កម្មករ​ស្នើ​រដ្ឋាភិបាល​ជួយ​កុំ​ឱ្យ​មាន​ការដំឡើង​ថ្លៃ​រថយន្តឈ្នួល ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ធ្វើដំណើរ​ទៅ​ស្រុកកំណើត

ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ សកម្មភាពចរាចរណ៍ដ៏មមាញឹកនៅបេនឡានមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារការធ្វើដំណើរត្រលប់ទៅស្រុកកំណើតតាមបណ្ដាខេត្តផ្សេងៗពីសំណាក់ពលរដ្ឋស្នាក់នៅនិងធ្វើការនៅទីក្រុង រួមមាន អាជីវករ កម្មករ សិស្ស-និស្សិត មន្ត្រីរាជការសាធារណៈទាំងរដ្ឋនិងឯកជន នាឱកាសបុណ្យភ្ជុំបិណ្ឌ។ (ហ៊ុយ ឧស្សាហ៍)

កម្មករមួយចំនួន​ស្នើរដ្ឋាភិបាលចាត់វិធានការ​យ៉ាងណាកុំឱ្យមានការដំឡើងថ្លៃរថយន្តឈ្នួលតាមចិត្តនាអំឡុងពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ​នេះ ដើម្បីជួយ​សម្រួល​ដល់​ពួកគេ​​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្រួសារ។

នៅឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាត​ឱ្យមានការប្រារព្ធពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទូលំទូលាយ​​​ឡើង​​វិញ បន្ទា​ប់​ពីខកខាន២ឆ្នាំ​មកហើយ​​ ដោយសារការ​ឆ្លងរាលដាល​ជំងឺ​កូវីដ-១៩។

កម្មករកាត់ដេរមកពីខេត្តសៀមរាបដែលកំពុងធ្វើការនៅខេត្តកណ្ដាល អ្នកស្រី ហេង ពៅ បាន​លើកឡើង​​​នៅថ្ងៃចន្ទនេះ​ថា ចាប់តាំងពីមានវិបត្តិ​កូវីដ-១៩​មក គាត់​មិនដែលបានទៅលេងស្រុកកំណើតនោះ​ទេ ខណៈ​​មិនសូវមានលុយកាក់ផង។ អ្នកស្រីបន្ត​ថា នៅល្ងាចថ្ងៃ​ស្អែកនេះ គាត់នឹងធ្វើដំណើរទៅស្រុក​​ ដើម្បីបានទៅមើលម្ដាយឈឺ ព្រោះបានសម្រាកនាឱកាសបុណ្យ​ចូលឆ្នាំ។

យ៉ាងណា អ្នកស្រីបាន​ឮដំណឹង​​ថា ឆ្នាំនេះ តម្លៃរថយន្តឈ្នួលឡើងថ្លៃ​ជាង​​មុន ខណៈ​​ពី​មុន​សំបុត្រឡាន​ឈ្នួល​មិន​ដល់៦ម៉ឺនរៀល​ដូចពេលនេះទេ។

អ្នកស្រីបន្តថា៖ «សំណូមពរថា កុំឱ្យសំបុត្រឡានថ្លៃពេក ព្រោះកម្មករឥលូវក្រណាស់ ការងារក៏អត់មានធ្វើទៀត! ទំនិញក៏ថ្លៃ សំបុត្រឡានក៏ថ្លៃ ប្រជាពលរដ្ឋគាត់អត់មានសមត្ថភាពធ្វើដំណើរទៅផ្ទះដែរ។ បញ្ចុះ​តម្លៃឱ្យបានធូរថ្លៃបន្តិច ឱ្យបានសល់លុយកាក់ចែកឱ្យម៉ែ ចែកឱ្យកូនចាយ។ តែឥលូវវាថ្លៃហួសកំណត់ពេក កម្មកររត់អត់រួចទេ! រកលុយក៏អត់សូវបាន ហើយការងារក៏អត់មានធ្វើ ហើយថ្លៃឡានក៏ថ្លៃទៀត»។

កម្មកររោងចក្រម្នាក់ទៀត​នៅរាជធានីភ្នំពេញ អ្នកនាង ចាន់ គន្ធា ប្រាប់ថា គាត់បានធ្វើដំណើរទៅលេងផ្ទះ​សាច់ញាតិនៅខេត្តកំពង់ធំ។ អ្នកនាងថា តម្លៃ​ដែល​ធ្លាប់​ធ្វើដំណើរ​ជាទូទៅគឺ ២០ ០០០រៀលប៉ុណ្ណោះ ប៉ុន្តែ​កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ម្ចាស់រថយន្តឈ្នួលបានទារពីគាត់៣០ ០០០រៀល។

អ្នកនាង ចាន់ គន្ធា ថា៖ «ប្រាក់ខែថាចាយចូល​ឆ្នាំ ថា​ជូន​ម៉ែឪ ឧទាហរណ៍ថាជូនបាន​៣០ម៉ឺនរៀល ឥលូវ​ជូន​បានតែ២០ម៉ឺនរៀល​ ព្រោះយើងត្រូវទុកចំណាយធ្វើសោហ៊ុយ។ យើងបន្ថយថវិកាខ្លួនឯង អត់សូវ​បាន​ចាយ​ទេ ហើយជូនម៉ែឪក៏បន្ថយដែរ ព្រោះទុកលុយធ្វើសោហ៊ុយ»។

កម្មករកាត់ដេររូបនេះអំពាវនាវឱ្យ​រដ្ឋាភិបាល​ជួយ​គិត​គូរ​ដល់​កម្មករ ដោយធ្វើ​យ៉ាងណាមា​នវិធានការជាក់លាក់ជាមួយម្ចាស់រថយន្តឈ្នួល ឱ្យ​​​គិតតម្លៃសមរម្យ និងកុំដំឡើងថ្លៃស្រេចតែចិត្ត។

កម្មករកាត់ដេរម្នាក់ទៀត​​​មកពីខេត្ត​ព្រៃវែង និងកំពុងធ្វើការនៅក្រុងតាខ្មៅ ខេត្តកណ្ដាល​ អ្នកស្រី ជា ធីតា ប្រាប់​ថា​ រូបគាត់ និង​​កម្មករ​ផ្សេងៗទៀត​ដែលធ្វើកា​រជាមួយគ្នា ហាក់​មិនសូវចង់​​ទៅស្រុកកំណើត​ទេ ដោយ​​​សារ​​មិនសូវ​មាន​ថវិកា​ចាយវាយ ខណៈរយៈពេលចុងក្រោយនេះមិនសូវមានការងារធ្វើ និង​អ្នក​ខ្លះទៀត​​ត្រូវព្យួរការ​ងារជាដើម។

យ៉ាងណា អ្នកស្រីថា ត្រូវតែបង្ខំចិត្តទៅស្រុក ព្រោះខកខានទៅ២ឆ្នាំមកហើយ។ អ្នកស្រីបានអំពាវនាវ​ដល់​រដ្ឋាភិបាលធ្វើយ៉ាងណា​ជួយ​សម្រួលកុំឱ្យក្រុម​ហ៊ុន​ដឹកជញ្ជូន ឬម្ចាស់​រថយន្តឈ្នួល​ដំឡើង​​​ថ្លៃ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាពកម្មករ។​

អ្នកស្រីថា៖ «វាប៉ះពាល់ផ្លូវចិត្តមួយ ប៉ះពាល់ដល់ជីវភាពគាត់មួយ! ដោយសារអាតម្លៃឡានហ្នឹងវាអត់ច្បាស់​ […] ​ដល់​ពេលយើងនិយាយអីទៅ គេ [ម្ចាស់ឡានឈ្នួល] ថា ឥលូវហ្នឹងសាំងឡើងថ្លៃ ឱ្យគេធ្វើម៉េច? ពន្ធឡើងថ្លៃ ឱ្យគេធ្វើម៉េច? អ៊ីចឹងគេ [ថា]ឡើងតាមពន្ធ តាមសាំងអ៊ីចឹងទៅ»។

អភិបាលរងសាលារាជធានីភ្នំពេញ លោក កើត ឆែ បដិសេធឆ្លើយ​តប​នៅពេល វីអូឌី​​ សួរអំពីវិធានការ​ក្នុងការ​​ទប់ស្កាត់​កុំឱ្យម្ចាស់រថយន្តឈ្នួលឡើងថ្លៃ និងថាតើនឹងមានការបញ្ចេញ​រថយន្ត​​ដឹកជញ្ជូន​ពលរដ្ឋ​​ទៅ​ស្រុកកំណើតដោយមិនគិតថ្លៃ ដូចកាលពី២ឆ្នាំមុន​ ឬយ៉ាងណានោះ។

លោកថា៖ «សុំអធ្យាស្រ័យ ខ្ញុំជាប់ប្រជុំ»។

ប្រធាន​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ លោក វន់ ពៅ មើលឃើញថា នៅកម្ពុជា ឱ្យ​តែដល់ឱកាសពិធីបុណ្យ​​សំខាន់ៗរបស់ជាតិ ដូចជា បុណ្យចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌ​ ជាដើម អ្នកប្រកប​របរដឹក​ជញ្ជូន​អ្នកដំណើរតែងយកឱកាសនោះមកដំឡើងថ្លៃឈ្នួល​ បើទោះមា​ន​ការ​​អំពាវនាវនានាពីរដ្ឋាភិបាល​​​ក៏​ដោយ។

ដោយឡែក លោកថា នៅឆ្នាំនេះ នៅមិនទាន់ឃើញមានសកម្មភាព​នៃការសម្រួល​ណាមួយ​​របស់​​រដ្ឋាភិបាល​ ដើម្បីជួយដល់ពលរដ្ឋដែលមិនមានលទ្ធភាពក្នុងការធ្វើដំណើរទៅស្រុកកំណើតនៅឡើយ​។

លោកថា៖ «ប៉ុន្មានឆ្នាំមុន យើងឃើញថា សាលារាជធានីភ្នំពេញបានចេញឡានក្រុងរបស់ខ្លួនដឹក​ប្រជាពលរដ្ឋ​ free [មិនគិតថ្លៃ​] ទៅតាមបណ្ដាខេត្ត។ តែឆ្នាំនេះ យើងហាក់ដូចមិនទាន់មានវិធានការណាមួយក្នុងការជួយសម្រួលទៅដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពទៅលេងស្រុកកំណើតនៅឡើយទេ ហើយក៏មិនទាន់មានការអំពាវនាវណាមួយចំពោះរថយន្តឈ្នួលទាំងអស់នោះ មិនថារថយន្តក្រុមហ៊ុន ឬឯកជននោះទេ»។

ករណីនេះ លោក វន់ ពៅ បាន​ជំរុញ​ដល់​រដ្ឋាភិបាល​គួរមានវិធានការប្រាកដជាមួយក្រុមហ៊ុនដឹកជញ្ជូន ក្នុងការ​ដាក់​តម្លៃជាក់ជាក់សម្រាប់ការដឹកអ្នកដំណើរ ហើយម្ចាស់​ចំណតរថយន្តឈ្មួលក៏មិនត្រូវមានការឡើង​ថ្លៃដែរ ព្រោះវាអាចធ្វើ​ឱ្យរថយន្ត​​​​ឈ្នួលទាមទារឡើងតម្លៃថ្លៃតៗគ្នា​ដល់​អ្នកដំណើរដែរ។

លោកថា បើរដ្ឋមិនមានការយកចិត្តទុកដាក់លើការធ្វើដំណើររបស់ពលរដ្ឋនាឱកាសបុណ្យជាតិនេះទេ ពលរដ្ឋ កម្មករនឹងបាត់ឱកាសជួបជុំគ្រួសារ ខកខាននូវឱកាសរីករាយចូលរួមបុណ្យជាតិ ខណៈពួកគេបានខកខាន២ឆ្នាំរួចមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ