លោក ហ៊ុន សែន​៖ ​កម្ពុជា​មិន​ត្រូវ​ការ​យោធា​បរទេស​ទេ​ ​តែ​ត្រូវ​ការ​ភ្ញៀវ​ទេសចរ​បរទេស​មក​ឱ្យ​ច្រើន ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

នាយករដ្ឋមន្ត្រីប្រកាសថា កម្ពុជាមិនត្រូវការវត្តមានយោធាបរទេសនោះទេ ប៉ុន្តែកម្ពុជាត្រូវការភ្ញៀវទេសចរបរទេសកាន់តែច្រើន ហើយលោកក៏ហាមមិនឱ្យ​អ្នកវិភាគ​​និយាយថា ការធ្វើអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ គឺជាការពង្រឹងសមត្ថភាពយោធាចិននៅកម្ពុជានោះដែរ។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប​-អង្គរនៅព្រឹកថ្ងៃទី៣ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវការតែអ្នកទេសចរបរទេស គឺមិនត្រូវការកងទ័ពបរទេសនោះទេ  ហើយកម្ពុជាក៏មិនចង់ឱ្យទឹកដីរបស់ខ្លួនក្លាយជាទីតាំងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទុកជាមុន ដល់អ្នកវិភាគមួយចំនួនថា  កុំឱ្យពួកគេធ្វើការវិភាគ លើការធ្វើប្រើប្រាស់អាកាសយានដ្ឋានអន្តរជាឮតិខេត្ត​សៀមរាប​-អង្គរ ដើម្បីពង្រឹងសមត្ថភាពយោធាកម្ពុជា-ចិន។

លោកព្រមានដូចនេះថា «សង្ឃឹមថាអ្នកធ្វើអត្ថាធិប្បាយ និងអ្នកវិភាគ មិនចាត់ទុកការធ្វើព្រលានយន្តហោះអន្តរជាតិសៀមរាបនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាចិននៅក្រៅប្រទេស នៅក្នុងប្រទេសកម្ពុជាទេ។ ផ្ញើសារជូនទុកឱ្យហើយ កុំឱ្យវិភាគបែបឆ្គួត។ កម្ពុជាអត់ត្រូវការយោធាបរទេសទេ ​ ត្រូវការទេសចរបរទេសមកឱ្យច្រើន។ ចូលទៅដំណាក់កាលទីមួយ ៧លាន[នាក់] បើថាសមត្ថភាពទទួលផុតលើសពី៧លានហើយ ត្រូវពង្រឹងឡើងទៅដល់១០លាន ​១០លានរួចហើយនៅតែមិនទាន់គ្រប់ត្រូវពង្រឹកទៅ២០លាន ដូចការគ្រោងទុក»។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដល់អ្នកវិភាគទុកជាមុន មិនឱ្យវិភាគថា ការធ្វើអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបកម្ពុជា-ចិន ដើម្បីពង្រឹងសមត្ថភាពយោធាចិន ដោយសារកន្លងមក​មានមជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួន ធ្លាប់រិះគន់លើគម្រោងអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា ដោយរដ្ឋាភិបាល​មានទំនោរទៅរកចិនជាដើម។

ទោះជាបែបនេះ លោក  សុវណ្ណរ៉ា ផ្តល់ជាអនុសាសន៍ថា រដ្ឋភិបាលត្រូវ​បើកលំហសេរីភាពក្នុងការបញ្ចេញមតិរបស់គ្រប់ភាគី ជាពិសេសការបង្ហាញទស្សនៈរបស់អ្នកវិភាគ ដើម្បីឱ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ។

លោកផ្តល់ជាអនុសាសន៍ថា៖ «ខ្ញុំគិតថា បើរាល់ការអភិវឌ្ឍន៍ដែលមានតម្លាភាព រដ្ឋាភិបាលមិនត្រូវបារម្ភពីការរិះគន់ទេ ពីព្រោះកម្ពុជាជាប្រទេសប្រជាធិបតេយ្យ គួរតែបើកឱ្យគេបានបញ្ចេញទស្សនៈដូចគ្នាទំាងជាតិ និងអន្តរជាតិ» ។

លោកបន្ថែមថា៖ «កម្ពុជាជាប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បើការនិយាយត្រូវបានរឹតត្បិតទេ វាមិនធ្វើឱ្យលទ្ធិប្រជាធិបតេយ្យបើកចំហ​ទូលំទូលាយតាមខ្លឹមសារច្បាប់ទាំងស្រុងទេ»។

អាកាសយានដ្ឋានអន្តរជាតិសៀម​រាបអង្គរនេះ ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ​គ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ  ហើយគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ