លោក ហ៊ុន សែន​ ​ជឿ​​ថា​​ការ​តាំង​រូប​ព្រះ​ថោង​នាង​នាគ​នៅ​ខេត្ត​ព្រះ​សីហនុ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

រូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ ដែលត្រូវរៀបចំពិធីអភិសេកនៅព្រឹក ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនា​​យ​ក​​រដ្ឋ​ម​​ន្ត្រី ហ៊ុ​ន ​សែន​​ បង្ហាញក្តី​សង្ឃឹម​ថា​ ខេត្តព្រះសីហនុ នឹងក្លាយជាខេត្ត «ដ៏សំខាន់»ក្នុងកា​រទាក់ទាញវិស័យទេសចរណ៍ក្នុងស្រុក ក្រោយពីបាន​តាំង​រូប​សំណាកព្រះថោងនាងនាគនៅទីនោះ ដោ​​​យសម្អាងថា ប្រ​វត្តិរឿ​ងមួយនេះ ​ផ្សារភ្ជាប់យ៉ាងជ្រៅ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ពលរដ្ឋកម្ពុជា។

ការថ្លែ​​ងរប​ស់លោក ហ៊ុន សែន​ នេះ ធ្វើឡើងក្នុង​ពិធី​អភិសេក​រូបសំ​ណាក​ព្រះថោង​នាងនាគ​  នៅ​ខេត្ត​ព្រះសីហនុ​ ព្រឹកថ្ងៃសៅរ៍នេះ ដែលត្រូវនឹងថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំខ្មែរ។

​​លោក​បានថ្លែ​ងថា ​ក្រុងព្រះសី​ហនុ ​​ជាទី​​ក្រុ​ងដែ​ល​​ផ្សារភ្ជា​​ប់​ ​​ដោយ​​ព្រះគោ​​រ​ម​ងារ​​​ ព្រះ​ប​រ​ម​​រត​​នកោ​ដ្ឋ​ ​អ​តីតព្រះមហាក្សត្រ ​ហើយថា​ រូ​បព្រះថោង​នាងនាគ បា​នផ្សារ​ភ្ជាប់យ៉ាងជ្រៅទៅ​នឹង​ពិធី​រៀ​បអាពា​​ហ៍​ពិពា​ហ៍របស់ពលដ្ឋកម្ពុជា។

លោក គូសបញ្ជាក់ថា ការកើតឡើងនូវរូបប​ដិមានៅក្នុងខេត្តនេះ ដូចជារូបបដិមាសឹង្ហ ដែល​ជាតំ​ណាងឱ្យ​ព្រះបរមរតនកោដ រូមទាំងរូបសំណាកព្រះថោងនាងនាគនេះ ខេត្តមាត់សមុទ្រមួយនេះ នឹងក្លាយជាតំ​បន់ដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក។

លោក​​ថា៖«​ការកើត​ឡើងនូ​វរូ​បសំណាកផ្សេ​ងៗ​នៅក្នុ​ងខេត្ត​ព្រះសីហនុ​រប​ស់យើង គឺជានិមិត្តរូ​បនៃការក​កើ​​ត​​ទឹកដី​ ក៏ដូច​ជាការ​ក​កើតនៅ​ខេត្ត​ព្រះសី​ហនុ រប​ស់យើងនេះ​។​​ ក៏ប៉ុ​​ន្តែ វាក៏បា​​នក្លា​យទៅ​ជាផលិ​តផ​​​​ល​ នៃវិស័យ​ទេស​ចរ​ណ៍ដ៏​ទា​ក់ទា​ញ​។ ខ្ញុំ​បានឃើ​ញគេ​បង្ហោះ​រូប​ភាព​ចេ​ញពី​ទីនេះ [ព្រះថោង​នាង​នាគ​]​គ្រា​​​ន់​តែយ​កម​កដាក់ប៉ុន្មាន​ថ្ងៃ ​ហើយម្សិលមិ​ញនេះ មនុស្ស​យ៉ាង​ច្រើន​។ ស​ង្ឃឹ​ម​ថា ប្រជា​ព​លរ​ដ្ឋរ​បស់យើ​​​ង​​នឹង​ចង់ដឹង ហើ​យនឹងថត​​រូប​ភា​ព​ចេ​ញ​ពី​ទី​នេះ»។​

ប៉ុ​ន្មានឆ្នាំ​មកនេះ ខេត្តព្រះសីហនុ បានធ្លាក់ចុះភ្ញៀវទេសចរ​ក្នុងស្រុក និងភ្ញៀវបរទេស​មកពីអឺរ៉ុប រួម​ទាំងការត្អូញត្អែពីការឡើងថ្លៃផ្ទះសំណាក់ និងសណ្ឋាគារផងដែរ ស្របគ្នានឹងលំហូរជនជាតិចិននៅទីនោះ ហើយក៏ចំពេលដែលកម្ពុជាមានការរាតត្បាតដោយជំងឺកូវីដ-១៩ ។

យ៉ាងណា តាមអ្នកអត្ថាធិប្បាយក្នុងកម្មវិធីនេះ រូបសំណាកព្រះថោងនាងនាគ មានកម្ពស់២១ម៉ែត្រ ត្រូវបានរចនាបថ ដោយស្ថាបត្យកម្មកូនខ្មែរ តែត្រូវធ្វើនៅប្រទេសចិន ហើយដឹកមកដល់ខេត្តព្រះសី​ហនុ នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ