សមាគមមួយនឹង​ដាក់ញត្តិនៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាឱ្យបញ្ឈប់ការឈ្លានពានអ៊ុយក្រែន

លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ រូបភាព៖(ហ្វេសប៊ុក Koet Saray )

សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអ្នកស្រលាញ់យុត្តិធម៌ក្នុងសង្គមនានា នឹងនាំគ្នាយកញត្តិដាក់ទៅស្ថានទូតរុស្ស៊ី (Russia)ប្រចាំនៅកម្ពុជា ដើម្បីស្នើឱ្យប្រទេសមហាអំណាចមួយនេះបញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន(Ukraine)ជាបន្ទាន់ ហើយចាប់ផ្តើមស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និងសន្តិភាពសកលលោក។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា សង្គមស៊ីវិល សកម្មជនបរិស្ថាន និងសកម្មជនសង្គមនានា ប្រចាំនៅកម្ពុជា មានក្តីអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន​ ដែលកំពុងស្ថិត​ក្នុងភ្នក់ភ្លើងសង្គ្រាម​ជាមួយរុស្ស៊ី។

ករណីនេះ ប្រធានសមាគមរូបនោះ អះអាងថា ក្រុមការងារនិស្សិតបញ្ញវន្តខ្មែរ បានសហការគ្នា ដើម្បីយកញត្តិដាក់ជូនទៅស្ថានទូតរុស្ស៊ី ​ នៅព្រឹកថ្ងៃទី៥ ខែមេសា ដើម្បីស្នើទៅប្រទេសនេះ បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ​ ហើយស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និងសន្តិភាពសកល ។

លោកមានប្រសាសន៍ថា៖ «ក្នុងនាមយើងជាសង្គមស៊ីវិលនៅកម្ពុជា ក្នុងនាមយើងជាប្រទេសដែលធ្លាប់ឆ្អែតឆ្អន់ជាមួយនឹងសង្គ្រាម យើងពិតជាមិនចង់ឃើញប្រទេសណាមួយនៅលើសកលលោកស្ថិតនៅក្នុងភ្នក់ភ្លើងដូចកម្ពុជាដែលធ្លាប់ឆ្លងកាត់ទេ»។

លោកបន្ថែមថា៖ «ដូច្នេះចង់មិនចង់ ការធ្វើរបស់យើង គឺជាការធ្វើផ្សព្វផ្សាយនៃក្តីស្រលាញ់ ហើយចង់បង្ហាញថា ពួកយើងស្អប់ខ្ពើមសង្គ្រាម។ ដូច្នេះយើងគួរតែរស់នៅក្នុងក្តីស្រឡាញ់ ហើយកសាងសេចក្តីសុខរវាងប្រទេស និងប្រទេស ដែលធានាដល់សន្តិភាពយូរអង្វែងរបស់ពិភពលោកទាំងមូលដែរ»។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍បន្តថា អ្នកដែលយកញត្តិដាក់នៅស្ថានទូតរ៉ុស្ស៊ី គ្រោងមានមនុស្សចំនួន១៥នាក់ ក្នុងចំណោមនោះមានព្រះសង្ឃ៥អង្គនាក់ផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ក៏ធ្លាប់ស្នើទៅរុស្ស៊ី ឱ្យគោរព និងអនុវត្តតាម​ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីកុំឱ្យមានការឈ្លានពានពីប្រទេសមួយទៅលើប្រទេសមួយ ទៀតដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅលើសកលលោក​។

ករណីនេះ លោក សុខ ឥសាន បញ្ជាក់ថា ទោះបីជាក្រុមការងារនិស្សិតបញ្ញវន្តខ្មែរសកម្មជនសិទ្ធិមនុស្សយកញត្តិដាក់ជូនទៅស្ថានទូតរុស្ស៊ី ដើម្បីស្នើ​បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនក្តី ប៉ុន្តែលោកថា ទំនងជារុស្ស៊ី មិនធ្វើតាមសំណើររបស់ពួកគេនោះទេ ពីព្រោះកន្លងមកមានប្រទេសមហាអំណាចមួយចំនួនជួយអន្តរាគមន៍ដើម្បីបញ្ចប់សង្គ្រាមប្រទេសទាំង២ ក៏រុស្ស៊ីមិនធ្វើតាមដែរ។

លោកមានប្រសាសន៍ថា៖ «បើតាមយោបល់ខ្ញុំ គ្មាននរណាគេយកចិត្តទុកដាក់ស្តាប់ជាមួយគាត់ទេ ពីព្រោះបណ្តាប្រទេសលើពិភពលោកគេបង្គាប់ឱ្យរុស្ស៊ី ឱ្យរុស្ស៊ីធ្វើតាមគាត់ គេមិនធ្វើតាមផង ចុះទំរាំគាត់ជាក្រុមនិស្សិតតូចមួយ ហើយនៅក្នុងប្រទេសតូចមួយដូចកម្ពុជា ជាដើម តើរុស្ស៊ីយកចិត្តទុកដាក់ ពិចារណាដែរឬអត់ ដូចអត់មានទេ»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការយកញត្តិដាក់នៅស្ថានទូតរុស្ស៊ីនៅព្រឹកស្អែកនោះ គ្រាន់តែជាសិទ្ធិនិងទស្សនៈរបស់ពួកគាត់ ដែលមិនចង់ឃើញប្រទេសទាំង២ មានសង្គ្រាម នាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅទូទាំងពិភាពលោក ។

លោកមានប្រសាសន៍ថា៖« ខ្ញុំឃើញនៅតាមបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកដែរ ខ្ញុំឃើញគេធ្វើបាតុកម្ម ដាក់ញាត្តិនៅស្ថានទូតរុស្ស៊ីប្រឆាំងនឹងការធ្វើសង្គ្រាមឈ្លាពានប្រទេសអ៊ុយក្រែន អញ្ចឹងវាអត់មានទាស់ខុសអ្វីទេ វាគ្រាន់តែជាដំណើរ ការយល់ឃើញសង្គ្រាមវាធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកនោះ»។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំ​របស់​​ខ្លួ​ន​មក​លើអ៊ុយក្រែន​ កាលពីដើមខែកុម្ភៈ ពោល​គឺ​បន្ទាប់​​ពី​​ការ​ប្រកាស​សង្រ្គាម​មួយដោយ​ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀ ពូទីន ដែលបានធ្វើឱ្យបណ្តាប្រទេសមួយចំនួន រួមនឹងសហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី។

សហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ ក៏បានអនុម័តជាផ្លូវការនូវការដាក់​ទណ្ឌ​កម្ម​ថ្មី​មួយ​ចំនួន​បន្ថែមទៀត​ លើរុស្ស៊ីទាក់ទងនឹងការឈ្លានពានអ៊ុយក្រែន​ ដោយ​ក្នុងនោះរួមមាន​ការ​ហាមឃា​ត់​ការ​វិនិយោគ​ក្នុងវិស័យថាម​ពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណីត និងការនាំចូលផលិតផលដែកពី​​រុស្ស៊ីជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ