នគរបាលស្រុកសំពៅលូន បានឃាត់ខ្លួន និងបញ្ជូនសំណុំរឿងមេខ្យល់ម្នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ករណីនាំពលករលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។
យោងតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ឱ្យដឹងថា ជនសង្ស័យជាមេខ្យល់នោះ ត្រូវបានសត្ថកិច្ចឃាត់ខ្លួននៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោង៥និង៣០នាទីព្រឹក។
ប្រភពដដែល បន្តថា ការឃាត់ខ្លួនធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ បានចុះបង្ក្រាបករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនចូលទៅថៃ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សោម បូរិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ ដែលសង្ស័យថា ជាមេខ្យល់។
ក្រោយពីឃាត់ខ្លួននោះ សមត្ថកិច្ចក៏បានបញ្ជូនខ្លួន និងសំណុំរឿង ឈ្មោះ សោម បូរិទ្ធ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធីច្បាប់។
ចំណែក ពលករ ២នាក់ ក្នុងនោះ ឈ្មោះ ប៊ុន សុភាព ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ លូត ឡឹង ភេទស្រី អាយុ ៤២ឆ្នាំ ដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់ទៀត ហើយក៏ឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។
បើតាមនគរបាលបញ្ជាក់ថា ពលករទាំង ២នាក់ប្ដីប្រពន្ធ ដែលបម្រុងចូលទៅថៃដោយបានបង់ប្រាក់ឈ្មោះ សោម បូរិទ្ធ ជាអ្នកនាំទៅថៃក្នុងម្នាក់ៗចំនួន ៥ ៥០០បាត(ប្រាក់ថៃ)។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីស្នងការនៃស្នងការដ្ឋាននគរនគរបាលខេត្តបាត់ដំបងលោក សាត គឹមសាន នៅថ្ងៃនេះ។
នាពេលថ្មីៗនេះ ប្រជាពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃរាប់ពាន់នាក់បាននាំគ្នា ត្រឡប់មកកម្ពុជា ក្រោយពីខកខានបានមកលេងស្រុករយៈពេល២ឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕