តុលាការ​បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំខ្លួន​តំណាង​ស្ថាបនិក​គណបក្ស​បេះដូងជាតិ លោក សៀម ភ្លុក

លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ។ (ហ្វេសប៊ុក៖ Seam Pluk)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺឱ្យបានមុនថ្ងៃទី២៥ ខែមេសានេះ ពាក់ព័ន្ធនឹងបទចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើត​គណបក្សបេះដូងជាតិ។

យោងតាមដីកាចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ របស់លោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គប់ឱ្យកងកម្លាំងសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ដោយសម្អាងថា ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញនៅចំពោះមុខចៅក្រមស៊ើបសួរ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ជុំវិញករណីនេះពីអ្នកនាំពាក្យស្នងការនគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បានទេ នៅរសៀលថ្ងៃសុក្រនេះ។

អតីតតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានប្រាប់ វីអូឌី នៅថ្ងៃសុក្រ​នេះ​ថា លោក​មានការ​ភ្ញាក់ផ្អើលនៅពេលដឹងថា តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​កម្លាំងសមត្ថ​កិច្ច​នាំខ្លួនលោក​ទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការនៅចុងខែមេសាខាងមុខនេះ។

លោកបានចាត់ទុកករណីនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅ​លើរូបលោក ក្រោយពីលោកបានបង្ហាញជំហរគាំទ្រគណបក្សភ្លើងទៀន នៅក្រោយពេល​ក្រសួងមហា​ផ្ទៃបាន​បដិសេធ​សំណើ​បង្កើតគណបក្សបេះដូងជាតិរបស់លោករួចមក។

លោកថា៖ «នេះជាការបារម្ភហើយ ប៉ុន្តែបើលោកចាត់ការយ៉ាងម៉េច វាអាស្រ័យតុលាការ ខ្ញុំអត់មានសិទ្ធិតវ៉ា ព្រោះអត់មានអំណាចកម្លាំងបាយ ខ្ញុំតតាំងកម្លាំងសីលធម៌ តែកម្លាំងនយោ​បាយ បើតុលាការសម្រេចចិត្តយ៉ាងម៉េច វាអាស្រ័យឆន្ទានុសិទ្ធិរបស់តុលាការ ហើយនិងគណបក្សកាន់អំណាច។ អាហ្នឹងយើងធ្វើទៅតាមគេហ្នឹងទៅ បើគេនាំខ្លួនខ្ញុំយ៉ាងម៉េច គេត្រូវចាប់ឃុំឬគេដោះលែង អាស្រ័យលើតុលាការ ខ្ញុំអត់មានសិទ្ធិនិងកម្លាំងអីទៅតវ៉ាទេ»។

លោក សៀម ភ្លុក បន្តថា ចាប់តាំងពីតុលាការកំពូលសម្រេចបដិសេធបណ្ដឹងរបស់គណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១មក រូបលោកនិងសកម្មជនបក្សនេះបានឈប់ធ្វើសកម្មភាពនិងឈប់តវ៉ាអ្វីទៀត ដោយយល់ព្រមទៅតាមការសម្រេចរបស់តុលាការ​កំពូល។ យ៉ាងណាក្ដី លោកថា លោកកំពុងរង់ចាំដីកាកោះហៅរបស់តុលាការដើម្បី​ចូល​បំភ្លឺ បន្ទាប់ពីលោកបានអាក់ខានមិនបានចូលបំភ្លឺម្ដងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា តុលាការគួរអនុវត្តនីតិវិធីនៃការបញ្ជូនដីកាឡើងវិញ មុននឹងចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនជនណាម្នាក់ទៅសាកសួរ។ មួយវិញទៀត លោកកត់សម្គាល់ថា សមត្ថកិច្ចគួរតែចាត់វិធានការរឿងនេះទៅតាមច្បាប់ ស្ដីពីគណបក្សនយោបាយ បើសិនជារកឃើញថា ការបង្កើតគណបក្សបេះដូងជាតិមានភាពមិនត្រឹមត្រូវនោះ។

លោកថា៖ «តើការកោះហៅដើម្បីឱ្យគាត់មកបំភ្លឺនៅតុលាការហ្នឹង បានផ្ដល់ដីកាឱ្យគាត់បាន​ត្រឹមត្រូវដែរឬអត់? ដំណាក់កាលទី១ ហើយមានដំណាក់កាលទី២ ឬរហូតដល់គេមើល​ឃើញគាត់មិនចូលខ្លួនសហការជាមួយតុលាការ អាហ្នឹងបានតុលាការមានសិទ្ធិចេញដីកាបង្ខំឱ្យមានការចាប់ខ្លួន និងឱ្យប៉ូលិសនាំខ្លួន។ ក៏ប៉ុន្តែខ្ញុំគិតថា រឿងនេះជារឿងមួយដែលវាមានពាក់ព័ន្ធនឹងបញ្ហានៃការបង្កើតគណបក្សនយោបាយ ដូច្នេះ គួរណាស់ខាងសមត្ថកិច្ចចាត់វិធានការរឿងហ្នឹងទៅតាមរឿងបញ្ហាការឱ្យបង្កើតគណបក្សនយោបាយបានឬមិនបាន ទៅតាមច្បាប់ស្ដីពីការបង្កើតគណបក្សនយោបាយទៅ»។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅឱ្យលោក សៀម ភ្លុក ចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិក។ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនានោះ លោកមិនបានចូលបំភ្លឺ ដោយសារមិនបានទទួលដីកាតុលាការ។

គណបក្សបេះដូងជាតិ ដែលគេសង្ស័យថា លោក សម រង្ស៊ី ស្ថិតនៅ​​ពីក្រោយ​​នៃការ​បង្កើត​​គណ​​បក្សថ្មីថ្មោងមួយនេះ ត្រូវបានក្រសួងមហាផ្ទៃចោទប្រកាន់ថាបាន «ក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត»។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបដិសេធចំពោះការស្នើសុំចុះឈ្មោះក្នុងបញ្ជីបង្កើតគណបក្សនយោបាយរបស់ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក។ ដោយមិនសុខចិត្តទៅនឹងការសម្រេចនេះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀម ភ្លុក ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដើម្បីតវ៉ា ប៉ុន្តែបណ្ដឹងប្រឆាំងនឹងសេចក្ដឹសម្រេចនេះត្រូវបានតុលាការកំពូលសម្រេចច្រានចោលនៅចុងឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ