ពលរដ្ឋ​​មួយ​​ចំនួន​​នៅ​​ភ្នំពេញ​​ពិបាក​​បែង​ចែក​​ព័ត៌មាន​​ពិត​​និង​​ក្លែងក្លាយ​​ក្នុង​​អំឡុង​​ពេល​​ជំងឺ​​កូវីដ-១៩

ស្ត្រីជាពលរដ្ឋរស់នៅខណ្ឌមានជ័យ មកចុះឈ្មោះបំពេញលិខិតបែបបទទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅច្រកចូលទីតាំងចាក់វ៉ាក់សាំងដែលស្ថិតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

ពលរដ្ឋ និង​សិស្ស​និស្សិត​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ក្តីព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ផលប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល ទាក់ទង​នឹង​ព័ត៌មាន​មិន​ពិត​ស្តីពី​ជំងឺកូវីដ-១៩ នៅ​កម្ពុជា។

គ្រូបង្រៀន​ភាសាអង់គ្លេសនៅសាលាឯកជនមួយនៅរាជធានីភ្នំពេញ កញ្ញា ថាន់ថាញ់ញ៉ា រត្ន័ យល់ឃើញថា ព័ត៌មានក្លែងក្លាយទាក់ទងទៅនឹងជំងឺកូវីដ-១៩ មានច្រើននៅលើបណ្ដាញសង្គម។ ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុក (Facebook) មួយចំនួនបានបង្ហោះសារអំពីការលក់ថ្នាំបំបាត់ជំងឺកូវីដ-១៩ ជាដើម។

កញ្ញាបញ្ជាក់ថា៖ «ចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ-១៩ នឹងនាំឲ្យប្រជាជនទូទៅមានការភ័ន្តច្រឡំ នឹងត្រូវបានជនមិនស្គាល់មុខ​មួយចំនួនបោកប្រាស់ក្នុងការទិញលក់ថ្នាំដើម្បីព្យាបាលជំងឺកូវីដ-១៩។ ការបំភ្លៃព័ត៌មានមិនពិតនេះ ក៏នាំឲ្យពលរដ្ឋបាត់បង់ទំនុកចិត្តទៅលើក្រសួងសុខាភិបាល ព្រោះពួកគេគិតថា ក្រសួងមិនអាចជួយសម្រាលភាពភ័យខ្លាចរបស់ពួកគេបាន»

ប្រភពដដែលបន្តទៀតថា ដូច្នេះហើយដើម្បីទប់ស្កាត់នូវការទទួលព័ត៌មានក្លែងក្លាយទាំងអស់នេះ ប្រជាជនទូទៅត្រូវស្វែងរកព័ត៌មានពីបណ្ដាស្ថាប័ន និងក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន ឬទទួលព័ត៌មានពីវេជ្ជបណ្ឌិតដែលមានក្របខណ្ឌច្បាស់លាស់។

កញ្ញាបានបន្ថែមទៀតថា៖ «គ្រប់គ្នាទាំងអស់ត្រូវជូនដំណឹងទៅឲ្យក្រសួងនិងរាជរដ្ឋាភិបាលចាត់វិធានការលើម្ចាស់គណនី (account) ដែលផ្សព្វផ្សាយ​ព័ត៌មាន​មិនពិតទាក់ទងជាមួយកូវីដ-១៩។ បន្ថែមពីនោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅត្រូវរួមសហការគ្នាដើម្បីទទួលបាននូវការអប់រំចំណេះដឹង និងការការពារពីជំងឺកូវីដ-១៩ ឱ្យបានច្បាស់លាស់»

ចំណែកព្រះតេជគុណ យិន ឧត្តម សមណនិស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាឆ្នាំទី៣ ផ្នែកទំនាក់ទំនងធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយ យល់ឃើញថា ព័ត៌មានក្លែងក្លាយ ក៏ជាហេតុចម្បងធ្វើឱ្យសង្គមមួយមានភាពចលាចល ពលរដ្ឋនីមួយៗមានការភ័យខ្លាច តក់ស្លុត ក្នុងការរស់នៅ និងទំនាក់ទំនងរវាងគ្នានឹងគ្នា​ផងដែរ។ ព្រះអង្គជំរុញឱ្យពលរដ្ឋ និងក្រសួងស្ថាប័ននានាចូលរួមទប់ស្កាត់ទាំងអស់គ្នា។

ព្រះអង្គមានសង្ឃដីកាថា៖ «ក្នុងនាមយើងជាប្រជាពលរដ្ឋនីមួយៗ ត្រូវដឹងច្បាស់អំពីប្រភពព័ត៌មាន អំពីទន្នន័យជាក់លាក់ ដែលចេញពីក្រសួងសុខាភិបាល ពីនាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធផ្សេងទៀត»

ដោយឡែកពលរដ្ឋម្នាក់ទៀត លោក ឈីម វណ្ណៈ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល​ បានផ្តល់បទសម្ភាសន៍ឱ្យវីអូឌី (VOD)ថា ព័ត៌មានក្លែងក្លាយមានការផ្សព្វផ្សាយលឿន និងឆាប់ទទួលចំណាប់អារម្មណ៍ពីមហាជន ដោយសារអ្នកចែករំលែក (Share) មិនបានត្រួតពិនិត្យកាល​បរិច្ឆេទច្បាស់លាស់ និងប្រភពត្រឹមត្រូវ ហើយផ្សារភ្ជាប់នឹងពលរដ្ឋមិនមានចំណោះដឹងអំពីការប្រើបាស់បច្ចេកវិទ្យាផង ជាហេតុបង្កឱ្យមានបញ្ហាក្នុងសង្គម។

លោកបញ្ជាក់ថា៖ «ពេលមនុស្សឃើញ (ព័ត៌មាន) ភ្លាមមិនបានពិនិត្យកាលបរិច្ឆេទណាមួយត្រឹមត្រូវអីចឹងទៅ!។ ចេះតែ(Share) ពីមួយទៅមួយ ធ្វើឱ្យបុគ្គល​ម្នាក់ទៀត មិនបានពិនិត្យដែរ ក៏យកព័ត៌មានហ្នឹង ធ្វើដូចជាព័ត៌មានការពិតអីចឹង ក៏ (Share) តទៀត ជាហេតុធ្វើឱ្យពលរដ្ឋមានការភិតភ័យ»

លោកបន្តថា លោកក៏ធ្លាប់ទទួលការភិតភ័យដោយឃើញព័ត៌មានក្លែងក្លាយនេះផងដែរ ដូច្នេះលោកជំរុញឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងពិនិត្យ​ឱ្យច្បាល់លាស់មុននឹងចែករំលែក(Share) ឬជឿទៅលើព័ត៌មានណាមួយ។

លោកបន្ថែមថា៖ «កាលណាយើងទប់ស្កាត់បានខ្លួនឯងមួយ វាអាចទប់ស្កាត់ទៅលើអ្នកដទៃមួយទៀតបាន»

យោងតាមក្រសួងព័ត៌មានបានពន្យល់ថា ព័ត៌មានក្លែងក្លាយ ឬ ភាសាអង់គ្លេសថា (Fake News) គឺជាព័ត៌មានដែលមិនមានភាពត្រឹមត្រូវ ឬខ្វះប្រភព​ច្បាស់លាស់ ដោយសារអ្នកសរសេរមានគោលបំណងបំភ័ន្តមតិសាធារណៈ។

ដោយឡែកកាលពីថ្មីៗនេះ មានដំណឹងចចាមអារ៉ាម ក្នុងបណ្ដាញទំនាក់ទំនងសង្គម ថាការចាក់វ៉ាក់សាំងច្រើនដូសអាចនាំឱ្យកើតជំងឺមហារីក។​ ជាហេតុធ្វើឱ្យ​អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន កាលពីថ្ងៃទី២៣ ខែមីនា ​ចេញមុខបដិសេធនូវដំណឹងចចាមអារ៉ាមនេះ។

លោកស្រីថា៖ «ក្រសួងបានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាំឱ្យកើតជំងឺមហារីក»

អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានទទួលស្គាល់ថា ពលរដ្ឋ គឺជាកត្តាសំខាន់ដែលរួមចំណែកក្នុងការទប់ស្កាត់ការរីកសាយភាយ​ព័ត៌មាន​ក្លែងក្លាយក្នុងកំឡុងពេលសង្គមកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកបន្តថា ពលរដ្ឋគ្រប់រូបជាពិសេស អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវពង្រឹង​ចំណេះដឹងផ្នែកឌីជីថលឲ្យខ្លាំង នោះទើបអាចរួមគ្នាបន្សាបឥទ្ធិពលព័ត៌មានប្រឌិតបាន។

លោកថា៖ «ចឹងហើយបើយើងយល់ដឹងស៊ីជម្រៅពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គមនេះ វាក៏ជាផ្នែកនៅក្នុងការចូលរួមកាត់បន្ថយ ឬលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ ឬព័ត៌មានប្រឌិតនៅក្នុងស្គមរបស់យើង»

លោកសង្កត់ធ្ងន់ថា ភាគច្រើនអ្នកប្រើប្រាស់បណ្ដាញសង្គម គឺជាយុវជន ដូច្នេះអ្នកដែលរងគ្រោះក៏អាចជាយុវជនដែរ។ ដូច្នេះពលរដ្ឋគ្រប់រូបជាពិសេស​យុវជន​ត្រូវប្រើប្រាស់ដោយទំនួលខុសត្រូវខ្ពស់ ពិនិត្យពិចារណា មើលប្រភពព័ត៌មាន ស្ថាប័នព័ត៌មានឲ្យច្បាស់លាស់ ជៀសវាងក្លាយជាភ្នាក់ងារ​បំពុល​សង្គម​ដោយ​ពុំដឹង​​ខ្លួន៕

អត្ថបទដោយ ម៉ា វិឆាយ និង ពក ពន្លឺ៖

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។