ប្រមុខរដ្ឋាភិបាល​ជំរុញឱ្យមានការជួយគាំទ្រនិង​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក

ប្រមុខរដ្ឋាភិបាល ជំរុញឱ្យមានការជួយគាំទ្រ និងជួយលើកកម្ពស់ផលិតផលក្នុងស្រុក ស្របពេល​ផលិត​ផល​កសិកម្ម​មួយ​ចំនួ​ន​របស់​កសិករ ត្រូវបានទុកចោលដោយសារអត់ទីផ្សារលក់។

ក្នុងសារលិខិតមួយចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញ​ទៅ​ក្រសួងពាណិជ្ជ​កម្ម និងក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ពីផលិត​​ផល​ខ្មែរ និងផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែសង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិ​ភាព​ផលិត​ផល ការ​កែ​ច្នៃ និង​ការ​វេចខ្ចប់​ជា​ដើម​ ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។

សារលិខិតដដែលនេះ ក៏ណែនាំ​ទៅគណៈកម្មាធិការជាតិ​ជំរុញ​ចលនាភូមិមួយផលិតផលមួយ​​រាជធានី-ខេត្ត ក្រសួងពាណិជ្ជកម្ម និងស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការជាមួយ​វិស័យ​ឯកជន​រៀបចំ​ទីផ្សារ​អន​ទ្បាញ ជួយ​ផលិត​ផល​ខ្មែរក្នុងការទិញ លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុងប្រទេស និងក្រៅប្រទេស តាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសផងដែរ។

មួយទៀតនោះ ត្រូវរៀបចំចងក្រងផលិតផលក្នុ​ងស្រុ​ក​ដែល​មាន​សក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយ​​បញ្ចូល​ជាផលិតផលភូ​មិ​មួយ​ផលិតផល​មួយ ដើម្បី​តាម​ដាន និង​វាយតម្លៃវឌ្ឍនភាព នៃការងារជួយដល់ផលិតផលក្នុងស្រុកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទាំងនោះ និងកៀរគរការវិនិយោគ​នានា​លើផលិត​ផល​ក្នុង​ស្រុក ស្របតាមគោលនយោបាយជាតិស្តីពី ការជំរុញចលនាភូមិមួយផលិត ផលមួយ សម្រាប់ឆ្នាំ២០១៦ដល់២០២៦។

តាមរយៈសាលិខិតនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជំរុញដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរតាមការជួយទិញផងដែរ។

កសិករនៅស្រុកកោះធំ ខេត្តកណ្តាល លោក ពោ សុខ សាទរចំពោះយន្តការរបស់​ប្រមុខរដ្ឋាភិបាលនេះ ប៉ុន្តែ​លោក​ហាក់​មិនមានជំនឿថា យន្តការនេះអាចជួយកសិករបាននោះទេ ខណៈបច្ចុប្បន្ន​កសិករ​កំពុង​ជួបទុក្ខ​លំបាក​ ដោយសារគ្មានទីផ្សារលក់ផលិតកសិកម្មរបស់ពួក​គាត់។

កសិកររូបនេះ ឱ្យដឹងទៀត​ថា ស្វាយរបស់លោកប្រហែល​ជាង​ ១០តោន កំពុងទុកឱ្យទុំធ្លាក់​​ចោល​ពេញ​​ចំការ ដោយសារតែគ្មានទីផ្សារសម្រាប់លក់។ លោកថា តម្លៃស្វាយកែវល្មៀត ១គីឡូ ត្រឹមតែ១៥០រៀលប៉ុណ្ណោះ ខណៈ​ថ្មាំ និងជីបានឡើងថ្លៃទ្វេដង។

លោក ពោ សុខ បន្តថា មិនមែនតែ​ផ្លែស្វាយនោះដែលគ្មានទីផ្សារសម្រាប់លក់ សូម្បីតែស្រូវ និងផ្លែចេក​ក៏ចុះ​ថោក​គ្មានទីផ្សារ​សម្រាប់លក់ផងដែរ នាពេលបច្ចុប្បន្ននេះ។

លោកបន្ថែមថា៖ «ធ្វើស្រូវក៏វាអត់ចំណេញ វាអត់ទីផ្សារ។ កាប់ស្វាយ ដាំចេក ឥលូវអាចេកហ្នឹងវាក៏ធ្លាក់ថ្លៃដែរ។ បើនិយាយឱ្យចំទៅរឿងកសិកម្មនៅស្រុកខ្ញុំ​ពូកែណាស់រឿងធ្វើហ្នឹង ប៉ុន្តែងាប់រឿងធ្វើបានហើយអត់ទីផ្សារ​ហ្នឹង​ហ្មង។ ឥលូវកសិករជួបការលំបាកខ្លាំងណាស់ អ្នកដែលខ្វះខាតខ្លះសឹងរកអ្វីសង​គេមិនបាន ខ្លះលក់​ដី​លក់ធ្លីសងគេមិនគ្រប់ ដោយសាររឿងដាំដំណាំហ្នឹង»

កសិករ​ដាំបន្លែនៅស្រុកស្អាង លោក តៃ សុង ឱ្យដឹងថា បច្ចុប្បន្ន​លោក​កំពុង​ដាំ​បន្លែខាត់ណា​ និង​ស្លឹក​ខ្ទឹមសរុបប្រហែលជា៣០០តោន។ លោកថា ដំណាំ២មុខនេះ មិនសូវជាជួបបញ្ហាទីផ្សារនោះទេ ខណៈ​​កសិករ​ភាគច្រើន​មិនសូវដាំ​ដំណាំ​២ប្រភេទនេះទេ​ ដោយ​សារ​ពិបាក​ដាំ និង​​ត្រូវចំណាយដើមទុនច្រើន។

យ៉ាងណា លោកថា សម្រាប់ដំណាំផ្សេងៗ ដូចជា សាឡាត និងបន្លែផ្សេងទៀត គឺជួបបញ្ហាទីផ្សារស្ទើរតែរាល់​ឆ្នាំ។ កន្លងមក លោក តៃ សុង ក៏​ធ្លាប់បាន​ឈូស​ដំណាំសា​ឡាត​ចោល​រាប់​រយ​តោន​ ដោយសារបញ្ហាគ្មានទីផ្សារសម្រាប់លក់នេះដែរ។

លោកបន្ថែមថា៖ «ប្រសិនជាដំណាំណាដែលដាំទៅបានផលច្រើន ចាល់នៅតែថោក​ដដែល ​ដោយគ្មានខាងណាមកជួយនាំយកទៅលក់ផង គឺនៅតែឈូសឆាយចោលភ្ជួរចោលដដែល។ គ្មាន​ខាង​ក្រសួង​ឬ​មន្ទីរកសិកម្ម​ណាជួយ​រកទីផ្សារ​ឱ្យផង។ តាមពិតឥលូវ​ហ្នឹង សាឡាត​នៅ​តែ​ថោក​អត់​ទីផ្សារ​ដូច​រាល់​ឆ្នាំដ​ដែលហ្នឹង ប៉ុន្តែកសិករគាត់អត់ហ៊ានផុស អត់ហ៊ានដូចខ្ញុំដោយសារគាត់ខ្លាច»

ប្រធានសមាគមសម្ព័ន្ធសហគមន៍​កសិករកម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ជា​រឿងត្រឹមត្រូវមួយដែលប្រមុខរដ្ឋាភិបាល អំពាវនាវ​ឬជំរុញឱ្យមានការគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកនេះ ប៉ុន្តែលោក​សង្កេតឃើញកន្លងមក ផលិត​​ផលមួយ​ចំនួន​ក្នុងស្រុកតែងតែជួបបញ្ហាទីផ្សារ ជាពិសេស​នៅរដូវប្រមូលផលដំណាំផ្សេងៗរបស់ប្រជាកសិករ។

មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ដើម្បីជំរុញឱ្យតម្លៃផលិតផលក្នុងស្រុកមានទីផ្សារល្អប្រសើរ ឬមានការពេញ​និយម​ការ​ប្រើប្រាស់​​ក្នុង​ស្រុកនោះ រដ្ឋាភិបាលត្រូវមានយន្តការច្បាស់​លាស់​ដោយ​ឱ្យក្រសួង​ពាក់​ព័ន្ធរៀប​ចំ​យុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហានេះ តាមរយៈ​ការជជែក និងប្រមូលក្តី​កង្វល់​​​ពី​សំណាក់​អ្នក​ផលិត ឬកសិករ​ យកមកដោះស្រាយរួមគ្នា។

លោកបន្ថែមថា៖ «មួយទៀត ត្រូវរៀបចំធនធានមនុស្សសម្រាប់ការឆ្លើយតប និងដោះស្រាយបញ្ហាទាំងនេះ​ ឱ្យទាន់ពេលវេលាជូនពលរដ្ឋ ហើយត្រូវផ្តល់បរិយាកាស ឬប្រមូលឱ្យមានការចូលរួមពីគ្រប់វិស័យ​ទាំងសង្គម​ស៊ីវិល វិស័យឯកជន និងអ្នកមានបញ្ហាផ្សេងៗ ក្នុងការពិភាក្សារកដំណោះស្រាយ។ ហើយមួយទៀតនោះធ្វើយ៉ាងជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីផលិតផលក្នុងស្រុកទាំងអស់ហ្នឹង ជាពិសេស​ការផ្ញើរសារ​តាម​រូបភាពផ្សេៗ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ