ក្រសួងការបរទេសអាមេរិក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី ការគោរពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១ ដោយបានរកឃើញថា មានសមាជិកនៃកងកម្លាំងរដ្ឋាភិបាលកម្ពុជាមួយចំនួន បានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈអំពើនិទណ្ឌភាពនៅតែបន្តកើតមាន។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលមានកម្រាស់ជាង៤០ទំព័រ ជាភាសាអង់គ្លេសចេញផ្សាយនៅថ្ងៃទី១២ ខែមេសានេះ បានលើកឡើងថា ខ្លួនមានរបាយការណ៍ ដែលគួរឱ្យទុកចិត្តថា មានមន្ត្រី ឬកងកម្លាំងមានសមត្ថកិច្ចមួយចំនួន ដែលជាអ្នករក្សាសន្តិសុខ រួមមាន នគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរស៊ីវិល ដែលជាក្រុមប្រដាប់អាវុធរបស់គណបក្សកាន់អំណាចនៅកម្ពុជា បានពាក់ព័ន្ធនឹងអំពើរំលោភបំពានសិទ្ធិមនុស្ស។
របាយការណ៍ដដែល បានសរសេរថា៖ «អាជ្ញាធរស៊ីវិលបានរក្សាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើកងកម្លាំងសន្តិសុខ ដែលជួនកាលបានគំរាមកំហែងកម្លាំងប្រឆាំងនឹងអ្នកប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយជាទូទៅត្រូវបានគេយល់ថា ជាក្រុមប្រដាប់អាវុធរបស់គណបក្សកាន់អំណាច។ មានរបាយការណ៍គួរឱ្យទុកចិត្តថា សមាជិកនៃកងកម្លាំងសន្តិសុខបានប្រព្រឹត្តការរំលោភបំពានមួយចំនួន»។
ប៉ុន្តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលលោក កត្តា អ៊ន បានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោកថា អាជ្ញាធរទៅវិញទេ ដែលមានភាពអត់ធ្មត់ និងបានបំពេញតួនាទីតាមនីតិវិធី តាមច្បាប់ និងគោរពតាមសិទ្ធិមនុស្សត្រឹមត្រូវ នៅក្នុងការដោះស្រាយបញ្ហាកូដកម្មកន្លងមក។ លោកបន្តថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ មិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជានោះឡើយ។
លោកថា៖ «ទីមួយក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិកនេះ យើងឃើញថា មានបញ្ហាមួយចំនួនដែលមិនបានឆ្លើយតប មិនបានអង្កេតច្បាស់លាស់នូវអ្វីដែលកើតឡើងនៅកម្ពុជាយើង ឧទាហរណ៍ដូចជា ការចោទប្រកាន់កម្លាំងសន្តិសុខ ការចោទប្រកាន់មកលើអាជ្ញាធរ ការចោទប្រកាន់មកលើរដ្ឋាភិបាល ដូច្នេះយើងឃើញថា អ្វីដែលកើតឡើងកន្លងមកនេះ គឺអាជ្ញាធរយើងទេ ដែលមានភាពអត់ធ្មត់ មានភាពបំពេញតួនាទីតាមនីតិវិធី តាមច្បាប់ តាមសិទ្ធិមនុស្សត្រឹមត្រូវ នៅក្នុងការដោះស្រាយបញ្ហាកូដកម្មកន្លងមក មិនបានប្រើប្រាស់នូវវិធានការបង្ក្រាបដូចនៅអាមេរិក ដូចនៅបណ្តាប្រទេសមួយចំនួនទេ»។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកឆ្នាំ២០២១ បានវាយតម្លៃទៅលើការគោរពស្ថានភាពសិទ្ធិមនុស្សនៅលើប្រទេសនិងដែនដីចំនួន១៩៨ នៅលើពិភពលោក ក្នុងនោះ សម្រាប់កម្ពុជា អាមេរិកបានកត់សម្គាល់ថា ក្នុងឆ្នាំ២០២១កន្លងទៅ មានករណីរំលោភបំពានសិទ្ធិមនុស្សគួរឱ្យកត់សម្គាល់ ដែលប្រព្រឹត្តដោយរដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម អំពើឃោរឃៅ អមនុស្សធម៌ ការឃុំឃាំងមនុស្សតាមអំពើចិត្ត និងការប្រព្រឹត្តប្រឆាំងអ្នកទោសនយោបាយជាដើម។
ក្រៅពីនោះ របាយការណ៍ក៏រកឃើញដែរថា កម្ពុជានៅតែមានបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការជ្រៀតជ្រែកតាមទំនើងចិត្តក្នុងជីវិតឯកជនរបស់ប្រជាពលរដ្ឋ ការតាមដានការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឹណិត ជាដើម។ ស្របគ្នានេះ ក៏មានករណីអំពើហិង្សា និងការគំរាមកំហែង ការចាប់ខ្លួន ឬការកាត់ទោសអ្នកសារព័ត៌មាន ដោយអយុត្តិធម៌ផងដែរ។
ចំណែក សេរីភាពនៃការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតសមាគមវិញ របាយការណ៍នេះ ក៏បានលើកឡើងថា នៅតែមានការរិតត្បិតខ្លាំង។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា នៅតែបន្តរឹតត្បិត និងធ្វើទុក្ខបុកម្នេញអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ របាយការណ៍ក៏បានរកឃើញទៀតថា រដ្ឋាភិបាលកម្ពុជាខ្វះការស៊ើបអង្កេត និងដាក់ទោសទណ្ឌចំពោះអំពើហិង្សាលើស្ត្រី ការជួញដូរមនុស្ស និងទម្រង់ដ៏អាក្រក់បំផុតនៃពលកម្មកុមារ រួមទាំងអំពើនិទណ្ឌភាពផងដែរ។
របាយការណ៍ បានលើកឡើងពីករណីរបស់តុលាការខេត្តបាត់ដំបងកាលពីឆ្នាំ២០២០ បានកាត់ទោសទៅលើមន្ត្រីកងរាជអាវុធហត្ថ២នាក់ឈ្មោះ សរ ប៊ុនសឿង និងឈ្មោះ ឆយ រតនា ឱ្យជាប់ពន្ធនាគារម្នាក់៤ឆ្នាំនិងម្នាក់៧ឆ្នាំ ក្រោយពីពួកគេបានធ្វើទារុណកម្មលើជនជាប់ឃុំឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់បាត់បង់ជីវិត ខណៈទោសរបស់ពួកគេអាចជាប់ពន្ធនាគាររហូតដល់១០ ទៅ ២០ឆ្នាំ។ ប៉ុន្តែសំណុំរឿងនេះ បានបាត់ដំណឹងឈឹងនៅខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីសាច់ញាត្តិបានប្តឹងឧទ្ធរណ៍។
ប៉ុន្តែលោក កត្តា អ៊ន បានអះអាងថា រដ្ឋាភិបាលមិនទុកចោលសំណុំរឿងណាមួយនោះទេ។
លោកថា៖ «ពុំមានការបដិសេធពីតុលាការណាមួយថានឹងចាត់ការរឿងនេះ និងចាត់ការរឿងនោះទេ ប៉ុន្តែអ្វីៗស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ដូច្នេះការលើកឡើងវាមិនត្រឹមត្រូវ វាមិនឆ្លុះបញ្ចាំងទៅហ្នឹងក្របខណ្ឌគតិយុត្តិនៃប្រព័ន្ធតុលាការកម្ពុជាទេ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មិនភ្ញាក់ផ្អើលចំពោះការច្រានចោលរបាយការណ៍ពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជានោះឡើយ។
លោកថា៖ «វាមិនមែនជារឿងចម្លែកទេសម្រាប់រដ្ឋាភិបាល ដែលចេះតែច្រានចោលម្តងហើយម្តងទៀត ចំពោះរបាយការណ៍របស់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន ក៏ដូចជាសហគមន៍អន្តរជាតិ យើងមើលទៅទឡ្ហីករណ៍មួយចំនួន ដែលយើងយកមកពិចារណា យកមកឆ្លុះបញ្ចាំង គឺមានរឿងពិតៗ មួយចំនួន ដែលកើតមានដូចជា រឿងក្រុមហ៊ុនណាហ្គាវើលដ៍ រឿងដីព្រលានយន្តហោះដែលអាជ្ញាធរប្រើប្រាស់សមត្ថកិច្ច ក្នុងការទប់ស្កាត់ ទៅរារាំង ឬក៏ទៅគំរាមកំហែង វាយដុំទៅលើប្រជាពលរដ្ឋ ហើយថែមទាំងរឿងបាញ់បោះទៅលើប្រជាពលរដ្ឋរឿងដីនៅអង្គស្នួល និងរឿងដីធ្លីជាច្រើនដែលកំពុងតែកើតការទាមទារតវ៉ាហ្នឹង គឺថា ការប្រើប្រាស់កម្លាំងសមត្ថកិច្ច ដើម្បីទៅរារាំង ទៅគំរាមកំហែង ទៅវាយដុំលើអ្នកតវ៉ាហ្នឹង គឺកើតមានជារើយៗហ្នឹង»។
ក៏ប៉ុន្តែ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជារូបនេះយល់ថា រដ្ឋាភិបាលគួរតែទទួលយករបាយការណ៍នេះមកសិក្សា និងកែលំអរ ដើម្បីធ្វើឱ្យស្ថានភាពការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានល្អប្រសើរ និងជៀសវាងការដាក់សម្ពាធណាមួយ ពីសំណាក់រដ្ឋាភិបាលអាមេរិក។
លោកថា៖ «ទី១ បើយើងថា របាយការណ៍ហ្នឹងមិនមានឥទ្ធិពលក៏យើងអាចថាបានដែរ ប៉ុន្តែគ្រាន់តែថា គេអាចទី១ គេអាចបង្ហាញព័ត៌មានទៅឱ្យយើងដឹង វាអាស្រ័យទៅលើឆន្ទៈរបស់រដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាលចង់ឱ្យមានការកែលំអរស្ថានភាពសិទ្ធិមនុស្សឡើងវិញ រដ្ឋាភិបាលត្រូវតែពិចារណាទៅលើរបាយការណ៍សិន នេះជាផលប្រយោជន៍សម្រាប់រដ្ឋាភិបាលយើងទេ ប៉ុន្តែទីពីរទៀត ប្រសិនបើយើងមិនអើពើ មិនដោះស្រាយ ឬមិនឆ្លើយតបចំពោះរបាយការណ៍ហ្នឹងឱ្យមានភាពវិជ្ជមាន មានន័យថា ឱ្យស្ថានភាពហ្នឹងល្អប្រសើរវិញទេ នោះយើងដឹងហើយថា សហរដ្ឋអាមេរិកគេមានដាក់សម្ពាធ ក៏ដូចជាដាក់ទណ្ឌកម្មមកលើកម្ពុជាយើងដែរ»។
គួរជម្រាបជូនថា អស់រយៈពេល៥ទសវត្សរ៍មកហើយ ដែលក្រសួងការបរទេសអាមេរិក តែងតែបញ្ចេញរបាយការណ៍ស្តីពីស្ថានភាពការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសនានានៅលើពិភពលោក។ នៅក្នុងឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក បានបញ្ចេញរបាយការណ៍គោរពសិទ្ធិមនុស្សនៅប្រទេសនិងដែនដីចំនួន១៩៨ ហើយក្នុងនោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅប្រទេសអ៊ុយក្រែន កំពុងកើតឡើងធ្ងន់ធ្ងរ ក្រោយពីប្រទេសរុស្ស៊ីបានលើកទ័ពឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕