មន្ទីរបញ្ចកោណអាមេរិក (Pentagon) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា តាមរយៈការវាយតម្លៃរបស់ខ្លួន គឺអ៊ុយក្រែនអាចឈ្នះសង្គ្រាមប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby ដែលបានថ្លែងថា៖ «ជាការពិតណាស់ ពួកគេ [អ៊ុយក្រែន] អាចឈ្នះ [សង្រ្គាមឈ្លានពានដោយរុស្ស៊ី] បាន»។
អ្នកនាំពាក្យដដែលបន្ថែមថា៖ «យើងអាចដឹងបានតាមរយៈអ្វីដែលយើងកំពុងតែមើលឃើញជាក់ស្ដែងរៀងរាល់ថ្ងៃនេះ។ ពិតប្រាកដណាស់ ពួកគេអាចឈ្នះលើរុស្ស៊ីបាន»។
រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនមកលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពោលគឺធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលក្នុងនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏បានសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ីផងដែរ។
ទោះជាយ៉ាងណា ការឈ្លានពានពីសំណាក់រុស្ស៊ីនេះនៅមិនទាន់សម្រេចបាននូវគោលបំណងរបស់ប្រធានាធិបតីរបស់ខ្លួនក្នុងការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននោះទេ៕












