ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមីក្នុងប្រទេសរបស់ខ្លួន និងបានអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត លើរុស្ស៊ីទាក់ទិននឹងករណីនេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់ប្រធានាធិបតីខាងលើដែលបានថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីយប់ថ្ងៃចន្ទថា៖ «យើងចាត់ទុកករណីនេះ [ការប្រើប្រាស់អាវុធគីមី] គឺជារឿងដ៏ធ្ងន់ធ្ងរបំផុត»។
លោក Volodymyr Zelenskiy បន្តថា៖ «ខ្ញុំចង់ធ្វើការក្រើនរំលឹកដល់មេដឹកនាំពិភពលោកទាំងឡាយថា លទ្ធភាពនៃការប្រើប្រាស់អាវុធគីមីដោយយោធារុស្ស៊ីត្រូវបានពិភាក្សារួចហើយ។ នៅពេលនេះ រាល់ការចាត់វិធានការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី គួរតែត្រូវបានធ្វើឡើងឱ្យកាន់តែខ្លាំងក្លា និងលឿនជាងមុន»។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន។
ករណីនេះ ក៏បានបង្កឱ្យមានជាការព្រួយបារម្ភពីបណ្ដាប្រទេសលោកខាងលិចថា ការប៉ះទង្គិចរវាងប្រទេសទាំង២ នេះអាចនឹងវិវត្តន៍ទៅជាសង្រ្គាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ គីមី និងជីវសាស្ត្រជាដើម។
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅដែរថាក្នុងករណីដែលប្រទេសរុស្ស៊ីប្រើប្រាស់អាវុធគីមីក្នុងការឈ្លានពានអ៊ុយក្រែននោះ សហរដ្ឋអាមេរិកនឹងចាត់វិធានការដើម្បីឆ្លើយតប៕












