មន្ត្រី​និង​សង្គមស៊ីវិល​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​យុទ្ធនាការ​អន្ទាក់សូន្យ​ក្នុង​តំបន់ការពារ

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បង្ហាញអន្ទាក់សត្វព្រៃ អំឡុងពេល​សន្និសីទ​សារព័ត៌មានឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

មន្ត្រីរដ្ឋាភិបាល និង​សង្គមស៊ីវិល អំពាវនាវ​ដល់ប្រជាពលរដ្ឋ ជាពិសេស​សហគមន៍មូលដ្ឋាន ចូលរួមឱ្យកាន់តែសកម្ម​បន្ថែមទៀត ដើម្បី​បញ្ឈប់​ការ​ដាក់​អន្ទាក់​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់ការ​ពារ​ធម្មជាតិ​។

ការអំពាវនាវនេះបានធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មាន​រួម ក្នុង​​​យុទ្ធនាការ «​អន្ទាក់សូន្យ» ដែលបានចាប់ផ្ដើម​​ធ្វើនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា លើកឡើង​​ក្នុង​សេច​ក្ដីប្រកាស​ព័ត៌​មាន​រួមនោះ​ថា ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​សហគមន៍ គឺដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់សុវត្ថិភាពដល់ការរស់រាននៃសត្វព្រៃគ្រប់ប្រភេទក្នុងទីជម្រកព្រៃធម្មជាតិរបស់ពួកវា និងជាការចូលរួមបញ្ឈប់ការប្រើប្រាស់និងការដាក់អន្ទាក់នៅក្នុងដែនជម្រកធម្មជាតិសម្រាប់​សត្វព្រៃ។

ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ​ នៅខេត្តស្ទឹងត្រែង លោក នេត្រ ភក្ត្រា បានថ្លែង​​បន្ថែមថា ធន​ធាន​សត្វព្រៃនៅកម្ពុជាកំពុងប្រឈមនឹងហានិភ័យ​ខ្ពស់ ដោយសារ​វិបត្តិ​នៃការ​បរបាញ់និងការ​ដាក់អន្ទាក់​ដែលបាននិងកំពុងកើតឡើង បណ្ដាលមក​ពីការប្រើ​ប្រាស់​និង​ជួញ​ដូរសត្វ​ព្រៃ​​ដោយ​ខុសច្បាប់។ លោក​ថា ប្រសិនបើគ្មានវិធានការ​បន្ទាន់ទេនោះ កម្ពុជានឹងប្រឈម​នឹងការ​បាត់បង់ធនធានសត្វព្រៃរបស់ខ្លួននៅពេលអនាគតខាងមុខ។   

ករណីនេះ លោក​បាន​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ ឬ​ទិញ​ផលិតផល​ពី​សត្វព្រៃដទៃទៀត​ជាដាច់ខាត។

លោកបានគូសបញ្ជាក់ថា៖ «យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធន​ធាន​ធម្មជាតិ​របស់​ព្រះរាជាណាចក្រកម្ពុជា​ឱ្យនៅស្ថិតស្ថេរគង់វង្ស»។

ព្រះតេជព្រះគុណ ថូ ធូរស់ ព្រះវិន័យធរគណខេត្តឧត្ដរមានជ័យ និងជាព្រះប្រធាន​សង្ឃ​រុក្ខវ័ន បាន​មាន​សង្ឃដីកាថា ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប រាប់ទាំងព្រះសង្ឃផងដែរ មានតួនាទីយ៉ាង​សំខាន់ក្នុងការចូលរួមការពារនិងស្ដារឡើងវិញ​នូវចំនួនសត្វព្រៃនិងធនធានធម្មជាតិកម្ពុជា។

ព្រះតេជគុណ មានសង្ឃដីកា​បន្ថែមថា៖ «ព្រះសង្ឃចាំបាច់ចូលរួមតាមរយៈការផ្ដល់ធម្មទេស​នា ឬជជែក​ជា​ប្រចាំជាមួយ​ពុទ្ធ​សាសនិក​ ដោយ​បញ្ជ្រាប​នូវ​សារ​សំខាន់ៗអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃកម្ពុជា និងភាពចាំបាច់ក្នុងការកាត់បន្ថយតម្រូវនៃសាច់និងផលិតផលសត្វព្រៃ»។

ចាប់តាំង​ពីការបើកយុទ្ធនាការជាផ្លូវការដែលបានប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ កាលពីដើមខែ​មីនា រហូតដល់ការចាប់ផ្ដើមយុទ្ធនាការតាមខេត្តនាពេលនេះ យុទ្ធនាការ«អន្ទាក់សូន្យ»បន្តអំពាវ​នាវឱ្យ​មានការដាក់ចេញនូវវិធានការបន្ទាន់នានា ដើម្បីបង្កើនការពង្រឹងការអនុវត្តច្បាប់ និងពិនិត្យមើលបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងគោលបំណងទប់ស្កាត់ការបរបាញ់សត្វព្រៃខុសច្បាប់ និងបញ្ចប់វិបត្តិអន្ទាក់ដែលកំពុងគំរាមកំហែងជីវិតសត្វព្រៃកម្ពុជាយ៉ាងខ្លាំង។

លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា វិធាន​ការ​សម្រាប់​ពង្រឹង​ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងការនាំខ្លួនអ្នកដាក់អន្ទាក់ អ្នកប្រមាញ់ និងអ្នកជួញដូរសត្វព្រៃ ទៅតុលាការ មានភាពចាំបាច់ ដើម្បីបញ្ចប់ការសម្លាប់សត្វព្រៃកុំឱ្យ​មានតទៅទៀត។​

លោកបន្ត​ថា៖ «លើសពីនេះទៀត គេត្រូវដាក់ចេញនូវវិធានការដើម្បីបិទរាល់ទីផ្សារសត្វព្រៃទាំងអស់នៅក្នុងមូលដ្ឋាន និងត្រូវអនុវត្តការចុះត្រួតពិនិត្យតាមដានជាប្រចាំដោយមន្ត្រីអនុវត្តច្បាប់ចល័ត»។

លោកបណ្ឌិត Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការ CI រំពឹងថា យុទ្ធនាកា​រអន្ទាក់សូន្យ​ នឹងជួយបង្កើនការយល់ដឹងរបស់សាធារណជន អំពីកត្តាគំរាមកំហែង និង​ការទទួលរងគ្រោះថ្នាក់ច្រើនយ៉ាង ដែល​សត្វព្រៃកម្ពុជាកំពុងជួបប្រទះជារៀងរាល់ថ្ងៃ។

លោកបន្តថា៖ «ដូច្នេះ ដើម្បីឆ្លើយតបនឹងកត្តាប្រឈមទាំងនេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្ដល់នូវធនធាន និងលទ្ធភាពគ្រប់គ្រាន់ដល់អាជ្ញាធរ និងភ្នាក់ងារមានសមត្ថកិច្ចការពារសត្វព្រៃ ដើម្បីពួកគាត់អាចរៀបចំនូវវិធានការសមស្របនិងប្រកបភាពច្នៃប្រតិដ្ឋសម្រាប់ជាដំណោះ​ស្រាយឆ្លើយតបឱ្យ​​ដល់ឫសគល់នៃបញ្ហា ពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ ព្រមទាំងដើម្បីឈានទៅស្ដារធនធានធម្មជាតិកម្ពុជាឡើងវិញ»។

លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា លើកឡើងថា ការបន្តចូលរួមពីសំណាក់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពមានសារៈសំខាន់ណាស់ ដើម្បីធានាថា ពួកគេទទួលបាននូវអត្ថប្រយោជន៍ពីការវិនិយោគរយៈពេល​វែង។

លោកស្រីបន្តថា៖ «ក្នុងនោះមានឱកាសជាច្រើនសម្រាប់អភិវឌ្ឍអាជីវកម្មផ្សេងៗ ដោយតភ្ជាប់និងធ្វើឱ្យ​ប្រសើរឡើងនូវប្រព័ន្ធទីផ្សារ ដែលនឹងគាំទ្រដល់ការទាញយកនូវប្រាក់ចំណូលសម្រាប់​សហគមន៍ឱ្យ​ប្រសើរឡើង ខណៈពួកគេអាចចូលរួមចំណែកទប់ស្កាត់ការបរបាញ់សត្វព្រៃខុសច្បាប់ និងបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា»។  

ក្នុង​ឆ្នាំ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួន បានដក​អន្ទាក់សរុបចំនួន៦១ ៦១១អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន​៧២ និងច្រករបៀង​ជីវ​ចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់សរុបចំនួនប្រមាណជាង៤០ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២១នោះដែរ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ជាអង្គភាពចម្រុះ បានចុះប្រតិបត្តិការបង្ក្រាប​ការជួញដូរសត្វព្រៃ​ចំនួន៦២៥​ករណី សង្គ្រោះសត្វព្រៃបាន១ ២៧១ក្បាល រឹបអូសសាច់សត្វព្រៃចំនួន៣ ៦០៩ក្បាល និង​រឹបអូស​សាច់សត្វព្រៃគ្រប់ប្រភេទបានចំនួន៣៥៤គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន១១ទៅ​តុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិ​វិញចំនួន៨៦៤ក្បាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ