អ្នកសារព័ត៌មាន​ម្នាក់​រក​អ្នកច្បាប់​ការពារ ក្រោយ​តុលាការ​ខេត្តព្រះវិហារ​ចេញដីកា​ឱ្យនាំខ្លួន

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់សាលាដំបូងខេត្តព្រះវិហារ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ)

​​អ្នកសារព័ត៌មាន​អនឡាញម្នាក់កំពុ​​​ងស្វែ​ងរ​ក​អ្នកច្បាប់ការពា​រ​ភា​ពស្អាតស្អំរ​បស់​ខ្លួន ​ដោយបា​រ​ម្ភពី​ការចាប់ឃុំ​ខ្លួន ក្រោយពីសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាឱ្យ​នាំខ្លួន​​ទៅបំ​ភ្លឺ ជុំវិញសំណុំរឿងព្រហ្មទណ្ឌ បន្ទាប់​ពី​បាន​ចុះថតរូបភាពគ្រឿងចក្រឈូសឆាយដីរដ្ឋមួយកន្លែងនៅក្នុងខេត្តនេះ។

លោក ទ្រី សុផល អ្នកសារព័ត៌មាន​​គេហទំព័រ​​ព័ត៌មាន​​អនឡាញ​ឈ្មោះ «រាល់ថ្ងៃ» និងជា​អតីត​​អ្នក​​សារព័ត៌​មា​នទូរទស្សន៍ ​​NiceTV ​រ​បស់​​ក្រសួ​ង​មហា​ផ្ទៃ ឱ្យ VOD ​ដឹង​​នៅថ្ងៃច​ន្ទ​នេះ​ថា គាត់​មាន​ការបារម្ភខ្លាចមានការចាប់ឃុំខ្លួនដាក់​ពន្ធ​នាគារ ​ក្រោយពីតំណាងអយ្យ​ការ​អម​សាលាដំបូងខេត្តនេះ គឺ​លោក វុធ សាវី ចេញដីកាឱ្យសមត្ថកិច្ចនាំខ្លួនទៅឆ្លើយបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលចោទពីបទ «លួច និងកំហែងយក» នៅចំណុច​​ឃុំស្រ​យង់ ស្រុក​គូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២ ​ខែធ្នូ ឆ្នាំ២០២១ តប​តាម​បណ្ដឹង​របស់បុគ្គលដែលស​មត្ថកិច្ចធ្លាប់ឃាត់​គ្រឿងចក្រ​ឈូសឆាយដីរដ្ឋមួយកន្លែងនៅក្នុងឃុំនេះ។

លោក​អះអាងថា លោកមិនបានធ្វើអ្វីខុស​ដូចការចោទប្រកាន់​ទេ ដោយ​ថា ពេ​​ល​សមត្ថកិច្ចឃាត់គ្រឿង​ចក្រមួយគ្រឿងទៅរក្សាទុក ពេលនោះលោកគ្រាន់តែជាអ្នកថតរូបប៉ុណ្ណោះ។

បើតាមលោក សុផល ការចុះស្វែងរកបទល្មើសពេលនោះ ក្រៅពីរូបលោក ក៏មានមន្ត្រីយោធាខេត្តម្នាក់​ ​នាយក​សង្កាត់​​រដ្ឋ​​បាល​ព្រៃឈើ និង​មន្ត្រី​នគរបាលសេដ្ឋកិច្ចប្រចាំខេត្តនេះ រួមទាំងអ្នកកាសែតផ្សេងទៀតផងដែរ ដែល​អ្នកទាំងនោះសុទ្ធតែរងបណ្ដឹងនៅតុលាការ​ដែរ។ លោក​បញ្ជាក់ទៀតថា ពេលនេះ​ លោក​កំពុង​ពឹងពាក់មេធាវីឱ្យដាក់លិខិតសុំអន្តរាគមន៍​ពីក្រសួងយុត្តិធម៌​ ឱ្យធ្វើអធិការកិច្ច​ដល់កន្លែងកើតហេតុ ជុំវិញការ​ចោទ​ប្រកាន់​នេះ ដើម្បីផ្ដល់យុត្តិធម៌ជូនលោក។

លោកថា៖ «ចោទថាខ្ញុំលួច ខ្ញុំប្លន់អីហ្នឹង មានន័យថា ពេលហ្នឹងខ្ញុំទៅដកសោរអាត្រាក់ ឬក៏ដកហូតស្អីមួ​យ​ពី​ភាគីជនល្មើស អាហ្នឹងបានចោទខ្ញុំបាន។ ប៉ុន្តែខ្ញុំឃើញបទល្មើសខ្ញុំថតឬរាយការណ៍ ម៉េចបានជាមកចោទ​ខ្ញុំពីបទ​ហ្នឹង»។

លោក ទ្រី សុផល យល់ថា ការដែលព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះវិហារ​ ចេញដីកាឱ្យសមត្ថ​កិច្ច​នាំខ្លួន​លោក​ជុំវិញ​បណ្ដឹង​ចោទ​ប្រកាន់​នេះ អាច​ជា​​គំនុំរបស់មន្ត្រីតុលាការរូបនេះ ដោយថា កន្លងទៅ លោកធ្លាប់​ប្ដឹង​លោក វុធ សាវី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការដោះលែងជនជាប់ចោទ៣រូប ដែលវាយ​រូប​លោក និងលោក សាវុធ ឱ្យរងរបួស អំឡុងពេលចុះបង្ក្រាបបទល្មើសនៅក្នុងខេត្តនេះ។

មេធាវីការពារក្ដីឱ្យលោក ទ្រី សុផល គឺលោក ម៉ន កែវស៊ីវិន អះអាង​ថា កូនក្ដីរបស់​លោក​ជាអ្នកយកព័ត៌​មាន​ ដែល​គ្រាន់តែជា​កញ្ចក់​ឆ្លុះបញ្ចាំង​សង្គម មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់របស់ដើមបណ្ដឹងទេ។

លោកថា បញ្ហានេះ លោកនឹងដាក់លិខិត​សុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ក្រោយ​ពិធីបុណ្យចូលឆ្នាំខ្មែររួច ដើម្បីឱ្យក្រសួង​មានវិធានការចុះធ្វើអធិការកិច្ចផ្ដល់​យុត្តិធម៌​ជូនកូនក្ដី ដោយសារ​លោកគិតថា ចំណាត់​ការលើកូនក្ដីនេះ​ អាចជារឿងគំនុំរបស់មន្ត្រីតុលាការរូបនោះ។

លោកថា៖ «រាល់ដង កាលព្រះរាជអាជ្ញាគាត់ចុះទៅបង្ក្រាបកន្លែងណា គឺគាត់តែងតែប្រាប់ ទ្រី សុផល និង ទ្រី វិច្ឆិកា [ប្អូនបង្កើតរបស់ ទ្រី សុផល] ហ្នឹង ឱ្យទៅជាមួយ ដើម្បីផ្ដិតព័ត៌មាន​ហ្នឹង​ចុះផ្សាយក្នុងសង្គម។ ​ដល់ក្រោយម​ក គាត់មានការប្រេះ​ឆា​អីអ៊ីចឹង​ទៅ ខ្ញុំក៏ដាក់ពាក្យប្ដឹងប្រាវៗភ្លាម។ តែឥលូវនេះចូលពីររឿងទៀត ប្ដឹង ទ្រី ​សុផល អ៊ីចឹងដែរ រឿងគ្រឿងចក្រគ្រឿងអីហ្នឹង»។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានច្រានចោលការចោទប្រ​​កាន់នេះ ដោយសម្អាងថា ការចេញដីកានាំខ្លួននេះជានីតិវិធីច្បាប់ ព្រោះ​អ្នកសារព័ត៌មានរូបនោះ​ខកខា​នចូល​បំភ្លឺតាមដីកាចំនួន៤លើករួចមកហើយ ជុំវិញ​ការចោទប្រកាន់របស់ដើមបណ្ដឹង។

លោកថា៖ «ខ្ញុំមិនមែនជាអ្នកចុះបណ្ដឹងចោទគាត់ទេ ខ្ញុំទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ។ អ៊ីចឹងតំ​ណាងអ​​យ្យការ ជាធម្មតា នៅពេលទទួលពាក្យបណ្ដឹងពីភាគីម្ខាងទៀត ត្រូវតែកោះ ទោះបីបុគ្គលហ្នឹងខុស​ឬត្រូវក៏ដោយ។ ហើយបុគ្គលទាំងសងខាងត្រូវតែចូលមកបំភ្លឺមុខតំណាងអយ្យការ ដើម្បីរកខុសរកត្រូវ។ បើសិនជាបុគ្គល​មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ ដូចការចោទប្រកាន់ដូចភាគីម្ខាងទៀតនោះទេ អ៊ីចឹងយើងទៅផ្ទះវិញទៅ។ ដោយឡែក រឿងហ្នឹងមានអ្នកកាសែតផ្សេងទៀត គេចូលឆ្លើយ គេទៅផ្ទះវិញអស់ហើយ នៅតែគាត់មួយ គាត់កូរ​នីតិវិធី គាត់មិនចូលឆ្លើយ»។

VOD មិនអាចសុំការបំភ្លឺពីដើមបណ្ដឹង លោក សុង ចិន បានទេ នៅថ្ងៃចន្ទនេះ។

យ៉ាងនេះក្ដី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅ ខេមបូចា លោក ណុប វី ផ្តល់ជា​យោប​​ល់​​ថា ដើម្បី​បញ្ចៀស​នូវការចោទប្រកាន់ថា វិធាននេះបង្ហាញពីរូបភាព​គំរាមកំហែង និងបំភិតបំភ័យដល់សេ​រីភាពអ្នកសារព័ត៌មានផ្សេងទៀត ដែលបានចូលរួមការពារធនធានធម្មជាតិនិងបរិស្ថានក្នុងតំបន់នោះ ក្រសួងពាក់​ព័ន្ធ​គួរ​ចុះធ្វើអធិការកិច្ចស្វែងរកការពិត ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកសារព័ត៌មានដែលរងការចោទប្រកាន់។ 

យ៉ាងណា អ្នកសារព័ត៌មានមួយទៀត គឺលោក ខៀវ ថុល ដែលរងការចោទប្រកាន់ក្នុងសំណុំរឿងចោទប្រកាន់នេះដែរ អះអាងថា លោកបានចូលបំភ្លឺរួចហើយ តែមកដល់ពេលនេះមិនត្រូវបានគេចាប់ឃុំខ្លួននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ