ដំណាំស្រូវ​ពលរដ្ឋ​រាប់រយ​ហិកតា​នៅ​ឃុំ​២​ក្នុង​ខេត្តកណ្ដាល​រង​ផល​ប៉ះពាល់​ដោយសារ​​ជំនន់​ទឹកភ្លៀង

ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងការជន់លិចដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២២។ (ពលរដ្ឋមូលដ្ឋាន)

ដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់រយហិកតា នៅឃុំសំពៅពូន និង​ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ត​កណ្ដាល បានរងការ​ខូចខាត​ដោយសារ​ជំនន់ទឹក​ភ្លៀង ដែលធ្វើឱ្យពលរដ្ឋកាន់តែរង​ប៉ះពាល់ធ្ងន់ធ្ងរដល់​ជីវភាព ស្របពេល​ទី​ផ្សារ​​ទិញ-លក់​ស្រូវនៅមានកម្រិត​ទាប។

ប្រជាពលរដ្ឋរស់នៅភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល លោក គី្រ ហ៊ត បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជំនន់​ទឹក​ភ្លៀង​ក្នុង​រយៈពេល​៣ទៅ៤ថ្ងៃក​ន្លង​មក​នេះ បាន​ធ្វើឱ្យប៉ះពាល់​ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋអស់រាប់រយ​ហិកតា។ លោកបន្តថា ករណីនេះបាន​ធ្វើឱ្យពលរ​ដ្ឋ​ដែលប្រកបមុខរបរធ្វើកសិកម្ម​ រងផលប៉ះពាល់កាន់តែ​ធ្ងន់ធ្ងរដល់ជីវភាព ខណៈទីផ្សារ​ទិញ-លក់ស្រូវនៅមានកម្រិតទាប។

លោកនិយាយថា៖ «ដំណាំស្រូវប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង វាលិច ស្រូវ​វាដួល មិនទាន់បានផល ដូចថាពីមុនធ្លាប់បានជាង​១០០ស្បោង ឥលូវទទួលបាន៣០ទៅ៤០ស្បោង។ ប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើស្រូវទៅវាខាត បើជ្រុលទៅហើយមិនដឹងធ្វើម៉េច! បើដាក់ចិត្តត្រូវធ្វើហើយ ថាធ្វើទៅស្រូវ វាបានថ្លៃ! បើវាជួបឧបសគ្គជំនន់ទឹកភ្លៀងអ៊ីចឹង ស្រូវវាថោកហើយ»។

ចំណែកពលរដ្ឋរស់នៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ត​កណ្ដាល លោក ជួន ប៊ុនឈឿន និយាយប្រហាក់ប្រហែលនឹងពលរដ្ឋនៅឃុំសំពៅពូនដែរ ដោយថា នៅឆ្នាំនេះ គាត់ដាំ​ស្រូវ​ប្រហែល​ជា​៥ហិកតា ប៉ុន្តែស្រូវ​រងការខូចខាតស្ទើរទាំងស្រុងដោយសារតែជំនន់ទឹកភ្លៀង ខណៈថ្នាំ ជី និងសាំង ឡើង​ថ្លៃទ្វេដង។

ករណី​នេះ លោកអំពាវនាវទៅរដ្ឋាភិបាលជួយរកទីផ្សារជូនប្រជាកសិករឱ្យបានតម្លៃសមរម្យ ដោយ​សារ​ឈ្មួញយក​ឱកាស​ដែលស្រូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ទៅទម្លាក់តម្លៃមក​ត្រឹម ៧៥០រៀល ទៅ៨០០រៀល ក្នុងមួយគីឡូតែប៉ុណ្ណោះ។

លោកអំពាវនាវដូច្នេះថា៖ «សំណូមពរឱ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារឱ្យពលរដ្ឋយើងទាំងអស់គ្នាទូទាំងប្រទេស មិនមែនតែនៅស្រុកកោះធំទេ ព្រោះអីជីឡើងថ្លៃ [១គុណនឹង២] ជីក៏ឡើងថ្លៃ ហើយបើនិយាយពីផលកសិករវិញ ថោក! ខាតច្រើន! និយាយឱ្យចំ វាអត់ទីផ្សារ! ភ្លៀងអ៊ីចឹង ស្រូវខូច ស្រូវ​ចេះតែចុះថោក»។

ពលរដ្ឋម្នាក់ទៀតនៅឃុំព្រែកស្ដី លោក ជា ស៊ាង និយាយថា ជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ដំណាំស្រូវ​របស់គាត់និងប្រជាកសិករផ្សេងទៀត ដោយ​ស្រូវពលរដ្ឋ​ខ្លះបានរងកា​រខូចខាតពី៥០ទៅ៧០ភាគរយ និងខ្លះទៀតបានខូចខាតទាំងស្រុង ខណៈស្រូវដែល​លក់បានមាន​តម្លៃទាបថែមទៀតផង។ ករណីនេះ លោកថា បើរដ្ឋាភិបាលមិនរកទីផ្សារដែល​អាច​លក់ស្រូវឱ្យបានតម្លៃ​សមរម្យទេ នឹង​ធ្វើឱ្យគ្រួសារពួក​គាត់​ជាប់បំណុលកាន់តែច្រើន។

លោកនិយាយថា៖ «ខ្ញុំថាម៉េចៗមានតែលក់គោដោះស្រាយលុយបំណុលគេដែលខ្ញុំនៅជំពាក់ មាន​តែធ្វើអ៊ីចឹង! ខាត​ដោយសារអាគ្រោះធម្មជាតិដែលវាមកបំផ្លាញស្រូវខ្ញុំឱ្យវារលួយអស់រលីងហ្នឹង»។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) លោក ​ថេង សាវឿន អំពាវនាវទៅរដ្ឋាភិបាលជួយទំនុក​បម្រុងដល់ប្រជាកសិករដែលរងផលប៉ះពាល់​ដោយសារគ្រោះធម្មជាតិនេះ ដើម្បីជួយ​កាត់​បន្ថយ​ការលំបាករបស់​​ពួកគេបានមួយផ្នែក។

លោកថា៖ «រដ្ឋាភិបាលគួរតែបញ្ចេញនូវធនធានរបស់រដ្ឋ តាមរយៈការផ្ដល់ជំនួយជាគ្រាប់ពូជ ឬក៏សម្ភារ​ផ្សេងៗ ឬក៏ថវិកា ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះអាសន្នបែបនេះ ពីព្រោះនរណាក៏មិនចង់ជួបគ្រោះអាសន្នដែរ»។

លោកបន្ថែមថា៖ «ខ្ញុំគិតថារដ្ឋ និងមន្ទីរកសិកម្មខេត្តកណ្ដាល អាចពិចារណាសម្រាលបន្ទុកនេះជូនកសិករ ពីព្រោះយើងមាន​កម្មវិធីគាំពារសង្គម និងជំនួយសង្គមជួយ និងមានថវិកាទំនុកបម្រុងទុក ដើម្បីជួយដល់ប្រជាពលរដ្ឋនៅពេលដែលពួកគាត់ជួបគ្រោះអាសន្នបែបនេះ»។

ក្រសួងកសិកម្ម ​​បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១១ ខែមករា ថាការ​នាំចេញ​ស្រូវ​​​​ទៅប្រទេសជិតខាងនៅចន្លោះឆ្នាំ២០២១ ឈានចូល​ដើមឆ្នាំ​​២០២២ មាន​ចំនួន៣,៥៣​លានតោន មានការកើនឡើងចំនួន៦១,១៦​ភាគរយ បើធៀប​ទៅ​ឆ្នាំ២០២០។ ដោយឡែក ចំពោះតម្លៃស្រូវដែលធ្លាក់ចុះ មានគម្លាតគ្នាចំនួន​៥ភាគរយ បើប្រៀបធៀបទៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែល​ការធ្លាក់ចុះនេះមកពីបញ្ហាវិបត្តិកូវីដ-១៩។​​

បើតាមរបាយការណ៍របស់ក្រសួងដដែល ការប្រមូលផលស្រូវនៅប្រទេសកម្ពុជានៅឆ្នាំ២០២១ ទទួលបាន​ទិន្នផល​សរុប​ប្រមាណជាង១២,២១លានតោន ដែល​មានការកើនឡើងប្រមាណ១១,៦ភាគរយ បើធៀបទៅឆ្នាំ២០២០ ក្នុងនោះ​ការ​នាំ​ចេញ​ស្រូវ​ទៅប្រទេសជិតខាងបានចំនួន៣,៥៣​លាន​តោន។ ដោយឡែក ចំពោះការនាំចេញអង្ករផ្លូវការសម្រេចបានចំនួន០,៦១៧លានតោន ថយ​ចុះប្រមាណ១០,៦៨ភាគរយ បើធៀបទៅឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ