អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដកហូតអាជ្ញាបណ្ណបញ្ឈប់សកម្មភាពអាជីវកម្មភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន «ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន» ក្រោយរកឃើញថាក្រុមហ៊ុននេះល្មើសច្បាប់កេងបន្លំប្រាក់ពន្ធរដ្ឋ។
សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីម្សិលមិញ បានបញ្ជាក់ថា ការសម្រេចនេះ ក្រោយមានការស៊ើបអង្កេត និងបានរកឃើញថាក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក (FEDTAX BUSINESS SOLUTION CO., LTD.) មិនបានបំពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ១០ និងបានប្រព្រឹត្តអំពើខុសឆ្គងដូចមានចែងក្នុងប្រការ១៥ នៃប្រកាសចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្ដីពីភ្នាក់ងារសេវាកម្មពន្ធដារ។
ភាពមិនត្រឹមត្រូវទាំងនោះ ដូចជា មិនប្រកាសនិងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិ ផ្ដល់សេវាប្រកាសពន្ធឱ្យអតិថិជន គឺមានពុំមានវិជ្ជាជីវៈនិងសុចរិតភាពថែមទៀត ព្រមទាំងធ្វើសកម្មភាពលួចបន្លំប្រាក់ពន្ធ ជាដើម។
ក្នុងលិខិតដដែលនេះបានសរសេរថា៖ «តាមរយៈការសម្រេចដកហូតអាជ្ញាបណ្ណបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរនេះ ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក ពុំមាននីតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ និងមិនអាចបន្តប្រកបអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ ឬផ្ដល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារជូនអតិថិជនទៀតនោះទេ»។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវដល់សាធារណជនទូទៅដែលធ្លាប់ឬមានបំណងប្រើប្រាស់សេវាកម្មពន្ធដាររបស់ក្រុមហ៊ុនខាងលើ បញ្ចប់ការប្រើប្រាស់សេវាកម្មពន្ធដាររបស់ក្រុមហ៊ុននេះចាប់ពីពេលជូនដំណឹងនេះតទៅ៕