លោក ហ៊ុន សែន ​ថា​សំបុត្រ​យន្ត​ហោះ​ឡើង​ថ្លៃ​ដោយ​សារ​វិបត្តិ​សកល​លោក

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជាថ្លែងថា សំបុត្រយន្តហោះឡើងថ្លៃ ដោយសារតែបញ្ហាវិបត្តិធំៗចំនួនពីរ​នៅលើសកលលោក ហើយពួកគេកំពុងតែ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្នាទៅវិញទៅមក។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរ​សៀមរាបនៅព្រឹកថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា  បញ្ហាវិបត្តិកូវីដ-១៩ និងបញ្ហាសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ធ្វើឱ្យពួកគេដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ដែលនាំឱ្យតម្លៃប្រេងឡើងថ្លៃលើពិភពលោក ហើយក៏ធ្វើឱ្យសំបុត្រយន្តហោះឡើងថ្លៃផងដែរ ។

លោកថ្លែងដូចនេះថា៖ «ឥឡូវវាច្បាស់ហើយ សំបុត្រយន្តហោះវាឡើងថ្លៃ ឡើងថ្លៃពីរបែប ឡើងថ្លៃទី១ ដោយសារតែយន្តហោះ គេឱ្យរក្សាគម្លាត យន្តហោះមួយគ្រឿងធ្លាប់តែជិះបាន ២០០នាក់-៣០០នាក់ ឥឡូវគេឱ្យជិះតែ ១០០នាក់។ អញ្ចឹងតម្លៃវាឡើងហើយ។ ឯមួយទៀត គេកំពុងវាយគ្នា[សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន] គេកំពុងដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក។ អញ្ចឹងបង្កើតបញ្ហាតម្លៃប្រេងឡើងថ្លៃពេញពិភពលោក ធ្វើឱ្យសំបុត្រយន្តហោះឡើងថ្លៃ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តថា  បើនៅប្រទេសស្រីលង្កា កំពុងស្ថិតនៅក្នុងការប្រកាសអាសន្ន  ដោយសារតែប្រេងឡើងថ្លៃ វិបត្តិសេដ្ឋកិច្ចពិភពលោកធ្វើឱ្យមានចលាចល ហើយប្រទេសនេះក៏បានដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាមានអាសន្នផងដែរ ខណៈកម្ពុជាមិនអាចដាក់ប្រទេសក្នុងគ្រាមានអាសន្នដូចប្រទេស ស្រីលង្កានោះទេ។

កាលពីថ្ងៃទី១៧ ខែមីនា លោក ហ៊ុន សែន ​ក៏បានផ្ញើ​សារទៅកាន់​ព​ល​រដ្ឋ​ ដោយស្នើកុំឱ្យជេរ​លោករឿងសាំង​ឡើង​ថ្លៃនៅកម្ពុជា  ​ដោ​យលោកស​ម្អាងថា ​​វាជា​បញ្ហា​​ស​កល​ប​ណ្ដាល​មក​ពី​​​សង្គ្រា​​ម​រវា​ងរុ​ស្ស៊ី ​និងអ៊ុ​យក្រែ​ន។

​យ៉ាងនេះក្តី ​សហភាពសហជីពកម្ពុជា ​ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៦ ខែមីនា​ដោយថា ការហក់ឡើងនូវតម្លៃប្រេងឥន្ធនៈនាប៉ុន្មានខែចុងក្រោយនេះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋមួយចំនួន ពិសេសអ្នកមានចំណូលទាប ដូចជា កម្មករ អាជីវករ កសិករ មន្ត្រីរាជការ រួមទាំងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផង៕ ​

សេចក្ដីថ្លែងការណ៍បានអះអាងថា បញ្ហានេះ រដ្ឋាភិបាលមិនទាន់មានវិធានការ ដើម្បីដោះស្រាយនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ