របាយការណ៍អាមេរិកថា សមាជិក​​កងកម្លាំងរដ្ឋាភិបាលកម្ពុជាមួយចំនួនជាប់ពាក់ព័ន្ធការ​រំលោភសិទ្ធិ​មនុស្ស

រូបភាពកងកម្លាំងរាជអាវុធហត្ថដែលចល័តនៅតាមបណ្តោយផ្លូវជាតិលេខ៤នៅថ្ងៃនេះ ដែលប្រជាពលរដ្ឋថតបាន (រូបភាព៖ ពលរដ្ឋ)

ក្រសួងការបរទេសអាមេរិក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី ការគោរពសិទ្ធិមនុស្ស​​នៅកម្ពុជាឆ្នាំ២០២១ ដោយបានរកឃើញ​ថា មាន​សមាជិកនៃកងកម្លាំងរដ្ឋាភិបាល​កម្ពុជា​មួយចំនួន បាន​ជាប់​​ពាក់​ព័ន្ធ​​នឹ​ង​​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ខណៈអំពើនិទណ្ឌ​ភាព​​នៅតែ​បន្ត​កើត​មាន។

របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលមាន​កម្រាស់ជាង៤០ទំព័រ​ ជាភាសាអង់​គ្លេស​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១២ ខែមេសានេះ បានលើកឡើង​ថា ខ្លួនមាន​របាយការណ៍ ដែល​​គួរ​ឱ្យ​ទុក​ចិត្ត​ថា ​មាន​មន្ត្រី ឬ​កងកម្លាំងមាន​សមត្ថកិច្ច​​មួយ​ចំនួន ដែល​ជា​អ្នក​រក្សា​សន្តិសុខ រួមមាន នគរបាល​ជាតិ ​កងយោធពល​ខេមរភូមិន្ទ និងអាជ្ញាធរស៊ីវិល ដែលជាក្រុមប្រដាប់​អាវុធរបស់គណបក្សកាន់អំណាចនៅ​កម្ពុជា ​បាន​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភបំពាន​សិទ្ធិ​មនុស្ស។

របាយការណ៍ដដែល បានសរសេរថា៖ «អាជ្ញាធរស៊ីវិល​បានរក្សាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើកងកម្លាំងសន្តិសុខ ដែលជួនកាលបានគំរាមកំហែងកម្លាំងប្រឆាំងនឹងអ្នកប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយជាទូទៅត្រូវបានគេយល់ថា ជាក្រុមប្រដាប់អាវុធរបស់គណបក្សកាន់អំណាច។ មានរបាយការណ៍គួរឱ្យទុកចិត្តថា សមាជិកនៃកងកម្លាំង​សន្តិសុខបានប្រព្រឹត្តការរំលោភបំពានមួយចំនួន»

ប៉ុន្តែអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលលោក កត្តា អ៊ន បានច្រានចោលចំពោះការចោទប្រកាន់នេះ។ លោកថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកមិនឆ្លុះបញ្ចាំងពី​ការពិតនៅកម្ពុជានោះទេ។

គួរជម្រាបជូនថា អស់រយៈពេល៥ទសវត្សរ៍មកហើយ ដែលក្រសួងការបរទេសអាមេរិក តែង​តែបញ្ចេញរបាយការណ៍ស្តីពីស្ថានភាពការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសនានា​នៅលើពិភពលោក។ នៅក្នុងឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក បានបញ្ចេញរបាយការណ៍គោរពសិទ្ធិមនុស្សនៅប្រទេស​និង​ដែនដីចំនួន​១៩៨ នៅលើពិភព​លោក ហើយក្នុងនោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស​នៅប្រទេសអ៊ុយក្រែន កំពុងកើតឡើងក្រោយពីប្រទេសរុស្ស៊ី​បាន​លើក​ទ័ពឈ្លាន​ពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ