លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ចេញពី​កម្ពុជា

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ឡែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដោយចាប់និងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាវិញ ហើយមិនត្រូវខ្វល់ថាជាជនបរទេសណានោះទេ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ លោក ស ខេង បានក្រើនរម្លឹកទៅកម្លាំងនគរបាលអន្ដោប្រវេសន៍ ពិសេសនៅតាមព្រំដែន ត្រូវ​ពង្រឹងគ្រប់គ្រងការចេញចូលរបស់ជនបរទេស។ លោកថា ក្នុងករណីដែលពួកគេចូលមកកម្ពុជាដោយខុសច្បាប់ ​ត្រូវចាប់ខ្លួនបណ្ដេញចេញភ្លាម​ៗ។

ជាមួយគ្នានេះ លោកថា សមត្ថកិច្ចនៅតា​មព្រំដែនទាំងអស់​ត្រូវក្ដាប់ចំនួនជនអន្តោប្រវេសន៍ឱ្យ​ច្បាស់លាស់ ដោយត្រូវដឹងនៅក្នុងមូលដ្ឋានរបស់ខ្លួន មានជនបរទេសប៉ុន្មាននាក់ដែលរស់នៅស្របច្បាប់និងមិនស្របច្បាប់។ ​​ប្រសិនបើរកឃើញថា ពួកគេរស់នៅកម្ពុជាដោយខុសច្បាប់ ​សមត្ថកិច្ចត្រូវតែចាត់វិធានការបណ្ដេញចេញពីប្រទេសកម្ពុជាតាមនីតិវិធី​។

លោកថា៖ «ត្រូវមានវិធានការម៉ឺងម៉ាត់ ​ជាប់ជាប្រចាំ ហើយមិនទុកឱ្យ​មានអ្នកដែលលួច​មករស់នៅ​មិនស្របច្បាប់នៅកម្ពុជា​យើងឡើយ។ នេះជាបញ្ហាមួយដ៏សំខាន់ណាស់​ ពីព្រោះថា កន្លង​ទៅ យើងហាក់បានបើកយុទ្ធនាការ​ក្នុងការដោះស្រាយបញ្ហានេះ ដូចបានបញ្ជាក់ខាងលើ។ អ៊ី​ចឹងយើងសន្មតថា អ្នកដែលចូលមកគ្មានក្រដាសស្នាម គឺខុសច្បាប់។ បើខុសច្បាប់ យើងត្រូវចាប់បណ្ដេញចេញតាមច្បាប់កម្ពុជា»។

​អ្នក​​​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក កែវ វណ្ណថន ​មានប្រសាសន៍ថា ក្នុងឆ្នាំ២០២១ សមត្ថកិច្ចចាប់បណ្ដេញជនបរទេសចេញពីកម្ពុជា​ចំនួន៣ ៥៩៤នាក់ ដែលមាន៤៣សញ្ជាតិ ក្នុងនោះ ជនជាតិថៃមានជាង២ ០០០នាក់ និងចិនច្រើនជាងគេ។

​លោក កែវ វណ្ណថន បន្តថា ចំពោះពលរដ្ឋវៀតណាមដែលរដ្ឋាភិបាលវៀតណាមមិនបើកផ្លូវទទួលយកទៅស្រុកកំណើតវិញនោះ មានតែពីរទៅបីគ្រួសារប៉ុណ្ណោះ។ សម្រាប់អ្នកដែលខុសច្បាប់ លោកអះអាងថា សមត្ថកិច្ចចាប់បញ្ជូនទៅភ្លាមៗ ប៉ុន្តែចំនួនប៉ុន្មាននោះ លោកសុំមិនធ្វើអត្ថាធិប្បាយទេ។

លោកថា៖ «គាត់អត់ចេញលិខិតបើកផ្លូវ ដើម្បីឱ្យពីរទៅបីគ្រួសារហ្នឹង​ត្រលប់ទៅវិញ​​​ គាត់ចង់ថាពួកហ្នឹងខ្មែរ ​តាមពិតពួកហ្នឹងជាជនបរទេសបែបអន្តោប្រវេសន៍​ ដូចខ្ញុំនិយាយ​អ៊ីចឹង។ ​តិចតួចទេ! ​​ហើយក្រៅពីហ្នឹង បញ្ជូនទៅអស់ហើយ។ អត់ទេ! ឆ្នាំ២០២១ យើងចាប់បានពេលណា គឺបញ្ជូនពេលហ្នឹង! ជនបរទេសដែលស្នាក់នៅខុសច្បាប់ ​ដែលប្រព្រឹត្តបទល្មើស ​ឬរត់ចេញពីប្រទេសសាម៉ីមក ហើយសំណាញ់ច្បាប់ មកលាក់ខ្លួននៅកម្ពុជា​បានរយៈពេលមួយសប្ដាហ៍ យើងធ្វើប្រកាសបណ្ដេញចេញ ចាប់ពេលណាបណ្ដេញពេលហ្នឹង»។​

បើតាមអ្នក​​​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក កែវ វណ្ណថន បញ្ជាក់ថា ជនបរទេសអន្តោប្រវេសន៍ដែលកាន់ឯកសារមិនប្រក្រតី និងត្រូវបានសមត្ថកិច្ចដកហូត​កន្លងមក ភាគច្រើនជាជនជាតិវៀតណាម។

ប្រធានមជ្ឈមណ្ឌល​​ប្រជាព​លរដ្ឋ ដើម្បីកា​រអភិវឌ្ឍ​ និង​ស​ន្តិភាព លោ​ក យង់ គិមអេង បង្ហាញការគាំទ្រចំពោះវិធានការនេះ ដើម្បីកុំឱ្យជនបរទេសទាំងនោះមកបង្កភាពវឹកវឹរក្នុងសង្គមកម្ពុជា និងប៉ះពាល់ដល់មុខមាត់របស់ប្រទេសជាតិ។

លោកបន្តថា រដ្ឋាភិបាលត្រូវហ៊ានចាត់វិធានការច្បាប់លើមន្ត្រីទាំងឡាយណាដែលគប់គិតជាមួយជនអន្តោប្រវេសន៍ខុសច្បាប់ និងត្រូវតាមដានចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរ ទើបអាចទប់ស្កាត់បទល្មើសនេះមានប្រសិទ្ធភាព។

លោកថា៖ «​​​រឿងទី២ បើសិនជាការចាប់បញ្ជូនទៅ គេមិនទទួល​ គេមិនអីអ៊ីចឹង គឺយើងមានវិធានការមួយ​ រឹតបន្តឹងច្រកព្រំដែន​ជាមួយប្រទេសហ្នឹង ឱ្យបានខ្លាំងបន្តិចទៅ ​កុំឱ្យគាត់យកលេសមិនទទួលអីអ៊ីចឹង ​នេះជារឿងមួយសំខាន់។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាក៏មានចំណងការទូត​ស្និទ្ធជាមួយវៀតណាម​គួរសមដែរ ហេតុអីបានជាយើង​មិនធ្វើកិច្ចការទូតហ្នឹងឱ្យបានច្រើន​ ដើម្បីបញ្ជូនអ្នកខុសច្បាប់ហ្នឹងទៅវិញ​»។

សារព័ត៌មានហ្វ្រេសញូ (Fresh News) បានស្រង់​របាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ ឱ្យដឹងថា ជនបរទេសអន្តោប្រវេសន៍ដែលបាន​ពាក្យសុំប្រកាសទទួលស្គាល់ និង​បណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមបិទឱសានវាទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៃ​យុទ្ធនាការជំរឿនស្ថិតិនោះ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលមិនប្រក្រតីមានចំនួនជិត៣ម៉ឺនគ្រួសារ (២៨ ៩៤៥) ស្មើនឹងចំនួន​ជិត១សែននាក់ (៨៩ ៧៨៦)។

លោកបន្តថា ជនបរទេសអន្តោប្រវេសន៍ទាំងនោះ ក្រសួងមហាផ្ទៃបានផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនអ្នកដែលមានអាយុ១៨ឆ្នាំឡើង ចំនួនជាង៦ម៉ឺននាក់ (៦៥ ១៦៨)។ ជាមួយគ្នានោះ ក្រសួងបានផ្ដល់បណ្ណបន្តសុពលភាពដែលមានរយៈពេល​២ឆ្នាំម្ដង សរុបជិត២ម៉ឺនបណ្ណ (១៩ ៥៦១)។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២២ អគ្គ​លេខា​ធិកា​រនៃ​អគ្គ​លេខា​ធិកា​រដ្ឋា​ន​ក្រ​សួង​មហា​ផ្ទៃ​ លោក ប៉ោ ភក្តិ បានជំរុញឱ្យធ្វើ​វិ​សោធ​នកម្មច្បាប់​អ​ន្តោប្រវេ​សន៍​ឆ្នាំ​១៩​៩​៤ ​ជា​ប​ន្ទាន់​ ​ដើ​ម្បីធា​នា​​​ប្រ​សិទ្ធ​ភា​ពគ្រ​​ប់​គ្រ​​​ង​ជ​នអ​ន្តោប្រវេសន៍។ ការជំរុញនោះ​ ក្រោយ​ពីរ​កឃើញថា ផ្នែក​មួយ​នៃប​ញ្ហា​នេះ គឺ​​អាជ្ញា​ធរវៀតណា​ម​​​​​មិ​​​ន​ព្រម​​ទទួ​​​ល​​​​យកព​លរដ្ឋខ្លួន​ដែលរស់នៅខុសច្បាប់នៅកម្ពុជា ទោះបី​ពួកគេចង់ទៅវិញក៏ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ