មន្ត្រី​ក្រសួង​សុខាភិបាល​ អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ក្នុង​ពេល​សម្រាក​បុណ្យ​​ចូល​​ឆ្នាំ​

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ដូស​មូលដ្ឋាន ទៅចាក់​នៅក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី ចាប់ពី​ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាង​មុខ​នេះ។

តាមរយៈសារជាសំណេរនៅថ្ងៃទី៩ ខែមេសា នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្រើនរំលឹកថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិត​មនុស្សពីការឈឺធ្ងន់និងសេចក្តីស្លាប់។

លោកស្រីបានសរសេរថា៖ «លោកអ្នកដែលមិនទាន់បានចាក់ ទាំងដូសមូលដ្ឋាន ដូសទី៣  និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមមូលដ្ឋាន​សុខាភិបាលសាធារណ: ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងកំសាន្ត ឬវត្តអារ៉ាមមួយចំនួនដែលរៀបចំឡើង​ដោយរដ្ឋបាល​រាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២»

បន្ថែមលើនេះ លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារ ៣ការពារ និង៣កុំ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាពិសេស​នៅក្នុង​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរខាងមុខនេះ។

គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានចំនួន ១៤ ៨៤៣ ៤៩៩នាក់ ស្មើនឹង ៩២,៧៧% បើធៀបនឹងប្រជាពលរដ្ឋ​សរុប ១៦ លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ