វិភាគ៖ អ្វី​ជា​ឧបសគ្គ​ចម្បង​រារាំង​ប្រព័ន្ធ​រដ្ឋបាល​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ?

អ្នកភូមិ​ម្នាក់​ជិះកង់​នៅមុខ​សាលាឃុំ​គោកចក ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (សុខ ណា​ក់​)

វិធាន​ការប្រឆាំង​អំពើពុករលួយ និង​ការ​រំលោភ​អំណាច រួម​ទាំង​ការ​លើក​កម្ពស់​គុណ​ភាព​ជីវិត​របស់​ប្រ​ជាពលរដ្ឋ​នៅមូលដ្ឋាន មាន​ចែង​នៅក្នុង​ច្បាប់ ​ស្ដីពី​ការ​​គ្រប់​គ្រង​​រដ្ឋ​បាល​រាជ​ធានី​ ខេត្ត ស្រុ​ក ​ខណ្ឌ ដែ​លច្បាប់នេះត្រូ​វបានប្រ​កាសឱ្យប្រើដោយព្រះរាជក្រម ចាប់ពីឆ្នាំ២០០៨មក។

ពាក់ព័ន្ធបញ្ហា​នេះដែរ​ ប៉ុន្មានថ្ងៃមុន​នេះ រដ្ឋា​ភិបាលបាន​បង្ហាញការតាំង​ចិត្តក្នុងកា​រធ្វើកំ​​ណែ​ទ​ម្រង់​ប្រ​ព័ន្ធ​អ​ភិបា​​លកិ​​ច្ច តប​តាម​កម្ម​វិធីជាតិ​ស​​ម្រាប់​កា​​​​រ​អភិ​វឌ្ឍតា​​​ម​​បែបប្រជាធិបតេយ្យនៅ​ថ្នាក់​ក្រោ​​មជាតិ ​ដើម្បី​ឆ្លើ​យ​តប​​ទៅ​នឹងត​ម្រូវ​ការ​របស់ប្រ​​ជា​ពលរដ្ឋនៅមូលដ្ឋាន ក្រោយពីរកឃើញថា ការអនុវត្តច្បាប់នេះជិត១៤​​​ឆ្នាំ​រួចមក​ បញ្ហា​ប្រឈ​មមួយ​ចំនួ​ននៅ​បន្តកើតឡើង។

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កា​លពីស​ប្ដាហ៍មុន​ បានអនុ​ម័ត​សេច​ក្ដីព្រាងច្បា​ប់​ស្ដីពី​វិ​​សោ​ធន​កម្មមា​​ត្រា១៤០​ នៃច្បាប់ស្ដីពីកា​រគ្រប់គ្រ​ង​រ​ដ្ឋបា​លរាជធា​នី ​ខេត្ត ក្រុង ស្រុក ខណ្ឌ​ ដើម្បី​​បើក​ផ្លូ​វ​ឱ្យ​​បង្កើន​ចំ​​​នួ​នគ​ណៈអ​ភិបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។​

បើ​​​តាម​សេចក្ដីប្រ​កាស​រ​បស់រដ្ឋាភិបាល ​​ចុះថ្ងៃទី១ ខែ​​មេសា​ ​ឆ្នាំ២​០២​២ ​សេចក្ដីព្រាង​ច្បាប់​នោះបា​​ន​ប​ង្កើន​ចំនួ​ន​គណៈអភិបាល​​រាជធានីភ្នំពេញ​ដល់១១រូប​ ខ​ណៈច្បាប់​ចាស់​តម្រូ​វឱ្យមានគណៈអភិបាល​​​ត្រឹម​៧រូបយ៉ា​​​​ងច្រើន​។ ​

គ​​ណៈ​​អភិបា​លខេ​ត្ត​​មាន​ពី​​៧​រូប​ទៅ​១១​រូ​ប ​ខណៈ​ច្បា​​ប់​ចាស់តម្រូ​វឱ្យមានគណៈភិបាល​​​ត្រឹ​​ម៧​រូប​។ ​រីឯគណៈអភិ​បាល​​ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវបានបង្កើនពីចំ​នួន​ពី​៥​រូ​ប​ទៅ​៧​រូ​ប ​ខណៈ​ច្បាប់​ចាស់ត​ម្រូ​វឱ្យ​​មាន​​ពី​៣​រូ​​ប​ទៅ​៥រូ​ប​ប៉ុ​​ណ្ណោះ​។

រដ្ឋាភិ​​បាល​សម្អា​ងថា​ ​កំណែទម្រង់​​នេះ ​ដោយសារ​ខ្លួនរកឃើ​ញថា ជិត១៤ឆ្នាំ បន្ទា​ប់ពី​ច្បាប់​ស្ដីពី​ការគ្រ​ប់​​គ្រង​រដ្ឋបាលរាជ​ធានី​ខេ​ត្ត ស្រុក​ ខ​ណ្ឌ ​ត្រូវ​​បាន​​ប្រកា​ស​ឱ្យ​ប្រើ​កំណែ​ទម្រ​ង់វិមជ្ឈ​​កា​​រ​ និ​ងស​ហវិ​មជ្ឈការ​ នៅ​​​​រ​​​ដ្ឋបាលថ្នា​ក់ក្រោមជា​តិ ​នៅមា​ន​បញ្ហា​​​មួ​យចំ​​នួននៅឡើយ។

បើតាមរដ្ឋាភិបាល បញ្ហាប្រឈម​ទាំងនោះ​មាន​ដូចជា ​ប្រព័​ន្ធអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ធន​ធានមនុស្សរបស់​គណៈអភិបាល រួម​ទាំង​ការរៀបចំ​រចនាសម្ព័ន្ធ ស្រ​បពេ​លមាន​ការរី​កច​ម្រើននៅតំបន់ធំៗ ឬទីប្រជុំជន តំបន់ជនបទ ជាដើម បើទោះ​បី​ជារដ្ឋាភិបាល​អះអាង​ថាមាន​ភាព​ប្រសើរ​លើយន្តកា​​រលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន រួមទាំងការ​​លើក​កម្ព​ស់សិ​ទ្ធិអំ​​ណា​ចនិ​​ង​កា​រ​ចូល​រួមរ​​ប​ស់​​​ប្រជា​ព​លរ​ដ្ឋក្ដី។​

បញ្ហាទាំងនេះ​​បង្កើ​តជាសំណួរថា ​តើអ្វីជាឧបសគ្គ​ចម្បងរារាំ​ងដ​ល់ការអនុវត្តប្រព័ន្ធរដ្ឋបាលតាមបែបប្រជាធិប​តេ​យ្យនៅថ្នាក់ក្រោមជាតិ?

មាត្រា១២ នៃច្បាប់ស្ដីពីការគ្រ​ប់គ្រ​ងរដ្ឋ​បាលរាជធានី ខេត្ត ក្រុ​ង ​ស្រុក​ ខ​ណ្ឌ ​បាន​ចែ​ងថា ​ការអភិវឌ្ឍតា​​ម​បែ​ប​ប្រ​ជា​ធិប​តេយ្យ​ មាន​៨ចំណុច ដែល​​​​ក្នុង​នោះមា​ន​ ​ការ​លើកម្ពស់គុណ​ភាពជីវិតរបស់ប្រ​ជាជននៅ​មូ​លដ្ឋា​ន ​​​គណ​​នេយ្យ​ភា​ព វិ​ធានកា​រប្រឆាំងអំពើពុករលួយ និង​ការរំលោភអំណាច ជាដើម។

នាយកប្រតិបត្តិអង្គ​ការអភិវឌ្ឍន៍ផ្នត់​គំនិត ​លោក​បណ្ឌិត សេក​ សុជាតិ​ មើលឃើ​​ញថា​ ​យុទ្ធសាស្ត្រនៃការបង្កើនចំនួនមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះមានរូបភាពពីរ។ បើតាមលោក សុជាតិ រូបភាពទី១ ការ​ប​ង្កើន​ចំនួន​​មន្ត្រី​ ដើ​ម្បីព​ង្រឹងប្រសិទ្ធភាព​ក្នុ​ងការផ្ដល់សេវាជូនពលរ​ដ្ឋ​​ ស្រប​​ពេលដែល​ចំនួន​​ព​ល​រដ្ឋនៅ​មូលដ្ឋា​នមានការកើនឡើង ដែលករណីនេះ​ជារឿងចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ក៏ប៉ុន្តែ​​ជាជ្រុងនយោបាយវិញ លោកមើលឃើញ​ថា កា​រប​ង្កើន​​ចំ​នួ​ន​​មន្ត្រី​នេះ​អាច​ស្របគ្នា​នឹងគោលន​យោបា​យ​រ​បស់គ​ណប​ក្សកាន់​អំណា​ច ​ដែល​ធ្លាប់លើ​កឡើ​ងថា ​រក្សា​អ្នកចា​ស់ ​បន្ថែម​មនុស្ស​ថ្មី ​ដើម្បីយក​មក​ជួ​យកា​រងារសម្រាប់​អ្នកដែលត្រៀមចូល​និវត្តន៍ ​កុំឱ្យបាត់បង់ប្រយោជន៍​ក្រុម។ ​​​បញ្ហា​នេះ លោក​បារ​ម្ភថា វា​នឹង​​ជំរុញ​ឱ្យ​មានអតិផរណា​ ចំនួនមន្ត្រីរាជការនៅ​ក្នុង​តំណែង​រដ្ឋបា​លថ្នាក់ក្រោមជាតិ ហើយក៏ជាឧបសគ្គចម្បងផងដែរ បើរដ្ឋាភិបាល​ខ្វះប្រព័ន្ធតាមដានការអនុវត្តតួ​នាទីភារកិច្ច និង​សមត្ថភាពមន្ត្រី រួមទាំងវិធានទប់ស្កាត់អំពើពុករលួយ។

លោក សេក សុជាតិ ថ្លែង​ថា៖ «យើង​មា​នមន្ត្រីដែលមា​នសមត្ថ​​ភាពល្អ​ៗជា​ច្រើន​ ក៏ប៉ុន្តែសម​ត្ថ​​ភាពរ​បស់​មន្ត្រី​​ទាំងហ្នឹង​មិនត្រូវបានលើកកម្ពស់ទេ ដោយសារតែវាអាចជាប់ពាក់ព័ន្ធជាមួយនឹងកង្វះគុណភាព និង​ការ​តាមដានវាយតម្លៃធនធានមនុស្សពិតប្រាកដ។ឲ ហើយក៏វាបង្ហាញពីបក្ខពួកនិយមក្នុងការទទួលបានតួនាទី​តំណែងភារកិច្ចធំៗ គេហៅថារំលោភឋានានុក្រមផងដែរ»។

តាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) រដ្ឋាភិបាលមានចក្ខុវិស័យធ្វើឱ្យ​ «ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋាន ដែលផ្ដល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកប​ដោយ​បរិយាប័ន្ន និងសមធម៌​សង្គម […] និងប្រែក្លាយប្រ​ទេ​​សកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ព​ស់នៅឆ្នាំ២០៣០»។

នាយកប្រតិបត្តិអង្គការតម្លាភាពក​​ម្ពុជា លោ​ក ប៉ិ​ច ​ពិសី​ មើលឃើញថា ​ផ្អែកលើបច្ចេកទេសនិង​ការកើនឡើងនៃចំនួនប្រជាពលរដ្ឋនៅមូលដ្ឋាន ទាមទារឱ្យមានការពង្រីកវិសោលភាពរដ្ឋបាលថ្នាក់​ក្រោ​​មជាតិ ហើយ​ពង្រាយ​ធន​ធានមនុស្ស ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ។

ប៉ុន្តែលោកគិតថា បើរដ្ឋាភិបាលប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់​ឱ្យអស់សក្ដានុពល នោះនឹង​អាច​កាត់បន្ថយការចំណាយថ​វិកា​​ជាតិមួយផ្នែកដែរ តាមរយៈការពង្រីកមន្ត្រីនេះ ខណៈ​កម្ពុជាមិនទាន់មាន​ថវិកា​គ្រប់​គ្រាន់ ដើម្បីទ្រទ្រង់ខ្ទង់​ចំណាយជាតិនៅឡើយ។

លោកបន្ថែម​ថា ថវិកាដែលសល់ពីការចំណាយលើការ​ពង្រាយ​មន្ត្រី ឬហៅថា​ចំណាយ​ចរន្ត រដ្ឋាភិបាល​អា​ច​បង្វែ​ថវិកា​នេះទៅ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធជាតិធំៗ ដូចជា ផ្លូវ ស្ពាន ទឹក ភ្លើង រួមទាំង វិស័យ​​អប់រំ និ​ង​វិស័យ​សុខាភិបាល ជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

លោក ពិសី កត់​សម្គាល់​ទៀត​ថា បើគេមើល​ពីមុំនយោបាយវិញ តាម​រយៈ​នៃ​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ យន្ត​ការ​ពង្រីក​ចំនួន​មន្ត្រី​នៅពេល​នេះ ហាក់ឆ្លុះបញ្ចាំងពីវប្បធម៌ «ទុកអ្នក​ចាស់ ហើយបញ្ចូល​អ្ន​​កថ្មី»​ ដែល​ការកែទ​ម្រ​ង់បែបនេះបាន​ផ្ដោតសំខាន់​ទៅលើយន្តការបន្តវេនក្រុមអ្នកនយោបាយច្រើនជាង។

លោកថា៖ «អ៊ីចឹងបើសិនជា​យើង​អត់​អាច​ដក​អ្នក​ចាស់ចេញ​ ហើយប​ញ្ចូល​អ្នក​ថ្មី អ៊ីចឹ​ងវិធីតែ​មួ​យគឺ​ព​​ង្រី​ក​ទំហំ​[​មន្ត្រី]ហ្នឹងឯង។ អ៊ីចឹងបើយើង​មើលទៅលើចំណុចហ្នឹង ជាយុទ្ធសាស្ត្រមួយ គឺទុកអ្នកចាស់ហ្នឹងដើម្បី​បន្ត​ធ្វើកិច្ចការ ហើយបន្តចំណេះដឹងមក​អ្នក​ថ្មី។ ហើយមួយទៀត បញ្ចូលអ្នកថ្មី ដើម្បីឱ្យគាត់ចាប់ផ្ដើមអ​នុ​វត្ត ហើយស៊ាំនឹងការងារសំខាន់ៗទាំងហ្នឹង ដើម្បីបន្តវេនទៅថ្ងៃក្រោយ»។

ប្រធានមជ្ឈមណ្ឌល​​ប្រជាព​លរដ្ឋ ​ដើម្បីកា​រអភិវឌ្ឍ​ និង​ស​ន្តិភាព លោ​ក យង់ គិមអេង មើលឃើញថា គណៈ​អភិបាលរា​ជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហាក់មិនបានដើរតួនាទីសំខាន់ក្នុងការជួយធ្វើឱ្យមានប្រសិទ្ធភាព​​ក្នុង​ការអនុវត្តផែនការយុទ្ធសាស្ត្រ​របស់រដ្ឋបាលថ្នាក់ក្រោមជាតិទេ បើធៀបនឹង​តួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់នោះ។

លោកថា៖ «​​ការដែល​បង្កើ​នស​មាស​ភាព​នេះ ខ្ញុំ​ថា ធ្វើឱ្យ​ខាត​បង់កា​រចំ​ណាយរប​ស់រដ្ឋ វាមិន​មែនជួយធ្វើ​​​ឱ្យ​​​មាន​ប្រសិទ្ធភាពនៃរដ្ឋបា​លថ្នាក់ក្រោមជាតិទេ។ ហើយបើធ្វើឱ្យមានតម្លា​ភាព ប្រសិទ្ធភាព គ​ណនេយ្យ​​​​​​ភាព​អីហូរហែហ្នឹង​ លុះត្រាតែយើង​មានគម្រោងសម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិច្បាស់​លាស់។ ហើ​យ​គណៈកម្មការហ្នឹង​អាចបែងចែក​ជា​អនុគ​ណៈក​ម្មការតូចៗ ដើម្បី​ធ្វើសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម​​ផ្ទាល់ជាមួយ​ប្រជាពលរដ្ឋ ជាមួយក្រុមប្រឹក្សាឃុំសង្កាត់អីជាដើម អាហ្នឹងគឺអាចធ្វើឱ្យគេមើលឃើ​ញពីតួនាទីដ៏សំខាន់​របស់​ពួក​គាត់»។

យ៉ាងណា លោកផ្ដល់ជាយោបល់ថា ដើម្បីបញ្ចៀសឧបសគ្គ ​ប្រព័ន្ធរដ្ឋបាលតាមបែបប្រជាធិបតេយ្យ​​​​​នៅ​ថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាត្រូវតែមាន​ថវិកា ដើម្បីគាំទ្រគម្រោងជាក់លាក់របស់ខ្លួន និង​មិ​​​​​នត្រូ​វបានគេបំពាន​អំណាច ក្នុង​នោះ ក្រុម​ប្រឹក្សាខ្លួនឯងត្រូវបង្កើនយន្តការ​ត្រួតពិនិត្យសកម្មភាពរបស់គណៈអភិបា​​​​លឱ្យ​បាន​ខ្លាំង​ ប្រ​កបដោយការទទួលខុសត្រូវ មានតម្លាភាព ​​ហើយ​​ថ្នាក់ជាតិ​ត្រូវពង្រាយធនធានមនុស្សប្រកប​​ដោយ​​សមត្ថភាព​ និងទប់ស្កាត់អំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ