រដ្ឋាភិបាល​និង​សង្គមស៊ីវិល​ចាប់ដៃគ្នា​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​កិច្ចគាំពារ​សង្គម

បុរសម្នាក់កំពុងបើកម៉ូតូនៅមុខមណ្ឌលសុខភាពព្រែកអំបិល ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) អង្គការអុកស្វាម រួមជាមួយអង្គការសង្គមស៊ីវិលចំនួន៦ទៀត បានចាប់ដៃគ្នាបើកយុទ្ធនាការផ្សព្វផ្សាយនៅទូទាំងប្រទេស ស្ដីពី កម្មវិធីកិច្ចគាំពារសង្គម ដោយផ្ដោតលើសារៈសំខាន់នៃបណ្ណសមធម៌ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល ជាដើម។

យុទ្ធនាការនេះនឹងផ្ដោតជាសំខាន់ទៅលើពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ជាពិសេស​ក្រុមជនជាតិដើមភាគតិច តាមរយៈវិទ្យុក្នុងស្រុក ដំណឹងតាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម ក្រុមតេឡេក្រាម និងការប្រជុំដោយផ្ទាល់នៅតាមសហគមន៍ ដែលមានប្រើប្រាស់ជាភាសាពូនង គ្រឹង កួយ ទំពូន និងចារាយ ជាដើម។

នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ មានប្រសាសន៍ថា៖ «កិច្ចគាំពារសង្គម គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់កាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនពីផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមនៅទូទាំងវដ្តជីវិតរបស់ពួកគេ។ កិច្ចគាំពារសង្គមបានបង្ហាញពីសក្ដានុពលក្នុងការគាំទ្របុគ្គលដែលរស់នៅក្នុងភាពក្រីក្រ ឬបុគ្គលដែលប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។ ដូច្នេះ ជាការចាំបាច់និងបន្ទាន់ដែលត្រូវធ្វើការសម្របសម្រួលកិច្ចសហការពហុភាគី ដើម្បីដោះស្រាយបញ្ហាកង្វះខាតចំណេះដឹង និងការយល់ដឹង»។

យោងតាមការសិក្សារបស់អង្គការអុកស្វាម កាលពីខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា ៥៤% នៃអ្នកដែលបានធ្វើការស្ទង់មតិ បានឆ្លើយថា ពួកគេបានដឹងអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាល ខណៈ ៤១% បានដឹងអំពីមូលនិធិសមធម៌សុខាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ