ក្រសួងអប់រំ​ថ្កោលទោសជន​ដែលប្រើសញ្ញាបត្រក្លែងក្លាយប្រឡងចូលរៀនសាលាពេទ្យ ​

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថ្កោលទោសជនដែលក្លែងបន្លំ​សញ្ញាបត្រមធ្សមសិក្សាទុតិយភូមិឬ បាក់ឌុប ​​ ដើម្បីយកទៅប្រឡងចូលរៀនសាលាពេទ្យ​ និងជំរុញទៅសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះអ្នកពាក់ព័ន្ធក្នុងរឿងនេះ​។ ​

ការលើកឡើងនេះ ក្រោយរដ្ឋលេខាធិការនៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បានចេញលិខិតមួយកាលពីចុងខែមុន ដោយរកឃើញថា ​មានបេក្ខជនចំនួន ៤៣នាក់ បានប្រឡងពេទ្យជាប់តាំងពីឆ្នាំ២០១៩​ ប៉ុន្តែ​ក្រសួងសម្រេចលុបឈ្មោះរបស់ពួកគេវិញ ក្រោយរកឃើញថាពួកគេប្រើប្រាស់សញ្ញាបត្របាក់ឌុបក្លែងក្លាយដើម្បីចូលប្រឡងសាលាពេទ្យពេលនោះ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់វីអូឌី​តាមសារអេសអឹមអេស(SMS) ​នៅថ្ងៃអង្គារនេះថា ក្រសួងកំពុងពិនិត្យមើលករណីនេះ ហើយក្រសួងថ្កោលទោសរាល់បទល្មើសក្លែងបន្លំឯកសារសាធារណៈ។

លោក រស់ សុវាចា បន្តថា៖ « ​ក្រសួងកំពុងតែពិនិត្យលើករណីនេះ ហើយអំពាវនាវដល់ភាគីមានសមត្ថកិច្ចពាក់ព័ន្ធឱ្យចាត់ការបុគ្គលពាក់ព័ន្ធទាំងនោះតាមផ្លូវច្បាប់»។

តាមលិខិតរបស់​ប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ និងជារដ្ឋលេខាធិការនៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​លោក ហ៊ីង ថូរ៉ាក់ស៊ី ​ កាលពីថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា ក្នុងចំណោមបេក្ខជនទាំង៤៣នាក់ មានម្នាក់ប្រឡងជាប់ចូលរៀនថ្នាក់វេជ្ជបណ្ឌិត ហើយ២៨នាក់ ប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកគិលានុបដ្ឋាក។

ដោយឡែក ៧នាក់ ប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ហើយ ៤នាក់ ប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកទន្តគិលានុបដ្ឋាក និង៣នាក់ទៀត ប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកឆ្មប។

ក្នុងលិខិតដដែលបញ្ជាក់ថា និស្សិតដែលត្រូវបានលុបឈ្មោះទាំងនោះ មានសិទ្ធិតវ៉ាក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលលោកចេញលិខិតស្តីពីការលុបឈ្មោះនេះ។  

យ៉ាងណា​ ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី  បានលើកថាប្រសិនបើករណីក្លែងបន្លំសញ្ញាបត្រដើម្បីចូលទៅប្រឡងពេទ្យនេះ មិនត្រូវ​បានចាត់វិធានការទេ នោះពួកគេនឹងបានរៀនទៅតាមវិជ្ជាជីវៈដោយជោគជ័យ ប៉ុន្តែប្រជាពលរដ្ឋអាចនឹងជួបហានិភ័យនៅពេលក្រោយ។

អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា៖ «អ្នកខ្លះរៀនចប់គាត់ទៅព្យាបាលប្រជាពលរដ្ឋហើយជួបគ្រោះថ្នាក់ដោយសារការវះកាត់ ដូចយើងឃើញក្នុងបណ្តាញសង្គមចឹង ខ្លះវះកាត់ហើយមានកន្សែងពោះគោក្នុងពោះ។ នេះហើយដែលយកតែសញ្ញាបត្រទៅបម្រើការ»។

អ្នកស្រីបន្តថា នេះមិនមែនជាលើកទីមួយទេ ដែលមានករណីក្លែងបន្លំសញ្ញាបត្របែបនេះ ពោលគឺមានយូរណាស់មកហើយ គ្រាន់តែពីមុនគេបិទបាំងព័ត៌មាន ដូច្នេះ មហាជនមិនបានដឹងអំពីរឿងនេះ។

លោកស្រីបានបន្ថែមថា៖ «បើសិននៅតែមានបែបនេះតទៅទៀត មានន័យថាការអប់រំនៅប្រទេសកម្ពុជាយើងធ្លាក់ដល់ចំណុចសូន្យវិញហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ