រុស្ស៊ី​គំរាមផាក​ពិន័យគេហទំព័រ​វិគីភីឌាទាក់ទងនឹងការបង្ហោះ​ព័ត៌មាន​មិន​ពិត

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ហ្វេសប៊ុក៖ Vladimir Putin)

និយតករទំនាក់ទំនងរបស់ប្រទេសរុស្ស៊ី ដែលហៅកាត់ថា Roskomnadzor បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនមានបំណងចង់ឱ្យគេហទំព័រ​វិគីភីឌា (Wikipedia) លុបចេញនូវព័ត៌មានមិនត្រឹម​ត្រូវ​ទាំងឡាយដែល​ទាក់ទងនឹងស្ថានភាពនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជាមួយគ្នានេះ និយតករដដែល ក៏បានចោទប្រកាន់គេហទំព័រនោះ​ ទាក់ទងនឹងការបង្ហោះព័ត៌មានមិនពិតពី​អ្វីដែលរុស្ស៊ីចាត់ទុកថា ជាប្រតិបត្តិការយោធាពិសេស និងសកម្មភាពយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនផងដែរ។

យោងទៅតាមច្បាប់របស់ប្រទេសរុស្ស៊ី រាល់ម្ចាស់ប្រភពលើប្រព័ន្ធអ៊ីនធឺណិត ឬគេហទំព័រណាមួយដែល​មិន​លុប​ព័ត៌មានខុសច្បាប់ បន្ទាប់ពីមានការស្នើសុំដោយ Roskomnadzor អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៤លានរូប (Ruble)។

រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅឈ្លាន​ពាន​អ៊ុយក្រែន​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រកាលពីថ្ងៃទី២៤ ខែកុម្ភៈដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ​។

ទាក់ទិននឹងករណីនេះ រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួនគឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានប្រទេស​លោកខាងលិច​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ