ពលរដ្ឋ​មួយ​ចំនួន​ថា មុន​ចាក់​វ៉ាក់សាំង​ធ្លាប់​ជឿ​ថា​ ការ​សេព​គ្រឿង​ស្រវឹង​អាច​ការ​ពារ​ជំងឺ​កូវីដ-១៩​បាន

ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់​​នៅ​​ឃុំ​បឹងខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ ​(រូបថត​ នៅ​ការ៉ាស់​សាំង​មួយ​នៅ​ផ្លូវ​ជាតិ​លេខ​២ នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២)

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅតែ​យល់​ឃើញ​ថា ការ​សេព​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​បង្កើត​ភាព​ស្និតស្នាល​ឬ​ក៍បង្កើត​មិត្តភាព​រវាង​គ្នា​និង​គ្នា​នោះ​ទេ តែវា​អាច​ការពារ​ជំងឺកូវីដ-១៩ បាន​ទៀត​ផងដោយ​សារ​តែ​វា​មាន​ជាតិ​អាល់កុល ដែល​អាច​កម្ចាត់​មេរោគ​ក្នុង​ខ្លូន​មនុស្ស​បាន។

កម្មកររោងចក្រម្នាក់រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ​ខេត្តកណ្ដាល លោក ឆេង សុខ អាយុ៣៩ឆ្នាំ បានផ្ដល់បទសម្ភាសន៍ដល់វីអូឌីថា កន្លងមកលោកធ្លាប់លឺថា វាអាចការពារបានខ្លះដែរ បើទោះបីវាមិនអាចការពារបានច្រើន។ តែក្រោយមក លោកបានសម្រេចចិត្តទៅចាក់វ៉ាក់សាំងវិញ។

លោកបន្ដថា៖ «ដំបូងខ្ញុំក៏គិតចឹងដែរ តែក្រោយមកក៏ខ្ញុំសម្រេចថា ទៅចាក់វ៉ាក់សាំងវិញ វាអាចការពារបានច្រើនជាងការផឹកស្រា និងអនុវត្តន៍៣កុំ៣ការពារ»

ប្រជាពលរដ្ឋម្នាក់ទៀតលោក  យ៉ែម  យ៉ា អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃតាថុក ឃុំព្រែកស្លែង បានថ្លែងថា លោកអាចស្រម៉ៃថា បើយើងដាំទឹកក្ដៅរួចយកទៅ​ចាក់​ក្នុងរុនដែលមានសត្វ គឺសត្វអាចចេញបានមកក្រៅដោយសារតែវាក្ដៅ។

តែលោកយល់ថា រឿងផឹកស្រាដែលមានជាតិអាល់កុលដើម្បីការពារមេរោគកូវីដ-១៩ ដូចជា មិនអាចទៅរួចនោះទេ។

លោកបន្ដថា៖ «​ខ្ញុំមិនហ៊ាននិយាយថា វាយ៉ាងមិចទេ ព្រោះអីយើងមិនមែនអ្នកជំនាញទេ មានតែការអនុត្តន៍តាមការណែនាំរបស់ក្រសួងទេ ទើបប្រាកដថា វាមិនអី»

ចំណែកលោក នៅ​​ ណូត អាយុ៣៧ ជាម្ចាស់ការ៉ាស់សាំងម្នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ បានថ្លែងថា មានតែអនុវត្តវិធានសុខាភិបាល៣កុំ​៣ការពារ និងការចាក់វ៉ាក់សាំងប៉ុណ្ណោះ ទើបអាចការពារបាន ជាពិសេសត្រូវលាងដៃឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ កុំនៅកន្លែងគ្មានខ្យល់ ត្រូវរក្សាគម្លាត​ជាដើម។

ឆ្លើយតបទៅនិងការលើកឡើងប្រជាពលរដ្ឋខាងលើនេះ លោក វេជ្ជបណ្ឌិត គាម  ពិសិដ្ឋ មន្ត្រីមន្ទីរសុខាភិបាលខេត្តកណ្ដាលបានផ្ដល់បទសម្ភាសន៍​ដល់វីអូឌី​តាមទូរសព្ទថា ​ការលើកឡើងរបស់ប្រជាពលរដ្ឋថា ការសេពគ្រឿងស្រវឹងអាចការពារជំងឺកូវីដ-១៩បានខ្លះនោះ  វាជារឿងមិនត្រឹមត្រូវទាល់តែសោះ។

លោកបានរៀបរាប់បន្ដថា៖ «សូម្បីតែការលាងដៃនិងអាល់កុលក៏ដោយ ក៏វាមិនអាចការពារបានច្រើនដែរ គ្រាន់តែថា វាគ្រាន់បើជាងអត់ ហើយអាល់កុល​ដែលអាចយកមកប្រើបាន គឺអាល់កុលដែលមានកម្រិត៧៥ដឺក្រេទៀត ទើបអាចសម្លាប់មេរោគបានខ្លះ»

លោកវេជ្ជបណ្ឌិតបានណែនាំបន្ថែមថា៖ «ការលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ចាប់ពីចន្លោះ៣០វិនាទី ទៅ ៤៥វិនាទី គឺដុសគ្រប់ចន្លោះម្រាមដៃ ក្រចកដៃទើបមេរោគអាចងាប់បាន បើមិនទាន់លាងដៃឲ្យបានស្អាតទេ កុំយកដៃទៅប៉ះច្រមុះអី វាអាចឆ្លងលឿនបាន»។​

ទោះជាបែបនេះក្តី លោកវេជ្ជបណ្ឌិត បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋអនុវត្តន៍​វិធានសុខាភិបាល ៣កុំ និង៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវរក្សាគម្លាតពីគ្នា​ឬក៏នៅកន្លែងគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ឱ្យសោះ។

គិតត្រឹមព្រឹកថ្ងៃ​អង្គារ​​​​ ទី៥ ខែមេសានេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១៣៥ ៨១២​នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១៣២ ៣២៨នាក់ និងអ្នកស្លាប់មានចំនួន​ ៣ ០៥៥នាក់។​ ចំណែក ករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់ ១៤ ០១៨នាក់៕​

អត្ថបទដោយលោក ឃាង សុខមាន ពលរដ្ឋសារព័ត៌មានប្រចាំខេត្តកណ្តាល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។