ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានស្រង់ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី លោក Luigi Di Maio ដែលបានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកបានបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ៣០នាក់ ចេញពីប្រទេសដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សកម្មភាពនេះ ត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលនៃបណ្ដាប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀត បានចាត់វិធានការស្រដៀងគ្នានេះ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ខណៈដែលប្រទេសអ៊ីតាលី ក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅក្រសួងការបរទេស ដើម្បីជូនដំណឹងពីការបណ្ដេញចេញអ្នកការទូតទាំងនេះផងដែរ។
លោក Luigi Di Maio បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិធានការនេះមានការព្រមព្រៀងជាមួយនឹងដៃគូក្នុងតំបន់អឺរ៉ុប និងអាត្លង់ទិកផ្សេងទៀត ខណៈដែលវាក៏មានសារៈសំខាន់ទាក់ទងនឹងបញ្ហាសន្តិសុខជាតិរបស់យើង និងក្នុងបរិបទនៃវិបត្តិបច្ចុប្បន្ន ដែលបណ្តាលមកពីការឈ្លានពានលើអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី»។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ក៏បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ដែលបានថ្លែងថា រុស្ស៊ីនឹងចាត់វិធានការឆ្លើយតបដ៏សមស្របមួយទាក់ទិននឹងករណីនេះ។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំង ខណៈរុស្ស៊ីបន្តព្យាយាមដាក់សម្ពាធមកលើអ៊ុយក្រែន តាមរយៈការចលនាទ័ពរបស់ខ្លួនចូលមកឈ្លានពានតំបន់ជាច្រើននៃប្រទេសក្បែរខាងមួយនេះ៕