ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្សជាង២០នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ «អូមីក្រុង» ខណៈមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ កាលពីថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញមានចំនួន២២នាក់នេះ សុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ និងជាអ្នកឆ្លងក្នុងសហគមន៍។ ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន១២១នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៥ ៨៣៤នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣២ ៤៤៩នាក់ និងអ្នកស្លាប់មានចំនួន៣ ០៥៥នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថាគិតមកដល់ពេលនេះបានកើនដល់១៤ ០៤០នាក់៕