សកម្មជនបរិស្ថានអះអាងថា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួយភ្នំក្រវាញ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ដោយសារមន្ត្រីជំនាញធូររលុងក្នុងការអនុវត្តច្បាប់។
កាលពីដើមខែមីនា ឆ្នាំ២០២២នេះ អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ បានដាក់លិខិតមួយទៅក្រសួងបរិស្ថាន ដើម្បីសុំឱ្យលោករដ្ឋមន្ត្រី សាយ សំអាល់ អន្តរាគមន៍ទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងខេត្តកោះកុង ឱ្យបិទការដឹកឈើចេញកាត់តាមស្នាក់ការរងអំពិល និងស្នាក់ការបឹងថ្លុង នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
លិខិតបន្តថា ក្រោយទទួលបានព័ត៌មានពីពលរដ្ឋ ជុំវិញការកាប់និងដឹកឈើដោយខុសច្បាប់ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មន្ត្រីរបស់អង្គការនេះបានចុះទៅអង្កេតនៅស្នាក់ការរងបឹងថ្លុង ដោយឃើញមានការដឹកឈើជាហូរហែរ ដែលជាប្រភេទឈើសម្រាប់សាងសង់ផ្ទះ និងគំនរឈើបានលាក់ទុកក្បែរទីស្នាក់ការរងបឹងថ្លុង ដើម្បីត្រៀមដឹកចេញតាមគោយន្តនិងរទេះគោឆ្ពោះទៅខេត្តកំពង់ស្ពឺ កាត់តាមច្រកស្នាក់ការរងអូរត្រាវ ស្នាក់ការអន្លង់អង្គុញ និងមួយផ្នែកដឹកកាត់តាមស្នាក់រងអំពិល។
បើតាមលិខិតដដែលនេះ មន្ត្រីអង្គការនេះក៏បានចុះទៅអង្កេតនៅតំបន់អភិរក្សនៃជួរភ្នំក្រវាញ ព្រំប្រទល់ខេត្តកោះកុង ស្ថិតក្នុងស្រុកថ្មបាំង និងស្រុកស្រែអំបិល បានជួបប្រទះការកាប់ឈើនិងការដឹកឈើចេញជាបន្តបន្ទាប់ដូចគ្នានេះផងដែរ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ លោក ជា ហ៊ាន ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា បន្ទាប់ពីអង្គការដាក់លិខិតទៅក្រសួងបរិស្ថាន មន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទប់ស្កាត់ឬបង្ក្រាបបទល្មើសព្រៃឈើទាំងនោះ ប៉ុន្តែអនុវត្តបានតែរយៈពេលខ្លី ឬពេលមានបទបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ។
លោក ជា ហ៊ាន បន្តថា ថ្មីៗនេះ លោកបានចុះអង្កេតបទល្មើសព្រៃឈើនៅតំបន់ទាំងនោះម្ដងទៀត ដោយប្រទះឃើញបទល្មើសកាប់និងដឹកឈើជាហូរហែដដែល ដោយគ្មានការទប់ស្កាត់ឬបង្ក្រាបពីសំណាក់មន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធឡើយ។
ប្រធានអង្គការរូបនេះបានដាក់ការសង្ស័យថា បទល្មើសកើតឡើងដដែលមិនអាចទប់ស្កាត់នេះ អាចជាប់ពាក់ព័ន្ធអំពើពុករលួយណាមួយរវាងមន្ត្រីជំនាញជាមួយជនល្មើស និងជាកម្សោយនៃការអនុវត្តច្បាប់របស់មន្ត្រីជំនាញ ជាដើម។
លោកបន្ថែមថា៖ «ធាតុផ្សំ គឺជាមន្ត្រីនៅគោលដៅទាំងអស់ហ្នឹង បានប្រព្រឹត្តនូវអំពើល្មើសច្បាប់ ដោយសារតែអនុញ្ញាតឱ្យមានការកាប់បំផ្លាញព្រៃឈើ ដោយបានទទួលយកសំណូកក្នុងមួយគោយន្ត ៧ទៅ៨ម៉ឺនរៀល ហើយឱ្យសកម្មភាពប្រព្រឹត្តបទល្មើសនៅតែបន្ត។ នេះបើតាមការអះអាងរបស់អ្នកកាប់ជញ្ជូនឈើតាមគោយន្ត ដែលខ្ញុំសម្ភាសជាមួយគាត់។ គាត់ថា ពួកគាត់មកកាប់ឈើនេះ ដោយសារគាត់បង់លុយឱ្យមន្ត្រីបរិស្ថានតាមតំបន់គោលដៅ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានទេ ពាក់ព័ន្ធករណីនេះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា ក្រសួងតែងតែសហការជាមួយអង្គការដៃគូនានាដែលធ្វើការពាក់ព័ន្ធបរិស្ថាន ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។ លោកថា ប្រសិនបើមានបទល្មើសផ្សេងៗ អង្គការជាដៃគូត្រូវផ្ដល់នូវភស្តុតាងមកក្រសួង ដើម្បីចាត់វិធានការ។ លោកថា មន្រ្តីឧទ្យានុរក្សរបស់ក្រសួង តែងតែការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ។
យ៉ាងណា លោក ភក្រ្តា ទទួលស្គាល់ថា បទល្មើសធនធានធម្មជាតិនៅតែកើតឡើងក្នុងទ្រង់ទ្រាយតូចៗ ដែលត្រូវការការចូលរួមសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធ។ លោកថា ក្រសួងនៅតែផ្ដោតសំខាន់ទៅលើសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលក្រសួងពិបាកនឹងអនុវត្តច្បាប់ឱ្យបានល្អ ប្រសិនបើពលរដ្ឋនៅតែត្រូវការប្រាក់ចំណូលជាមូលដ្ឋាននោះ។
លោកបន្ថែមថា៖ «អ្វីដែលយើងគ្រប់គ្នាត្រូវធ្វើនោះ គឺការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន ជម្រើសការងារដល់ប្រជាពលរដ្ឋ មុខរបរដល់ប្រជាពលរដ្ឋ។ រាប់ទាំងអង្គការក្រៅរដ្ឋាភិបាលទាំងឡាយ ស្រឡាញ់បរិស្ថាន ការពារបរិស្ថាន សូមឱ្យពួកគាត់ចូលរួមរកដំណោះស្រាយទាំងអស់គ្នា ចៀសវាងត្រឹមតែនិយាយឱ្យតែបាន»។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ធ្លាប់ប្រាប់វីអូឌីថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព គឺរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យតឹងរ៉ឹង និងបើកទូលាយឱ្យសាធារណជន ដូចជា អង្គការសង្គមស៊ីវិល សហគមន៍ និងយុវជន បានចូលរួមចុះល្បាតដោយសេរី ក្រោយពីក្រសួងបានរឹតត្បិតនាពេលកន្លងមក។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ដាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា លើគម្រោង «ព្រៃឡង់បៃតង» ឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែលបិទខ្ទប់សំឡេងនិងសកម្មភាពសកម្មជនការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើសនៅតំបន់ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះនៅបន្តរងការកាប់បំផ្លាញ៕