កសិករខ្មែរជាច្រើននៅតែលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ ពិសេសបញ្ហាពិបាកលក់ផលិតផលកសិកម្ម ដោយថា ផលិតបានហើយ តែគ្មានទីផ្សារឬលក់ចេញមានតម្លៃថោក មិនអាចទូទាត់ការចំណាយបាន ដែលធ្វើឱ្យពួកគាត់ត្រូវបាត់បង់ប្រាក់ចំណូល និងជំពាក់បំណុលគេថែមទៀតផង។
ក្រុមអ្នកជំនាញនិយាយថា បញ្ហាប្រឈមទាំងនេះ ភាគច្រើនដោយសារពួកគេមិនទាន់បានចងក្រងគ្នាជាសហគមន៍ មិនទទួលបានការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសឬចំណេះដឹងក្នុងការដាំដុះ និងគ្មានដើមទុន ជាដើម។
ជាក់ស្ដែង កសិករដាំបន្លែមួយចំនួននៅខេត្តកណ្ដាល និងតាកែវ បានលើកឡើងថា ការចងក្រងគ្នាជាសហគមន៍ដាំបន្លែ បានផ្ដល់ចំណេះដឹង បច្ចេកទេស និងងាយស្រួលរកទីផ្សារលក់ផលិតផលរបស់ខ្លួន ធ្វើឱ្យចំណូលរបស់ពួកគាត់នៅស្ថិតស្ថេរ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ កន្លងមកក្ដី។
កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅនេះ អង្គការទស្សនៈពិភពលោក (World Vision Cambodia) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចនៅសហគមន៍ដាំបន្លែ២កន្លែង ក្នុងស្រុកស្អាង ខេត្តកណ្ដាល និងស្រុកសំរោង ខេត្តតាកែវ ដែលជាទីតាំងទទួលបានការបណ្ដុះបណ្ដាល និងគាំទ្រការដាំដុះដល់ពលរដ្ឋដោយមិនប្រើជាតិគីមី តាមរយៈគម្រោងរបស់ភាគីទាំង២។
គម្រោងនេះត្រូវបានដាក់ឈ្មោះថា «ម៉ាស់ ២ ឬ MASE 2» ជាគម្រោងពង្រីកសេវាកសិកម្ម និងសិទ្ធិលក់ដូរខ្នាតតូច ដោយធ្វើការជាមួយរដ្ឋាភិបាល ស្ថាប័នឯកជន ដើម្បីផ្ដល់ការគាំទ្រប្រកបដោយគុណភាពដល់កសិករ ដូចជា ផ្ដល់គ្រាប់ពូជ បច្ចេកទេស តភ្ជាប់ទៅកាន់ទីផ្សារ។
គម្រោងនេះគ្របដណ្ដប់លើ ៤៥៥ភូមិ -ឃុំ ១៦ស្រុក នៃខេត្តតាកែវ និងខេត្តកណ្ដាល ក្នុងគោលបំណងបង្កើនប្រាក់ចំណេញ និងបង្កើនផលិតភាពដល់កសិករតាមរយៈការដាំបន្លែសុវត្ថិភាព។
កសិករដាំបន្លែនៅស្រុកស្អាង ខេត្តកណ្ដាល អ្នកស្រី ប៉ោក ស្រៀង លើកឡើងថា អ្នកស្រីបានចូលរួមក្នុងគម្រោងសហគមន៍ដែលមានការគាំទ្រពីអង្គការទស្សនៈពិភពលោកកម្ពុជា តាមរយៈគម្រោង MASE 2 ក្នុងនោះ ទទួលបានការបណ្ដុះបណ្ដាលនូវបច្ចេកទេសដាំបន្លែ របៀបធ្វើជីកំប៉ុស របៀបចិញ្ចឹមសត្វ ព្រមទាំងទទួលបានសម្ភារដូចជាស្បៃនិងរោងដាំបន្លែ ជាដើម។
អ្នកស្រីរំឭកថា មុនពេលប្រកបរបរដាំបន្លែដែលចងក្រងគ្នាជាសហគមន៍ដូចសព្វថ្ងៃ គាត់និងស្វាមីធ្លាប់ប្រកបរបរជាអ្នកនេសាទ តែទទួលបានចំណូលមិនទៀងទាត់ ទើបងាកមកដាំបន្លែវិញ។ យ៉ាងណា ការដាំជាលក្ខណៈគ្រួសារពុំមានបច្ចេកទេស និងការបណ្ដុះបណ្ដាលត្រឹមត្រូវ ហើយខ្វះខាតដើមទុនទៀតនោះ គឺពុំបានផលដូចការរំពឹងទុកឡើយ។ អ្នកស្រីបន្តថា ការដាំបន្លែដោយមានកិច្ចសហការ ឬចងក្រងជាសហគមន៍ និងមានការគាំទ្រ ទើបផ្ដល់ចំណូលទៀងទាត់ ហើយទីផ្សារស្ថិតស្ថេរ។
អ្នកស្រី ប៉ោក ស្រៀង ប្រាប់ថា៖ «[ដាំជាសហគមន៍ផ្ដល់ភាពល្អប្រសើរ] ស្រួលជាងមុន ព្រោះអីក្រុមហ៊ុនគេឱ្យតម្លៃយើងថេរ វាអត់អាចទាបនឹងទីផ្សារសេរីៗ មានចុះមានឡើង។ តម្លៃហ្នឹងថេរ ហើយយើងធ្វើក៏អត់ខាតដែរ ហើយបើផ្សារសេរី ទោះវាឡើង [ឧទាហរណ៍បន្លែមួយគីឡូក្រាម] ៥ ០០០ [រៀល] ក៏យើងអត់ស្ដាយដែរ ព្រោះអីវាមានចុះ ៥០០ [រៀលវិញ] ដល់អ៊ីចឹងយើង [លក់បាន]ថោកៗ អត់បានលុយទេ យើងមានតែជំពាក់លុយចិន។ ហើយដល់យើងដាំអានេះ [ជាសហគមន៍] តម្លៃថេរ ខ្ពស់ យើងអត់មានជំពាក់លុយចិន ខ្ញុំចូលចិត្តអាអ៊ីចឹង ហើយណាមួយយើង [ប្រមូលផលបន្លែ] បានវិលជុំរាល់ថ្ងៃ»។
កសិករនៅខេត្តកណ្ដាលរូបនេះបន្តថា បច្ចុប្បន្ន គាត់ដាំបន្លែ ដូចជា ខាត់ណា ខាត់ណាផ្កា ស្ពៃចង្កឹះ ស្ពៃតឿ ត្រកួន ល្ពៅ និងសាលាដ ជាដើម ពោលគឺមិនក្រោម២០មុខទេ ខណៈពូជបន្លែទិញពីក្រុមហ៊ុន។ គាត់ដាំបន្លែចម្រុះនេះបណ្ដាក់គ្នាលើផ្ទៃដីដែលមានបណ្ដោយ១០០ម៉ែត្រ និងទទឹង១៥ម៉ែត្រ។ បន្លែមួយមុខមានពី៣ទៅ៤រង ហើយបន្លែមួយមុខៗថែទាំជាមធ្យម១ខែកន្លះទើបប្រមូលផល ដោយអាចលក់ប្រមាណ៧០-១០០គីឡូក្រាមរាល់ថ្ងៃ និងបានផលចំណេញជាមធ្យមពី៣ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។
អ្នកស្រី ប៉ោក ស្រៀង ថាតាំងពីបានចូលរួមដាំបន្លែជាសហគមន៍រយៈពេល៣ឆ្នាំមកនេះ គាត់មានប្រាក់កាសទិញរបស់របរដែលចង់បាន លែងជំពាក់បំណុលគេដូចពីមុន និងអាចបញ្ជូនកូនទៅសាលារៀនដោយគ្មានការបារម្ភ។
កសិកររូបនេះប្រាប់ថា៖ «[តាំងពីចងជាសហគមន៍មក ខ្ញុំបាន] រីកចម្រើន បានរបស់ដូចជា [ទិញបាន] ម៉ូតូ រ៉ឺម៉ក។ យើងទិញរបស់បានអ៊ីចឹង ហើយកូនទៅរៀន យើងធូរ [អត់ពិបាករឿងលុយកាក់]។ ប្រៀបធៀបកាលមុនៗលំបាកណាស់ ព្រលឹមឡើងគិតថាពេលល្ងាចទៅខ្ចីលុយគេទុកឱ្យកូនទៅរៀន អត់មានអីលក់ទេ ប៉ាវាបានត្រីមកបានដឹងថាលក់ត្រីបានៗលុយ បើប៉ារកអត់បាន អត់ដដែលហ្នឹង ខ្វះផុតៗហ្មង ហើយកូន៥នាក់»។
បើតាមអ្នកស្រី ប៉ោក ស្រៀង មានក្រុមហ៊ុនមិនក្រោម៤ទេដែលរង់ចាំទិញបន្លែពីសហគមន៍ដើម្បីយកទៅចែកចាយបន្ត ហេតុដូច្នេះទើបបន្លែរបស់គាត់និងអ្នកភូមិលក់មិនដែលសល់ទេ។
ប្រធានសហគមន៍កសិកម្ម «ស្វាយប្រទាលក្នុងក្ដីសង្ឃឹម» នៅស្រុកស្អាង ខេត្តកណ្ដាល អ្នកស្រី ទូច ផិច លើកឡើងថា បច្ចុប្បន្នសហគមន៍នេះមានសមាជិក៣៧១គ្រួសារ និងមានដើមទុនជាង៣៤៦លានរៀល ឬជិត១០ម៉ឺនដុល្លារអាមេរិកក្នុងដៃ។
ស្រ្តីដែលជាប់ជាប្រធានសហគមន៍តាំងពីឆ្នាំ២០១៥រូបនេះ បន្តថា ពីមុន អ្នកភូមិដាំបន្លែតាមការយល់ឃើញរបស់ខ្លួន ដោយប្រើថ្នាំនិងជីគីមីច្រើន ទើបធ្វើឱ្យពួកគាត់ប្រឈមបញ្ហាទីផ្សារ។ យ៉ាងណា បន្ទាប់ពីពួកគាត់បានចូលជាសមាជិកសហគមន៍ ពលរដ្ឋបានស្វែងយល់ពីផលប៉ះពាល់នៃជាតិគីមី ហើយងាកមកដាំបន្លែសុវត្ថិភាពវិញ។
ប្រធានសហគមន៍រូបនេះបន្តថា ឃុំស្វាយប្រទាល មានពលរដ្ឋចំនួនជិត២ម៉ឺននាក់ (១៧ ៣៤២) គិតត្រឹមឆ្នាំ២០២១។ អ្នកស្រីថា ពលរដ្ឋបានចូលជាសមាជិកសហគមន៍ជាបន្តបន្ទាប់ ដោយសារឃើញពីសាមគ្គីភាព ហើយផលិតផលកសិកម្មរបស់ពួកគាត់ក៏មានទីផ្សារល្អ និងធ្វើឱ្យអ្នកភូមិមានចំណូលទៀងទាត់ផងដែរ។
អ្នកស្រី ទូច ផិច ថា៖ «ប្រជាពលរដ្ឋគាត់តែងលើកសរសើរពីសហគមន៍ដែរ! កាលពីមុន គ្មានអង្គការ ក្រសួង ឬគម្រោងណាចុះមកបណ្ដុះបណ្ដាលគាត់ទេ ក្នុងការដាំបន្លែដាំអី គាត់ដាំតាមតែគាត់យល់ឃើញ។ ដល់តែឥលូវមានការគាំទ្រពីអង្គការទស្សនៈពិភពលោក គម្រោងម៉ាស់២ គម្រោងផ្សេងៗ គាត់មានបច្ចេកទេសដាំដុះ គាត់ដាំបន្លែលក់បានថ្លៃ។ ពីមុន បន្លែគាត់អត់ទីផ្សារទេ គាត់ប្រើជាតិគីមីច្រើន គឺថ្នាំ! ដល់ពេលលក់អត់ដាច់ ចាក់ចោលគល់ក្រសាំង ចោលបន្លែទាំងកញ្ឆេ»។
ដោយឡែក កសិករមួយរូបទៀតនៅស្រុកសំរោង ខេត្តតាកែវ អ្នកស្រី អៀប សុភា និយាយថា គាត់បានស្គាល់គម្រោង MASE 2 តាមរយៈការណែនាំរបស់មន្ត្រីអង្គការទស្សនៈពិភពលោក។ អ្នកស្រីថា កាលពីមុន គាត់ដាំបន្លែចម្រុះនៅជុំវិញផ្ទះជាលក្ខណៈគ្រួសារ ដោយពុំមានបច្ចេកទេសត្រឹមត្រូវនោះទេ ពោលគឺចេះតែដាំតាមការគិតរបស់ខ្លួន។
យ៉ាងណា ក្រោយពីបានឃើញពីការព្យាយាមដាំបន្លែរបស់អ្នកស្រី មន្ត្រីគម្រោងក៏បានណែនាំឱ្យចូលជាសមាជិកសហគមន៍ ដើម្បីទទួលការបណ្ដុះបណ្ដាលនូវបច្ចេកទេស និងមានការគាំទ្រផ្សេងៗ។
មកទល់ខែមីនា ឆ្នាំ២០២២ អ្នកស្រីថា គាត់ចូលរួមក្នុងគម្រោងនេះបាន២ឆ្នាំមកហើយ ដោយដាំបន្លែលើផ្ទៃដីដែលមានបណ្ដយ៦០ម៉ែត្រ និងទទឹង៣០ម៉ែត្រ និងទទួលបានចំណូលជាមធ្យមប្រមាណ១លានរៀលឬលើសពីនេះក្នុងមួយខែ។
ស្ត្រីពិការដៃឆ្វេងពីកំណើតរូបនេះ ប្រាប់ថា គាត់បានជាប់លេខ២ជាស្ត្រីឆ្នើមប្រចាំស្រុកសំរោង ដោយសារការដាំបន្លែមានគុណភាព និងចែករំលែកចំណេះដឹងដល់ពលរដ្ឋដទៃ។
អ្នកស្រីថា៖ «ស្លឹកគ្រៃ និយាយរួម គ្រប់គ្រឿងហូប មានស្លឹកកន្ទ្រោប គេឃើញផ្ទះខ្ញុំមានទាំងអស់ មានរំដេងអីអ៊ីចឹង ឥលូវគេងាកមក ដូចថាពេលគាត់ឃើញពីខ្ញុំអ៊ីចឹងទៅ ខ្ញុំពន្យល់គាត់។ គាត់មក [ផ្ទះខ្ញុំ] អ៊ីចឹងទៅ គាត់[សួរ]ថាដូចខ្ទឹមអ៊ីចឹង ខ្ញុំដាំក្នុងថូ ម៉េចក៏គាត់ដាំមិនបាន? ហេតុអីក៏ខ្ញុំដាំបាន? ខ្ញុំថាខ្ញុំបានចូលរួមជាមួយគម្រោងៗ គាត់បានបង្រៀនខ្ញុំពីរបៀបធ្វើជី របៀបលាយដីជាមួយជីហ្នឹង។ អ៊ីចឹងខ្ញុំប្រាប់ដល់ពួកគាត់ ខ្ញុំថាមិនមែនដាក់តែអាចម៍គោទេ លាយអញ្ចេកៗអ៊ីចឹង។ ហើយពេលគាត់ទៅដល់ផ្ទះ គាត់ធ្វើដូចខ្ញុំ ពេលឥលូវគាត់អាចកាត់បន្ថយ [ការទិញពីផ្សារ] បានច្រើន ទោះបីបន្លែគាត់មិនបានដាំខ្លួនឯង ក៏គាត់បានគ្រឿង [ធ្វើម្ហូប] បានអីអ៊ីចឹង»។
មន្ត្រីឯកទេសអភិវឌ្ឍន៍កសិកម្មនៃគម្រោង MASE 2 លោក ម៉ឹង សុវណ្ណថា លើកឡើងថា លោកនិងគ្រូបង្គោលមួយចំនួនទៀតបានបណ្ដុះបណ្ដាលកសិករជាង១ ៥០០នាក់មកពីសហគមន៍ផ្សេងៗគ្នានៅខេត្តតាកែវ និងកណ្ដាល។ ក្នុងនោះមានការបណ្ដុះបណ្ដាលបច្ចេកទេសពីការដាំដុះ សម្ភារត្រៀមសម្រាប់ដាំយ៉ាងលម្អិត របៀបធ្វើជី ការគ្រប់គ្រងទឹក របៀបការពារហានិភ័យនៃការដាំ និងទីផ្សារជាដើម។
យ៉ាងណា លោកថាមានផលវិបាកខ្លះៗដែរ ដោយសារកសិករមួយចំនួនពិបាកក្នុងការសម្របទៅនឹងការអនុវត្ត ដែលទាមទារឱ្យមានការបង្ហាញច្រើនជាងទ្រឹស្ដី ដើម្បីពួកគាត់យល់និងអាចចែករំលែកបន្តទៅអ្នកផ្សេងទៀត។
គ្រូឯកទេសរូបនេះបន្តថា លោកបណ្ដុះបណ្ដាលកសិករលើការដាំដុះបន្លែប្រមាណ២៥មុខ ដោយមួយមុខៗចំណាយពេលបង្រៀនពី២-៤ថ្ងៃ។
លោកបន្តថា ការចងក្រងជាសហគមន៍របស់កសិករជំរុញឱ្យមានការពិភាក្សា ផ្ដល់ព័ត៌មានពីទីផ្សារទៅវិញទៅមក មានប្រសិទ្ធភាពជាងលក្ខណៈគ្រួសារឬឯកជនដាច់ដោយឡែកៗ។
លោក ម៉ឹង សុវណ្ណថា បន្ថែមថា៖ «បើសិនជាក្នុងករណីដែលយើងបង្រៀនពួកគាត់រប៉ាត់រប៉ាយ ទៅណេះមួយ ទៅណោះមួយអ៊ីចឹង ទី១ គឺពាក់ព័ន្ធជាមួយគ្រូ គឺដាច់ខ្យល់! ទៅអត់រួចទេ! យើងរត់១៥ ០០នាក់ហ្នឹង គឺយើងអត់អាចទៅសព្វទេ។ បើសិនជាករណីពួកគាត់ចងក្រងជាក្រុម ពួកយើងទៅជាបន្ដុំ ហើយមានភាពងាយស្រួលក្នុងការផ្ទេរជំនាញ ចំណេះដឹង ហើយនិងការអនុវត្តអីផ្សេងៗ គឺឆាប់ៗទទួលបាន»។
បើតាមលោក ម៉ឹង សុវណ្ណថា ឱ្យដឹងថា ជំហានដំបូង គម្រោងឧបត្ថម្ភដល់សហគមន៍នូវរាល់សម្ភារ ឧបករណ៍ និងគ្រាប់ពូជ តែបន្ទាប់មកគឺពួកគាត់អាចពង្រីកការដាំដុះដោយខ្លួនឯង។
ជំទប់ទី២ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល លោក ម៉ាត់ សាលីម លើកឡើងថា កាលពីមុន ពលរដ្ឋប្រកបរបរដាំបន្លែដោយប្រើជីនិងថ្នាំគីមី ដើម្បីបានបរិមាណនិងសោភ័ណភាព ដោយមិនបានខ្វល់ពីគុណភាពនិងផលប៉ះពាល់ឡើយ។
យ៉ាងណា លោកថា ក្រោយពលរដ្ឋចូលសហគមន៍ ពួកគាត់មានការយល់ដឹងច្រើនជាងមុនពីផលប៉ះពាល់នៃថ្នាំគីមី ហើយបានកែប្រែឥរិយាបថពីការប្រើសារធាតុគីមីទៅជាប្រើជីនិងថ្នាំតាមលក្ខណៈធម្មជាតិវិញ។
ក្រៅពីនោះ លោកថា ការប្រមូលផ្ដុំគ្នារបស់សហគមន៍ទទួលបានការណែនាំពីអនាម័យ មានចំណូល ធ្វើឱ្យពលរដ្ឋមានសុខភាពល្អ មានពេលវេលាជួបជុំគ្រួសារ និងជំរុញឱ្យកូនបានទៅរៀនសូត្រកាន់តែច្រើន។
លោកថា អាជ្ញាធរឃុំបានផ្ដល់ទីតាំងសាងសង់អគារសម្រាប់សហគមន៍ពិភាក្សា ប្រជុំផ្លាស់ប្ដូរយោបល់ និងអភិវឌ្ឍនៅមូលដ្ឋាន។
លោក ម៉ាត់ សាលីម ថា៖ «បើយើងទៅធ្វើតែឯង គេមិនសូវចាប់អារម្មណ៍ទេ។ បើយើងធ្វើគ្នាច្រើនទៅ វាមានដូចថាចែករំលែកគ្នា ហើយនិងទំនាក់ទំនងទៅ។ យើងរកម៉ូយរៀងៗខ្លួនមែន ប៉ុន្តែម៉ូយយើងគេត្រូវការ១០០គីឡូ ហើយយើងមានតែ១០-២០គីឡូ អ៊ីចឹងយើងទៅអូសទាញគ្នាមកចូលរួម។ អាហ្នឹងហើយដែលធ្វើឱ្យជីវភាពប្រសើរហ្នឹង ចងក្រងផលប្រយោជន៍ដែលចំណេញពីសហគមន៍ហ្នឹងវាអ៊ីចឹង»។
នាយកប្រតិបត្តិរបស់អង្គការទស្សនៈពិភពលោកនៅកម្ពុជា លោក ឡេង វីរៈ ថ្លែងថា គម្រោង MASE 2 របស់អង្គការមួយនេះដែលផ្ដល់ជំនួយដោយប្រទេសអូស្ត្រាលី ចង់ឃើញសហគមន៍កម្ពុជាមានពលរដ្ឋដាំបន្លែធម្មជាតិឬបន្លែសុវត្ថិភាពឱ្យបានច្រើន។ លើសពីនេះ ក៏ចង់ឃើញពលរដ្ឋមានចំណេះដឹង បច្ចេកទេស មានជីវភាពប្រសើរ ហើយផ្គត់ផ្គង់បន្លែសុវត្ថិភាពដល់អ្នកបរិភោគកាន់តែទូលំទូលាយ។
លោកបន្តថា គម្រោងនេះធ្វើការជិតស្និទ្ធជាមួយពលរដ្ឋក្នុងសហគមន៍មួយចំនួននៅខេត្តកណ្ដាល និងតាកែវ ដោយរំពឹងថានឹងជួយគាំទ្រសហគមន៍ឱ្យមានចំណូលកើនឡើង ចែករំលែកចំណេះដឹងបន្តដល់សហគមន៍ផ្សេងទៀត។
នាយកប្រតិបត្តិរបស់អង្គការទស្សនៈពិភពលោកនៅកម្ពុជារូបនេះ បន្ថែមថា ការចងជាសហគមន៍ជំរុញឱ្យមានការឆើ្លយតបនឹងបញ្ហាបច្ចេកទេសមានប្រសិទ្ធភាពជាងពួកគាត់នៅដោយឡែកៗ។ លោកថា ប្រិនបើកសិករមិនចងក្រងគ្នាជាចង្កោម នោះការផ្សព្វផ្សាយបច្ចេកទេសថ្មីៗរបស់អ្នកជំនាញគឺមានការលំបាក។
ក្រៅពីនេះ លោកថា ពេលពលរដ្ឋដាំជាលក្ខណៈគ្រួសារ ពួកគាត់ច្រើនជួបប្រទះបញ្ហាទីផ្សារ ជាពិសេសទាក់ទងនឹងតម្លៃទាប ព្រោះអាស្រ័យលើឈ្មួញជាអ្នកកំណត់។
លោក ឡេង វីរៈ គូសបញ្ជាក់ថា៖ «បើសិនជាយើងនៅក្នុងសហគមន៍ជាមួយគ្នា យើងជាអ្នកផលិតជាមួយគ្នា ហើយយើងចេះតែលក់ដេញថ្លៃគ្នា ធ្វើឱ្យតម្លៃ [បន្លែ] ហ្នឹងថោក! អ្នកណាជាអ្នកខាត? គឺយើងជាអ្នកខាត។ អ៊ីចឹងហើយការរួបរួមជាក្រុម ជាពួកផ្សេងៗ ដើម្បីឱ្យមានសាមគ្គីភាពគ្នា ស្រឡាញ់គ្នា ដោះស្រាយជាមួយរឿងអស់ហ្នឹង មានន័យថាយើងមានតម្លៃរួម។ យើងក៏បានរួមចំណែកនៅក្នុងការគិតគូរអំពីសង្គម ការគិតគូរអំពីផលប្រយោជន៍ ទំនាក់ទំនងជាមួយនឹងអ្នកងាយរងគ្រោះ។ យើងត្រូវជួយគាត់របៀបម៉េចខ្លះដែរ»។
យ៉ាងណា លោកថា បើទោះបីជាគម្រោងរបស់អង្គការបញ្ចប់នាពេលអនាគត ប៉ុន្តែទំនាក់ទំនងឬការផ្តល់យោបល់នានារបស់អ្នកជំនាញទៅដល់កសិករនឹងនៅតែបន្ត។
អនុប្រធានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Andreas Zurbrugg ថ្លែងដែលមានន័យជាភាសាខ្មែរថា គម្រោងគាំទ្រកសិករនេះបានអនុវត្តន៍រយៈពេល៧ឆ្នាំមកហើយ ដោយបានជួយកសិករចំនួន៥ ៥០០គ្រួសារឱ្យមានជីវភាពប្រសើរឡើង។
លោកបន្តថា បន្ទាប់ពីការអនុវត្តមានសញ្ញាវិជ្ជមាន ដោយប្រជាកសិករបានចងក្រងជាសហគមន៍ បង្កើនទិន្នផលដែលមានគុណភាពខ្ពស់ មិនប៉ះពាល់ដល់សុខភាពពលរដ្ឋ ស្របពេលរដ្ឋាភិបាលអូស្ត្រាលីចង់ឃើញកសិករកាន់តែមានការអភិវឌ្ឍលើវិស័យនេះបន្ថែមទៀត។
លោកថា៖ «នៅកម្ពុជាគឺនៅមានបញ្ហាលទ្ធភាពនិងកម្រិតនៅក្នុងការផលិតកសិផល បើធៀបនឹងប្រទេសផ្សេងនៅអាស៊ាន។ អ៊ីចឹងអ្វីដែលអាចបង្កើតគុណតម្លៃបន្ថែមទៅលើផលិតផលកសិផលរបស់ពលរដ្ឋ ដើម្បីលក់នៅលើទីផ្សារបានតម្លៃខ្ពស់សម្រាប់គោលដៅនាំចេញនិងផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុក គឺជាចំណុចសំខាន់ដែលគួរតែគិតគូរ»៕