គណបក្សភ្លើងទៀន ប្រតិកម្មជាថ្មីទៀត ចំពោះបញ្ជីបេក្ខជនឈរជាមេឃុំចៅសង្កាត់របស់ខ្លួន ដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចលុបចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី៤ ខែមេសានេះ បង្ហាញថា នេះជាលើកទី១ហើយ ដែល គ.ជ.ប ធ្វើសេចក្តីសម្រេចចិត្ត ដែលមិនអាចជឿទុកចិត្តបាន។
ប្រភពដដែលបន្តថា ការសម្រេចលុបបញ្ជីបេក្ខភាពរបស់គណបក្សក្រៅរដ្ឋាភិបាលដ៏ធំមួយនេះ ចេញពីបញ្ជីបោះឆ្នោត បង្ហាញពីភាពលម្អៀងរបស់ គ.ជ.ប ហើយក៏ជាសេចក្តីសម្រេចដែលបំពានទៅនឹងតួនាទី និងភារៈកិច្ចរបស់ខ្លួន ដែលធានាពីឯករាជ្យ និងអព្យាក្រឹត្យដែរ។ មិនតែប៉ុណ្ណោះ គណបក្សនេះ អះអាងដែរថា យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងទោសប្បញ្ញត្តិ គឺមិនមានមាត្រាណាមួយចែងអំពីកំហុស ដែលឈានទៅដល់ការលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយទេ។
បើតាមសេចក្តីសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន មាន១១ឃុំសង្កាត់ ដែលគ.ជ.បបានលុបចេញពីបញ្ជីបេក្ខជន ក្នុងនោះ ៨សង្កាត់នៅរាជធានីភ្នំពេញ រួមមាន សង្កាត់ទួលស្វាយព្រៃ១ សង្កាត់មនោរម្យ សង្កាត់ផ្សារដើមគរ សង្កាត់ព្រែកលៀប សង្កាត់ក្បាលកោះ សង្កាត់អូរឬស្សីទី១ សង្កាត់អូរឬស្សីទី២ និងសង្កាត់ផ្សារដេប៉េ១ ខណៈនៅខេត្តកំពង់ចាម មាន២សង្កាត់ ដូចជាសង្កាត់កំពង់ចាម និងសង្កាត់បឹកកុក និងនៅខេត្តពោធិ៍សាត់មាន១ឃុំ គឺឃុំកណ្តៀង។
ការលុបបញ្ជីបេក្ខជននេះ ត្រូវបានគណបក្សភ្លើងទៀន ហៅថា ជាសេចក្តីសម្រេចដែលធ្វើឡើង ដោយអយុត្តិធម៌ ហើយក៏ជាការបិទផ្លូវសម្រាប់បេក្ខជន ដែលត្រូវឈរឈ្មោះជាមេឃុំចៅសង្កាត់ ឱ្យគណបក្សភ្លើងទៀនដែរ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា អ្វីដែលគ.ជ.ប សម្រេច គឺផ្អែកលើភស្តុតាង និងនីតិវិធីដែលមានជាធរមាន។ លោកបន្តថា នៅថ្ងៃសវនាការ និងប្រកាសសាលក្រម បេក្ខជនដែលស្ថិតនៅក្នុងសំណុំរឿងនីមួយៗ បានទទួលស្គាល់ពីភាពខ្វះខាតរបស់ខ្លួនដែរ។
បើតាមលោក ហង្ស ពុទ្ធា ការចោទប្រកាន់ណាមួយថា ស្ថាប័នជាតិរៀបចំការបោះឆ្នោត មានភាពលម្អៀង ឬបាត់បង់ភាពឯករាជ្យនោះ គឺមិនបានឆ្លុះបញ្ចាំងទៅនឹងអង្គហេតុដែលបានកើតឡើងនោះទេ។
លោកបន្តថា៖ «រាល់ការបង្ហាញរបស់សាក្សីឬក៏សាម៉ីខ្លួនជាបេក្ខជន ដែលត្រូវទទួលការចោទប្រកាន់ដែលថាខ្លួនមិនចេះអក្សរយកឃើញថា មិនចេះអក្សរមែន។ ហើយ គ.ជ.ប ក៏បានប្រើប្រាស់គ្រប់រូបភាពដើម្បីបញ្ជាក់ថាគាត់ពិតជាមិនចេះអក្សរមែន ដោយអញ្ជើញគាត់អានជាអត្ថបទ ជាអក្សរណាស់បាទ»។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស យល់ឃើញថា អ្វីដែលគណបក្សភ្លើងទៀន បង្ហាញកង្វល់នេះ ហាក់ដូចមិនមានទម្ងន់ដែលនាំឱ្យ គ.ជ.ប កែប្រែចិត្តនោះទេ។ តែយ៉ាងណា លោកថា នេះជាសារមួយបង្ហាញថា ការសម្រេចិត្តរបស់ គ.ជ.ប បានធ្វើឱ្យប៉ះពាល់ទៅដល់ភាពរង្គោះរង្គើផ្នែកខ្លះនៃដំណោះស្រាយ ហើយដំណោះស្រាយដែលរកឃើញដោយ គ.ជ.ប នោះទំនងជាមិនបានឆ្លុះបញ្ចាំងពីភាពយុត្តិធម៌ សម្រាប់គណបក្សភ្លើងទៀន។
លោកបន្តថា៖ «អ៊ីចឹងការលើកឡើងរបស់គណបក្សភ្លើងទៀន ជាការបង្ហាញនូវអ្វីដែលគេបានជួបប្រទះ ហើយដែលបានកើតឡើងលើគណបក្សគេ ចំពោះស្ថាប័ន គ.ជ.ប ដែលជាអ្នកសម្របសម្រួល និងជាអ្នកដែលអនុវត្តផ្នែកបច្ចេកទេសហ្នឹង »។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន គណបក្សភ្លើងទៀន បានជំរុញឱ្យ គ.ជ.ប ត្រូវប្រកាន់ខ្លួនដោយឯករាជ្យ ឈរលើគោលការណ៍ និងនីតិវិធីច្បាប់ ស្តីពីការរៀបចំការ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្រៅពីនេះ គណបក្សក្រៅរដ្ឋាភិបាលមួយនេះ បានអំពាវនាវឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត ផ្តល់ឱកាសឱ្យបេក្ខជនទាំង ១១ឃុំសង្កាត់ ដែលត្រូវបានលុបចេញពីបញ្ជីបេក្ខភាព បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ឡើងវិញ។
បើទោះជាបែបណា លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ធ្លាប់បានលើកឡើងថា បេក្ខជនដែលបានលុបចេញពីបញ្ជីបេក្ខជនទាំងនោះ នៅតែមានឱកាសឈរឈ្មោះ ជាមេឃុំចៅសង្កាត់ឡើងវិញនៅអាណត្តិបន្តបន្ទាប់ទៀតបាន ប្រសិនបើពួកគេមានការអភិវឌ្ឍន៍ខ្លួនបានល្អ ពោលគឺត្រូវចេះសរសេរ និងអានអក្សរខ្មែរបានត្រឹមត្រូវ៕












