មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ច្រានចោលរបាយការណ៍របស់អង្គការវេទិកាអនាគត ដែលរកឃើញថា គម្រោងមួយចំនួនដែលកម្ពុជាទទួលបានពីចិន ខ្វះតម្លាភាព និងរំលោភច្បាប់ ស្របពេលដែលការអនុវត្តច្បាប់ និងសេដ្ឋកិច្ចកម្ពុជា នៅទន់ខ្សោយនៅឡើយ។
អង្គការវេទិកាអនាគត (Future Forum) នាពេលថ្មីៗនេះ បានចេញរបាយការណ៍មួយដែលមានកម្រាស់ចំនួន ១០ទំព័រ ដោយបានឃ្លាំមើលពីគម្រោង BRI ថា គម្រោងអភិវឌ្ឍន៍ចំនួន៣ នៅកម្ពុជា ក្នុងនោះមានទំនប់វារីអគ្គីសនីតាតៃ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវៃកូ និងផ្នែកមួយនៃផ្លូវជាតិលេខ៦ ពីអង្គក្រឹងដល់ថ្នល់កែង ត្រូវបានរកឃើញថា បានបំពានច្បាប់កម្ពុជា។
របាយការណ៍ដដែលថា គម្រោងទាំងអស់នេះ បច្ចុប្បន្នទទួលបានមូលនិធិពីរដ្ឋាភិបាលចិន ដែលស្ថិតនៅក្រោមការត្រួតពិនិត្យនៃច្បាប់ចំនួន៣ ក្នុងនោះមាន ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ ច្បាប់ស្តីពីសម្បទានឆ្នាំ២០០៧ និងច្បាប់ស្តីពីការវិនិយោគឆ្នាំ១៩៩៤។
អង្គការវេទិកាអនាគត បញ្ជាក់ថា ត្បិតគម្រោងទាំងនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យនៃច្បាប់ទាំងនោះក៏ដោយ ប៉ុន្តែការអនុវត្តគម្រោង BRI មួយចំនួននៅក្នុងប្រទេសកម្ពុជា ត្រូវបានរងការចោទប្រកាន់ថាបានបំពានច្បាប់កម្ពុជា ដោយថា ការអនុម័តទំនប់វារីអគ្គិសនី ដូចជា នៅតាតៃខេត្តកោះកុង មិនបានសិក្សានិងវាយតម្លៃពីផលប៉ះពាល់បរិស្ថានជាមុន ហើយថែមទាំងបំពានលើមាត្រា៦នៃច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានជាតិ។
ប្រភពដដែល បន្តថា គម្រោងមួយចំនួនបានចាប់ផ្តើមឡើងតាំងពីមុនពេល BRI ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៣ ក្នុងនោះ មានគម្រោងទំបន់វារីអគ្គិសនីតាតៃជាដើម ខណៈការសិក្សាបានផ្តោតលើទិដ្ឋភាពចំនួន៣នៃជំនួយអភិវឌ្ឍន៍របស់ចិន ក្នុងនោះមានសហគ្រាសគ្រប់គ្រងដោយរដ្ឋ ជំនួយអភិវឌ្ឍន៍ផ្លូវការ និងលទ្ធកម្មសាធារណៈ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយលោកអះអាងថា របាយការណរបស់អង្គការវេទិកាអនាគត ធ្វើឡើងក្រោមហេតុផលនយោបាយ។
លោកថា៖ «បើសិនជារបាយការណ៍នឹងភស្តុតាងច្បាស់លាស់ អាហ្នឹងក្រសួងបរិស្ថាន ត្រូវតែចាត់វិធានការ ប៉ុន្តែអ្វីដែលពិសោធន៍ហ្នឹង ក្រសួងខាងបរិស្ថាន ដែលលោកមុននឹងធ្វើអ្វី លោកបានចាប់ផ្ដើមពិនិត្យមើលត្រឹមត្រូវបំផុតនៅក្នុងសាច់រឿងហ្នឹង។ ចំណុចទី២ ជាមតិសង្ស័យទេ ព្រោះប្រធានវេទិកាអនាគតហ្នឹងមាននិន្នាការនយោបាយ ពីព្រោះគាត់មាននិន្នាការមួយប្រឆាំងនឹងចិនរហូត យើងពិបាកនឹងយកមកធ្វើការវិនិច្ឆ័យណាស់។ យើងចង់បានធាតុចូលផ្សំហ្នឹង កុំឱ្យយើងវិធានការហ្នឹង ដើម្បីកេងចំណេញរឿងនយោបាយ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា សុំមិនធ្វើអត្ថាធិប្បាយ ដោយបង្វែលសំណួរនេះ ឱ្យសួរក្រសួងពាក់ព័ន្ធវិញ។
លោកថា៖ «សូមទាក់ទងក្រសួងស្ថាប័នពាក់ព័ន្ធ សូមអរគុណ»។
យោងតាមអង្គការវេទិកាអនាគត ឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ប្រទេសចិនបានសាងសង់ស្ពានចំនួន៨ និងផ្លូវប្រវែង ៣ ២៨៧គីឡូម៉ែត្រ ដោយប្រាក់កម្ចីសម្បទានជាង ៣ពាន់លានដុល្លារ។
របាយការណ៍ដដែលដកស្រង់ចេញពីការសិក្សារបស់អង្គការទន្លេអន្តរជាតិ (International Rivers) បង្ហាញថា ការអនុម័តទំនប់វារីអគ្គិសនីតាតៃ មិនមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថានជាមុន រួមទាំងបានបំពានលើមាត្រា៦នៃច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានជាតិ។ ចំណែកការសាងសង់កំណាត់ផ្លូវជាតិលេខ៦ បានប្រព្រឹត្តល្មើសនឹងមាត្រា៤០ នៃច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលទាមទារឯកសារដេញថ្លៃ និងការដេញថ្លៃ។
របាយការណ៍ដដែលគូសបញ្ជាក់ថា៖ «ការអនុវត្តច្បាប់និងបង្កើនតម្លាភាព អាចនឹងធ្វើឱ្យគម្រោងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ កាត់បន្ថយការរិះគន់លើការវិនិយោគរបស់ចិន និងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា ពីគម្រោងសម្រាប់ការអភិវឌ្ឍនេះ»។
របាយការណ៍អង្គការវេទិកាអនាគតថា កម្ពុជាមិនទាន់បង្កើតច្បាប់ និងបទប្បញ្ញត្តិដែលនឹងត្រួតពិនិត្យឱ្យបានហ្មត់ចត់លើគម្រោងអភិវឌ្ឍន៍ជាមួយសហគ្រាសរដ្ឋបរទេស ដើម្បីកាត់បន្ថយការក្លែងបន្លំដែលអាចកើតមាន ខណៈការសិក្សាដែលចេញផ្សាយកាលពីឆ្នាំ២០២១ ដោយគំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បានរកឃើញថា BRI ត្រូវបានភ្ជាប់ទៅនឹងការកើនឡើងនៃពាណិជ្ជកម្មខុសច្បាប់ អំពើពុករលួយ និងឧក្រិដ្ឋកម្ម ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ ដូចជាប្រទេសកម្ពុជា។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជាជំពាក់បំណុលក្រៅប្រទេសរហូតដល់ ៩,១៨ពាន់លានដុល្លារ ដោយបំណុលនេះ ត្រូវបានគេពឹងថានឹងកើនដល់ជាង ១០ ពាន់លានដុល្លារនៅដំណាច់ឆ្នាំ២០២១ បើប្រៀបធៀបនឹងចុងឆ្នាំ២០២០ បំណុលនេះ កើនដល់ ៨,៨ពាន់លានដុល្លារ៕