ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្សជិត ២០នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈមិនមានអ្នកស្លាប់ដោយសារជំងឺនេះ កាលពីថ្ងៃម្សិលមិញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីដែលបានរកឃើញមានចំនួន ១៩នាក់នេះ សុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ និងជាអ្នកឆ្លងក្នុងសហគមន៍។ ចំណែក អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន ២៣នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ០៣២នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១៣២ ៧៣២នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៥នាក់។ ចំណែក ករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះបានកើនដល់ ១៤ ២៣៨នាក់៕












