អ្នកសារព័ត៌មានពលរដ្ឋម្នាក់ អះអាងថា មន្ត្រីនគរបាលស្រុកលើកដែក ខេត្តកណ្តាល បានគំរាមចាប់ខ្លួនរូបគាត់បញ្ជូនទៅតុលាការ បើសិនគាត់មិនលុបរូបភាព និងវីដេអូ ដែលថតពីសកម្មភាពមន្ត្រីនគរបាលទាំងនោះ យកលុយពីម្ចាស់រថយន្តឈ្នួល ជាថ្នូរនឹងការអនុញ្ញាតឱ្យដឹកលើសចំណុះ។
អ្នកសារព័ត៌មានពលរដ្ឋ លោក សួន វុត្ថា បានរៀបរាប់ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា លោកបានធ្វើដំណើរពីខេត្តកំពត មករាជធានីភ្នំពេញ កាត់តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ។
លោកបន្តថា កំឡុងពេលធ្វើដំណើរនោះ លោកបានឃើញបទល្មើសចរាចរណ៍ជាច្រើនករណី ដូចជា រថយន្តឈ្នួលដាក់មនុស្សលើសចំនួន ប៉ុន្តែនៅពេលមកដល់ចំណុចដែលមន្ត្រីនគរបាលចរាចរណ៍ដាក់គោលដៅពិនិត្យក្នុងស្រុកលើកដែកនោះ បែរជាសមត្ថកិច្ចទាំងនោះ ទទួលយកលុយសំណូកជាហូរហែពីម្ចាស់រថយន្តឈ្នួលដែលល្មើស ដោយពុំឃើញមានវិធានការតាមច្បាប់ចរាចរណ៍ឡើយ។
លោក សួន វុត្ថា អះអាងថា៖ «អ្នកខ្លះគាត់ដាក់មនុស្សលើសចំណុះអីចឹងទៅ គាត់គ្រាន់ឱ្យលុយពីរបីម៉ឺនរៀលទៅប៉ូលីសចរាចរណ៍ គេឱ្យទៅចឹងទៅ គ្មានការអនុវត្តច្បាប់ដោយផ្ទាល់»។
លោកបន្តថា នៅពេលឃើញសកម្មភាពមន្ត្រីនគរបាលចរាចរណ៍យកលុយពីម្ចាស់រថយន្តឈ្នួលដែលល្មើសច្បាប់នោះ លោកក៏បានថតយករូបភាព និងវីដេអូពីសកម្មភាពនោះ ក៏ស្រាប់តែត្រូវមន្ត្រីនគរបាលចរាចរណ៍មួយរូបឈ្មោះ ខៀវ ប៊ុនធឿន បានឃើញ និងហៅលោកទៅសួរនាំប្រមាណជាង ១ម៉ោង។ ក្រៅពីនោះ លោកថា មន្ត្រីនគរបាលទាំងនោះ បានទាមទារត្រួតពិនិត្យឯកសារ ថតរូបលិខិតបេសកកម្ម និងអត្តសញ្ញាណបណ្ណរបស់លោក ហើយទាមទារឱ្យលោកលុបវីដេអូសកម្មភាពទាំងនោះចេញ ព្រមទាំងបង្ខំឱ្យធ្វើកិច្ចសន្យា។
លោក សួន វុត្ថា បន្តថា៖ «ហ្នឹងខ្ញុំគិតថាជារឿងគំរាមកំហែងសម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ព្រោះខ្ញុំថតនេះនៅទីសាធារណៈទេ ខ្ញុំអត់បានធ្វើអីខុសទេ។ ហើយគាត់មកគំរាមថានឹងបញ្ជូនខ្ញុំទៅអធិការស្រុកលើកដែក កសាងសំណុំរឿងទៅតុលាការអីចឹង។ [មានសួរគាត់ពីហេតុផលថាខុសអីទេ?] ខ្ញុំសួរទៅអាជ្ញាធរ គាត់ឆ្លើយថាអូនឯងខុស ថតអាជ្ញាធរនៅពេលកំពុងប្រតិបត្តិការ។ ហើយខ្ញុំក៏បានលើកឡើងថាបើតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបានលើកឡើងថាពលរដ្ឋ ឫក៏អ្នកសារព័ត៌មាន គេអាចថតបាននៅទីសាធារណៈ ប៉ុន្តែបើអាជ្ញាធរ មិនឱ្យថតលុះត្រាតែអ្នកឯងសរសេរផ្លាកហាមថាមិនឱ្យថត ខ្ញុំប្រាប់គាត់ចឹងដែរ»។
លោក សួន វុត្ថា បន្ថែមថា ដោយបារម្ភចំពោះការគំរាមរបស់មន្ត្រីនគរបាលចរាចរណ៍ទាំងនោះ និងមិនចង់ឱ្យមានការអូសបន្លាយពេលវេលាយូរ លោកក៏ព្រមលុបរូបថតនិងវីដេអូនោះវិញ ព្រមទាំងបានធ្វើកិច្ចសន្យាទៅតាមតម្រូវការរបស់សមត្ថកិច្ច។
តែយ៉ាងណា លោកស្នើដល់ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយពីសិទ្ធិសេរីភាពសារព័ត៌មាន ដល់មន្ត្រីនគរបាលនៅមូលដ្ឋាន ដើម្បីចៀសវាងការរឹតត្បិតសេរីភាពសារព័ត៌មានរបស់ពលរដ្ឋ។
វីអូឌី ពុំអាចសុំប្រតិកម្មតបពីមន្ត្រីនគរបាលចរាចរណ៍ ឈ្មោះ ខៀវ ប៊ុនធឿន ដែលរងការចោទថាបានគំរាមអ្នកសារព័ត៌មានពលរដ្ឋរូបនោះនៅឡើយទេ នៅថ្ងៃអង្គារនេះ។
អធិការស្រុកលើកដែក លោក អាំ ធូ មានប្រសាសន៍ថា មន្ត្រីនគរបាលចរាចរណ៍ទាំងនោះ ជាកម្លាំងសមត្ថកិច្ចចល័តរបស់ថ្នាក់ខេត្ត។ លោកអះអាងថា មន្ត្រីចរាចរណ៍ បានអនុវត្តតាមវិជ្ជាជីវៈ ហើយការដែលសមត្ថកិច្ចប្រាប់អ្នកសារព័ត៌មានពលរដ្ឋរូបនោះឱ្យលុបវីដេអូ ក៏មិនមែនជាការគំរាមកំហែងទេ គ្រាន់តែឱ្យលុបដើម្បីកុំឱ្យមានរឿងវែងឆ្ងាយប៉ុណ្ណោះ។
លោកថា៖ «ជាទូទៅ នៅកន្លែងប្រតិបត្តិការ អនុវត្តកិច្ចការណាមួយ បើក្នុងនាមសារព័ត៌មាន ត្រូវសុំសហការពីកន្លែងហ្នឹង។ ទោះបីជាកន្លែងហ្នឹងជាស្អីក៏ដោយ ក៏សុំបង្ហាញខ្លួនដើម្បីឱ្យមានសិទ្ធិគ្រប់គ្រាន់ថាឥលូវខ្ញុំសុំយកព័ត៌មានពីកន្លែងបងអញ្ចេកមួយ អញ្ចេកពីរ។ បើក្នុងនាមយើងលួចថត បានន័យថាយើងយកកន្លែងចំណុចអវិជ្ជមានមួយដើម្បីយកទៅធ្វើការធ្វើអីមិនល្អ ចឹងយើង[សមត្ថកិច្ច]អត់បានរៀបចំខ្លួន»។
យ៉ាងណា លោកអធិការស្រុករូបនេះ និយាយថា ការដែលសមត្ថកិច្ចយកលុយកាក់ពីរថយន្តដែលដឹកលើសចំណុះ គឺជាកំហុសទាំងសមត្ថកិច្ចនិងពលរដ្ឋ ដោយសារពលរដ្ឋខ្លួនឯងសុខចិត្តឱ្យអាជ្ញាធរផាកពិន័យជាលុយកាក់តែមិនព្រមអនុវត្តតាមច្បាប់។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍ថា មិនថាតែអ្នកសារព័ត៌មាន ឬពលរដ្ឋ សុទ្ធតែអាចថតរូប ឬវីដេអូនៅតាមសាធារណៈបាន លើកលែកកន្លែងឯកជន ឬចំណុចដែលកើតហេតុអ្វីមួយ ដែលត្រូវបានព័ទ្ធខ្សែដោយសមត្ថកិច្ច ដើម្បីដោះស្រាយបញ្ហាសំខាន់កុំឱ្យបាត់ភស្តុតាងជាដើម។
យ៉ាងណា លោកថា ករណីមន្ត្រីចរាចរណ៍បញ្ជាឱ្យអ្នកសារព័ត៌មានពលរដ្ឋលុបវីដេអូ និងគំរាមបញ្ជូនទៅតុលាការនេះ គឺជាការបំពេញលើសពីតួនាទីភារកិច្ចរបស់ខ្លួន ដោយបំពានតួនាទីអ្នកសារព័ត៌មាន។
លោកថា៖ «ខាងសមត្ថកិច្ចហ្នឹង គាត់ធ្វើលើសពីសិទ្ធិសមត្ថកិច្ចរបស់គាត់ហើយ។ គិតថាហ្នឹងជាសិទ្ធិរបស់យើង មិនអីទេ អ្នកណាក៏ដោយ ពលរដ្ឋយើងទាំងអស់មានសិទ្ធិតើ បើនៅលើផ្លូវសាធារណៈ។ ចឹងរឿងហ្នឹងមិនមែនទើបឥឡូវណា វាមានយូរណាស់ហើយ ចឹងវាមានមន្ត្រីល្អនិងមន្ត្រីមិនល្អ។ ចឹងមន្ត្រីល្អដែលគាត់កំពុងគោរពតាមគោលការណ៍ គោរពតាមច្បាប់ ថតអីថតទៅ គាត់អត់មានខ្លាចអីទេ»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ចាត់ទុកករណីមន្ត្រីចរាចរណ៍បញ្ជាឱ្យអ្នកសារព័ត៌មានពលរដ្ឋលុបវីដេអូយកលុយសំណូកពីរថយន្តឈ្នួលនេះ ថាជាការរំលោភសេរីភាពរបស់ពលរដ្ឋ ខណៈពុំមានច្បាប់ណាហាមឃាត់មិនឱ្យថតនៅទីសាធារណៈ។
លោកថា៖ «យើងគ្រាន់តែសំណូមពរឱ្យមានការសហការ ខ្ញុំគិតថានឹងមិនមានប្រសិទ្ធភាពទេ។ វាលុះត្រាតែសកម្មភាពដែលជាការគំរាមកំហែងដូច្នេះ ត្រូវបានវែកមុខហើយត្រូវបានផ្តន្ទាទោស ឬក៏ដាក់ពិន័យទៅតាមពិន័យរដ្ឋបាលអីចឹងទៅ បានអាចនឹងកាត់បន្ថយនូវអ្វី [សកម្មភាពគំរាមដដែលៗ]ដែលអាចនឹងកើតមានឡើងនៅពេលអនាគត»។
របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM ស្តីពី «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ២០២១» ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១០ ខែមីនា បានរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំមុន កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន៩៣នាក់ (មាន៥នាក់ជាស្ដ្រី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាបានទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ៕