារ​ដោយច្បាប់ ស្តីពីរបបសារព័ត៌មានថែមទៀត។

លោកបន្តថា៖ «មានសម្តេច​ ទៀ បាញ់ នៅក្នុងហ្នឹងណា ដូចយើងដឹងហើយថា ដោយតែគាត់បាន​​រាយការណ៍ព័ត៌មានបានប៉ះដល់លោក ហើយដោយ​សារ​គាត់​មាន​ឥទ្ធិពល​ដោយ​សារ​យើង​ឃើញ​ថា​ក្នុង​រយៈ​ពេលតែមួយ​ថ្ងៃ​តុលាការ​សម្រេច​ឱ្យ​គាត់​មាន​ទោស​ជាប់​ពន្ធនាគារ​តែម្តង នេះជា​ចំណុច​​សំខាន់​ទី១។ ហើយចំណុចសំខាន់ទី២ ច្បាប់ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន គឺ​មិន​ត្រូវ​យក​​​មក​​ប្រើ​​​ប្រាស់​ទាល់តែសោះដោយប្រព័ន្ធតុលាការ »។

អ្នកសម្របសម្រួលអង្គការ​លីកាដូ​ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន ដែលឃ្លាំមើល​​​សំ​​ណុំ​រឿង​​នេះ ចាត់​ទុក​ការសម្រេចផ្តន្ទាទោសប្រឆាំងលោក យួន ឈីវ នេះថា​មិនសមហេតុ​​ផល​​​ទាល់​​តែ​​សោះ​ ហើយ​​​បើពិនិត្យ​លើអង្គ​ហេតុ ក៏រក​មិនឃើញពីធាតុផ្សំ​នៃបទល្មើសនោះ​ដែរ​​។ ​

មួយ​​​វិញទៀត លោកថា ការផ្សាយព័ត៌មានរបស់​​លោក យួន ឈីវ គឺផ្អែកលើ​ហេតុ​ការណ៍ ដែល​បាន​កើត​ឡើង​​​ជាក់​​​ស្តែង ដែល​​​ឆ្លុះ​​បញ្ចាំងពីការអនុវត្តវិធាន​ការរ​ដ្ឋបាល​របស់​​កម្លាំង​ចម្រុះ​ដោយ​ពិត​ប្រាកដ នៅ​​​​ថ្ងៃ​​​​កើត​ហេតុនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ