ក្រដាស​ប្រាក់​ ១៥ ០០០​រៀល​ទទួល​បាន​ពាន​រង្វាន់​​ឆ្នើម​​ប្រចាំ​តំបន់​អាស៊ី​​និង​ប៉ាស៊ី​ហ្វិក​​ប្រចាំ​ឆ្នាំ​២០១៩​

ធនាគារជាតិ នៃ កម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

ធនាគារជាតិកម្ពុជាបានឱ្យដឹងថា ក្រដាសប្រាក់រៀលខ្មែរមួយប្រភេទ គឺក្រដាស ១៥ ០០០រៀល  ត្រូវបានទទួលពានរង្វាន់​ធនបត្រថ្មីឆ្នើម​ប្រចាំតំបន់អាស៊ី​ និងប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ២០១៩​ ពីស្ថាប័នអន្តរជាតិ Reconnaissance។

ក្នុងលិខិតរបស់ធនាគារជាតិនៃកម្ពុជា ចុះ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កន្លងមក រដ្ឋាភិបាល​ឱ្យធនាគារ​ជាតិនៃកម្ពុជាបោះពុម្ភធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥ ០០០ រៀល ​ ដើម្បីចូលរួមអបអរ​សាទខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយមក ត្រូវបានស្ថាប័នអន្តរជាតិ Reconnaissance ជ្រើសរើសថាជា​ធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធន​បត្រប្រកប​ដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។

លិខិតដដែលបញ្ជាក់ថា ដើមចមដែលនាំឱ្យស្ថាប័នអន្តរជាតិ Reconnaissance សម្រេចផ្តល់ពានរង្វាន់​ធនបត្រថ្មី​ឆ្នើមនេះ ដោយសារបច្ចេកទេស​នៃការផលិត​ក្នុងស្រុករបស់ធនាគារជាតិនៃកម្ពុជា មានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមាន​ការ​រួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងពី​បេតិកភណ្ឌវប្បធម៌ក្នុង​ប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ពិសេសមានបច្ចេកវិទ្យា​ខ្ពស់ក្នុងការកាពារការក្លែងបន្លំ។

​ប្រភពដដែលបញ្ជាក់ថា ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើជារៀងរាល់ឆ្នាំទេ គឺធ្វើឡើងនៅពេលដែលមាន​វត្តមានធនបត្រ​ដែលមានលក្ខណៈសម្បត្តិស័ក្តិសម ប្រកបដោយគុណភាព និងបច្ចេកទេសតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ