សមាគមនិងសកម្មជនសង្គមខកចិត្តដែលទូតរុស្ស៊ីមិនទទួលញត្តិស្នើបញ្ឈប់ការឈ្លានពាន​​អ៊ុយក្រែន​

សកម្មភាពក្រុមយុវជនដាក់ញត្តិស្នើបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែននៅស្ថានទូតរុស្ស៊ីនៅប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។ រូបភាព(លោក រី សៅរួន)

សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនបរិស្ថានបង្ហាញការខកចិត្តដែលស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាមិនទទួលយកញត្តិ ដែលទាមទារឱ្យប្រទេសរុស្ស៊ីបញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន ដើម្បីស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និងសន្តិភាពសកលលោក។

សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអ្នកស្រលាញ់យុត្តិធម៌ក្នុងសង្គមនានា នៅព្រឹកថ្ងៃ៥ ខែមេសា ឆ្នាំ២០២២នេះ បាននាំគ្នាយកញត្តិដាក់ទៅស្ថានទូតរុស្ស៊ី(Russia)ប្រចាំនៅកម្ពុជា ដើម្បីស្នើឱ្យប្រទេសមហាអំណាចមួយនេះ បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន(Ukraine)ជាបន្ទាន់។

ថ្លែងមុខស្ថានទូតរុស្ស៊ីនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះ សកម្មជនបរិស្ថាន លោក ថុន រដ្ឋា​ ​ ​បានសម្ដែងការខកចិត្តចំពោះ​ស្ថានទូតរុស្ស៊ី​ដែលមិន​ទទួលញត្តិ​ពួកគាត់ ប៉ុន្តែលោកបង្ហាញការជឿជាក់ថា ប្រព័ន្ធផ្សព្វផ្សាយនឹងនាំសារពួកគាត់ទៅដល់​ប្រធានាធិបតីរុស្សីលោកពូទីន​ ឱ្យបានដឹងថា​ យុវជនខ្មែរក៏មិននៅស្ងៀមដែរ​ ក្នុងការទាមទារឱ្យប្រទេសរស្ស៊ីបញ្ឈប់ការឈ្លានពាន និងវិលមករកការចរចាជាមួយ​ប្រទេសអ៊ុយក្រែនវិញ​។

លោកថា​៖ «ខកចិត្តខ្លាំងដែល​ តាមពិតគាត់ត្រូវតែទទួល ទោះបីជាគាត់មិនចង់ទទួល ឬមិនមើលក៏ដោយ​ គាត់សម្រេចិត្តបែបណា ក៏យើងមិនរំលោភលើការសម្រេចចិត្តរបស់គាត់ដែរ​ ប៉ុន្តែអ្វីដែលសំខាន់យើងចង់ប្រាប់ពីក្ដីកង្វល់របស់យើង​ ថាប្រជាជនខ្មែរមិនចង់បានសង្គ្រាមទេ​​»​។

ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ បានឱ្យដឹងថា ​ស្ថានទូតរុស្ស៊ីមិនបានទទួលញត្តិ​នោះទេ​ ប៉ុន្តែលោកចង់ឃើញ​ប្រទេសរុស្សីបញ្ចប់ការធ្វើសង្រ្គាមទៅលើប្រទេសអ៊ុយក្រែន ពីព្រោះសង្គ្រាមនាំឱ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ បន្សល់ទុកស្រ្តីមេម៉ាយ និងក្មេងកំព្រាជាដើម។​​

លោកថា៖ «ក្នុងនាមយើងជាមនុស្សជាតិដូចគ្នា​ ក្នុងនាមយើងជា​ប្រជាជាតិកម្ពុជា​ ជាប្រទេសដែលយើងធ្លាប់ឆ្លងកាត់សង្គ្រាម​ឆ្អែតឆ្អន់ហើយ​ ដែលជារឿងឈឺចាប់​ ដែលប្រជាជាតិកម្ពុជា​មិនចង់ឃើញ​ប្រទេសណាមួយលើសកលលោក​ស្ថិតក្នុងភ្នក់ភ្លើងនៃសង្គ្រាមដែរ»។

ចំណែក សកម្មជនបរិស្ថានមួយរូបទៀត កញ្ញា ភួន កែវរស្មី ថ្លែងថា        អ្នកដែលស្អប់ខ្ពើមរឿងអយុត្តិធម៌សង្គម​តែងតែមានការឈឺឆ្អាល និងស្អប់ការរឹតត្បិតសេរីភាពដែលផ្ទុយពីច្បាប់ ។ ករណីនេះ កញ្ញា បានលើកទឹកចិត្ត​ស្រ្តី​ និងក្មេងស្រី​​ ព្រមទាំង​ពលរដ្ឋអ៊ុយក្រែនទាំងមូល ត្រូវមានភាពរឹងមាំ ហើយតស៊ូបន្ថែមទៀត ដោយថាពួកគេនឹងទទួលបាន​សន្តិភាពនាពេលឆាប់ៗខាងមុខមិនខាន។

ចំណែកសកម្មជនបរិស្ថាន​ លោក លី ចាន់ដារ៉ាវុធ​ លើកឡើងថា​ ការដាក់ញត្តិនេះដើម្បីបង្ហាញការសាម​គ្គីភាព​ជាមួយ​ប្រទេសអ៊ុយក្រែន​ដែលកំពុងរងការបំផ្លិចបំផ្លាញ ហើយរុស្ស៊ីដាក់ទ័ពទៅ​លើ​ប្រទេសមួយនេះ ​គឺជារឿងមិនត្រឹម​ត្រូវ​ ខុសច្បាប់អន្តរជាតិ។   មិនត្រឹមតែប៉ុណ្ណោះលោកថា អាចបង្កឱ្យមានអស្ថេរភាពនៅលើពិភពលោកផង​ដែរ។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន កាលពីម្សិលមិញលើកឡើងថា ​ទោះបីជាក្រុម​និស្សិតបញ្ញវន្តខ្មែរ សកម្មជនសិទ្ធិមនុស្សយកញត្តិដាក់ជូនទៅស្ថានទូតរុស្ស៊ី ដើម្បីស្នើ​បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនក្តី ប៉ុន្តែលោកថា ទំនងជារុស្ស៊ី មិនធ្វើតាមសំណើររបស់ពួកគេនោះទេ។ លោកបន្តថា កន្លងមកមានប្រទេសមហាអំណាចមួយចំនួនជួយអន្តរាគមន៍ដើម្បីបញ្ចប់សង្គ្រាមប្រទេសទាំង២ ប៉ុន្តែរុស្ស៊ីមិនធ្វើតាមឡើយ។

លោកមានប្រសាសន៍ថា៖ «បើតាមយោបល់ខ្ញុំ គ្មាននរណាគេយកចិត្តទុកដាក់ស្តាប់ជាមួយគាត់ទេ ពីព្រោះបណ្តាប្រទេសលើពិភពលោកគេបង្គាប់ឱ្យរុស្ស៊ី ឱ្យរុស្ស៊ីធ្វើតាមគាត់ គេមិនធ្វើតាមផង ចុះទំរាំគាត់ជាក្រុមនិស្សិតតូចមួយ ហើយនៅក្នុងប្រទេសតូចមួយដូចកម្ពុជា ជាដើម តើរុស្ស៊ីយកចិត្តទុកដាក់ ពិចារណាដែរឬអត់ ដូចអត់មានទេ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យស្ថានទូតរុស្ស៊ី មិនទទួលយកញត្តិរបស់ក្រុមសកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន ដោយសារតែរុស្ស៊ីមិនមានឆន្ទៈក្នុងការដោះស្រាយ ឬបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ ។

លោកមានប្រសាសន៍ថា៖ «ស្ថានទូតរុស្ស៊ីមិនទទួលយកញត្តិរបស់ខាងក្រុមអង្គការសង្គមស៊ីវិល ឬក៏ខាងយុវជនដែលត្រូវដាក់ញត្តិទៅខាងស្ថានទូត វាជាការបង្ហាញនូវឥរិយាបទមួយមិនល្អទេ ហើយខណៈដែលពិភពលោកគេរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន»។

លោកបន្ថែមថា៖ «ហើយនៅពេលនេះស្ថានទូតរុស្ស៊ីក៏បានបង្ហាញនូវឥរិយាបទ[មិនទទួលយកញត្តិពីក្រុមយុវជន]បែបនេះទៅទៀត វារិតតែធ្វើឱ្យសាធារណជន ប្រជាពលរដ្ឋ ឬក៏សហគមន៍អន្តរជាតិកាន់តែដឹងច្បាស់ហើយថា ទូតរុស្ស៊ីគ្មានចេតនាណាមួយក្នុងការធ្វើឱ្យស្ថានភាពល្អប្រសើររវាងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននោះទេ»។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំ​របស់​​ខ្លួ​ន​មក​លើអ៊ុយក្រែន​ កាលពីដើមខែកុម្ភៈ ពោល​គឺ​បន្ទាប់​​ពី​​ការ​ប្រកាស​សង្រ្គាម​មួយដោយ​ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀ ពូទីន ដែលបានធ្វើឱ្យបណ្តាប្រទេសមួយចំនួន រួមនឹងសហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ