អង្គការទស្សនៈពិភពលោកកម្ពុជា បានរកឃើញថា មនុស្សចាស់និងកុមារកំពុងប្រឈមបញ្ហាសុខភាព ដោយសារឪពុកម្ដាយបានធ្វើចំណាកស្រុកដោយទុកកូនៗរបស់ពួកគេឱ្យជីដូនមើលថែនៅផ្ទះ។
ថ្លែងក្នុងសិក្ខាសាលាមួយនៅសណ្ឋាគារហ៊ីម៉ាវ៉ារី នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានបច្ចេកទេសផ្នែកតស៊ូមតិនៃអង្គការទស្សនៈពិភពលោក លោក Mathieu Andre បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានចំនួនប្រជាជនធ្វើចំណាកស្រុកច្រើន តួយ៉ាងក្នុងឆ្នាំ២០២០ មានអ្នកចំណាកស្រុកទៅក្រៅទេសប្រមាណជាង១លាននាក់ និងពី៣ទៅ៤លាននាក់ធ្វើចំណាកស្រុកក្នុងស្រុក ដោយសារភាពក្រីក្រនៅតាមជនបទ និងដើម្បីមានឱកាសទទួលបានចំណូលខ្ពស់។
លោកបន្តថា ប្រហែល៨០ភាគរយនៃស្ត្រីនៅប្រទេសកម្ពុជា មានភាពមមាញឹកក្នុងដំណើរសេដ្ឋកិច្ចជាតិដែលមានអត្រាខ្ពស់បំផុតមួយក្នុងពិភពលោក ក្នុងនោះមានស្រ្តី ៨៥ភាគរយ កាន់កាប់ការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅទីតាំងចំនួន៦០០ ០០០ទីតាំង។
លោក Mathieu Andre ឱ្យដឹងទៀតថា ស្ត្រីដែលធ្វើចំណាកស្រុកទៅក្រៅប្រទេសនិងចំណាកស្រុកនៅក្នុងស្រុក បានទុកកូនៗរបស់ពួកគេឱ្យជីដូនជួយមើលថែនៅផ្ទះ។
ប្រធានបច្ចេកទេសផ្នែកកម្មវិធីអាហារូបត្ថម្ភនៃអង្គការទស្សនៈពិភពលោក លោកស្រី Grana Pu Selvi មានប្រសាសន៍តាមរយៈអ្នកបកប្រែថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការនេះ រកឃើញថា ការទុកកូនៗឱ្យជីដូនមើលថែជំនួសនេះ បានធ្វើឱ្យកុមារមានបញ្ហាសុខភាព ដោយសារខ្វះអាហារូបត្ថម្ភ បៅទឹកដោះម្ដាយមិនគ្រប់គ្រាន់ និងជីដូនខ្វះចំណេះដឹងផ្នែកថែទាំសុខភាពផ្នែកកុមារ ជាដើម។ លោកស្រីបន្តថា កាលណាកុមារខ្វះអាហារូបត្ថម្ភ នឹងធ្វើឱ្យរូបរាងកាយរបស់ពួកគេស្គមស្គាំង ការលូតលាស់មិនបានល្អ និងខ្សោយសតិបញ្ញា ជាដើម។

លោកស្រីបន្ថែមថា៖ «កង្វះអាហារូបត្ថម្ភនេះ គឺវាប៉ះពាល់ខ្លាំងទៅលើ២ចំណុច ទី១ រាងកាយ រាងកាយហ្នឹង គឺធ្វើឱ្យកុមារស្គមស្គាំង បើកម្ពស់វិញធ្វើឱ្យគាត់អត់លូតកម្ពស់។ បើបញ្ញាស្មារតីវិញ អត់ល្អទេ ដូចជាការគិតយឺត ធ្វើឱ្យខ្សោយបញ្ញា។ មួយវិញទៀត ធ្វើឱ្យមានជំងឺផ្សេងៗ»។
លោកស្រី Grana Pu Selvi បន្ថែមថា ចំពោះផលប៉ះពាល់ដល់ជីដូនវិញ គឺជីដូនត្រូវទទួលខុសត្រូវច្រើនលើការមើលថែចៅៗ ទាំងការផ្គត់ចំណីអាហារ ការថែទាំសុខភាព ការអប់រំ និងការទទួលខុសត្រូវផ្សេងៗទៀត ដែលធ្វើឱ្យគាត់មានការនឿយហត់ និងមានបញ្ហាសុខភាព ខណៈមនុស្សចាស់ក៏ត្រូវការយកចិត្តទុកដាក់មើលថែសុខភាពផ្លូវកាយនិងផ្លូវចិត្តដែរនោះ។
លោកស្រីបន្ថែមថា៖ «បើប៉ះពាល់លើជីដូនវិញ គឺជីដូនហ្នឹងត្រូវថែទាំចៅច្រើន ការមានបន្ទុកច្រើន និងការបារម្ភមួយចំនួន បានធ្វើឱ្យគាត់មានបញ្ហាខ្លះដែរ ដូចជា ភាពថប់អារម្មណ៍ តឹងតែងក្នុងផ្លូវចិត្តបណ្ដាលឱ្យគាត់លើសឈាម មានជំងឺព្រួយបារម្ភជាដើមហ្នឹង។ អ៊ីចឹងវាធ្វើឱ្យប៉ះពាល់ដល់ជីដូនច្រើនដែរ ពាក់ព័ន្ធការថែទាំចៅៗហ្នឹង»។
លោកស្រី Grana Pu Selvi បានផ្ដល់ជាអនុសាសន៍ថា អង្គការដែលធ្វើការងារពាក់ព័ន្ធកុមារ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហានេះតាមរយៈការបណ្ដុះបណ្ដាល ឬផ្ដល់ចំណេះដឹងផ្នែកថែទាំកុមារដល់ក្រុមគ្រួសារ ឬជីដូនជីតាដែលត្រូវមើលថែចៅៗទាំងនោះ និងត្រូវយកចិត្តទុកដាក់ថែទាំចំពោះសុខុមាលភាព និងការងាររបស់មនុស្សចាស់ផងដែរ។
នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ទុំ វីរ៉ា បានឱ្យដឹងថា នៅកម្ពុជាមានមនុស្សចាស់ចំនួនជាង៩ភាគរយ ស្មើនឹងជាង១សែននាក់នៃប្រជាជនសរុប ហើយក្នុងនោះ ៨៤ភាគរយនៃមនុស្សចាស់ទាំងនោះកំពុងរស់នៅតាមជនបទ និងពាក់កណ្ដាលទៀតនៅខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តតាកែវ។
លោកបន្ថែមថា៖ «នៅកម្ពុជាយើងអត់មានកម្មវិធីណាមួយជួយគាំពារដល់មនុស្សចាស់ទាំងអស់នោះទេ។ ជាពិសេសកម្មវិធីប្រាក់ឧបត្ថម្ភ គឺអត់មានទេ ដែលនេះជាបញ្ហាមួយសម្រាប់ប្រាក់ចំណូលរបស់មនុស្សចាស់នៅកម្ពុជាយើង។ បើតាមរបាយការណ៍ មនុស្សចាស់៤ភាគរយរស់នៅដោយគ្មានទីពឹង ៩ភាគរយគាត់រស់នៅមានប្តីមានប្រពន្ធ និង៨៧ភាគរយរស់នៅមានសាច់ញាតិ»។
ពាក់ព័ន្ធករណីនេះ វីអូឌី មិនទាន់អាចរកការឆ្លើយតបពីភាគីរដ្ឋាភិបាលបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
បើតាមរបាយការណ៍សិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៩ របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបង្ហាញថា ស្ទើរតែ២ភាគ៣នៃគ្រួសារទាំងអស់ក្នុងប្រទេសកម្ពុជា ជីដូនជីតា គឺជាអ្នកថែទាំចៅជាចម្បង ដែល៩៩ភាគរយនៃពួកគេគឺជាស្ត្រី ហើយជីដូនទាំងនោះបានរាយការណ៍ពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះចៅរបស់ពួកគេ ប៉ុន្តែជីដូនទាំងនោះក៏មានអារម្មណ៍ថា ការមើលថែទាំកុមារជាការដាក់បន្ទុកបន្ថែមទៀតលើពួកគាត់ផងដែរ៕