គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា មានអង្គការ-សមាគមជាតិចំនួន ៥ស្ថាប័ន ហើយបានដាក់ភ្នាក់ងារសង្កេតការណ៍របស់ខ្លួន បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឱ្យដឹងនៅថ្ងៃទី៤ ខែមេសា នេះថា មានអ្នកសង្កេតការណ៍ប្រមាណ ៨ ៣៣៥នាក់ ហើយត្រូវបានបញ្ជូនឈ្មោះមកស្ថាប័នជាតិរៀបចំការបោះឆ្នោត។ លោកបន្តថា ក្នុងចំណោមពួកគេទាំងជិត ១ម៉ឺននាក់នេះ គឺមកពីអង្គការ-សមាគមជាតិចំនួន ៥ដែលប្រកាសថានឹងត្រូវចូលរួមសង្កេតការណ៍ នៅអំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។ ប្រភពដដែលបន្តថា ចំពោះមុខនេះ ស្ថាប័នជាតិរៀបចំការបោះឆ្នោត ទើបពិនិត្យឈ្មោះអ្នកសង្កេតការណ៍បានប្រមាណ ៤០០នាក់ប៉ុណ្ណោះ ក្នុងចំណោម អ្នកដែលបានស្នើសុំទាំងជាង ៨ពាន់នាក់នេះ។
អ្នកនាំពាក្យរូបនេះឱ្យដឹងទៀតថា គិតមកដល់ពេលនេះ គ.ជ.ប មិនទាន់ទទួលបាន ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនៅឡើយទេ។ លោកបន្តថា«ខាងអន្តរជាតិមិនទាន់ឃើញបង្ហាញជំហរ ក្នុងការដាក់ពាក្យស្នើសុំធ្វើជាអ្នកសង្កេតការណ៍នៅឡើយទេបាទ »។
បើតាមលោក5 CSOs applied for the commune election observer in 2022 អង្គការ-សមាគម ដែលបានស្នើសុំទៅ គ.ជ.ប ដើម្បីដាក់អ្នកសង្កេតការណ៍ នៅថ្ងៃបោះឆ្នោត រួមមាន សមាគមបញ្ញវ័ន្ត និងយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល(Comfrel) សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សម្រាប់ខេត្តឧត្តរមានជ័យ។
ចំណែក ភ្នាក់ងារសង្កេតការណ៍ របស់គណបក្សនយោបាយវិញ គ.ជ.ប ចាប់ទទួលឱ្យចុះឈ្មោះ នៅក្រោយពីបញ្ជីផ្លូវការនៃបញ្ជីបេក្ខភាព ដែលឈរជាមេឃុំចៅសង្កាត់ របស់គណបក្សនយោបាយ ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ស្ថាពរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។ ប៉ុន្តែ បើតាមអ្នកនាំពាក្យ គ.ជ.ប អះអាងថា លទ្ធផលប្រកាសបញ្ជីផ្លូវការនេះ អាចនឹងត្រូវធ្វើមុន ប្រតិទិនដែល គ.ជ.ប បានកំណត់ ដោយសារមិនមានបណ្តឹងតវ៉ាទៀតទេ រឿងបញ្ជីបេក្ខភាពមេឃុំចៅសង្កាត់នេះ។ ប្រតិទិនដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់នីតិកាលទី៥នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕












