មនុស្ស​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៣​ថ្ងៃ

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ៤គ្រឿង នៅ​លើ​កំណាត់​ផ្លូ​លេខ១៤០ ចំណុច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំងគង ស្រុក​សំរោងទង នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ (អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​)

មនុស្សយ៉ាងហោចណាស់ចំនួន ២៧នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ៨០នាក់ទៀតរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។

របាយការណ៍របស់​អគ្គស្នងការនគរបាលជាតិ ដែលសារព័ត៌មានស្និទ្ធរដ្ឋាភិបាល Fresh News ​​ បានចុះផ្សាយនៅ​ល្ងាចថ្ងៃទី១៦ ខែមេសា​ ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមេសា កើតឡើងចំនួន ៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៥នាក់។

ដោយឡែក នៅថ្ងៃទី១៥ ខែមេសាដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន ២៥លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣៤នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែមេសា ដែលត្រូវនឹងថ្ងៃ៣នៃពិធីបុណ្យចូលឆ្នាំខ្មែរវិញ នៅទូទាំងប្រទេស​​កើតឡើងចំនួន ១៤លើក ក្នុងនោះស្លាប់ចំនួន ៨នាក់ របួសធ្ងន់ស្រាល ៣១នាក់។

អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៩ ពោលគឺមុនមានការរាតត្បាលវីរុសកូវីដ-១៩ ​របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ​មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះ​មនុស្សស្លាប់ចំនួន៥៩នាក់ និងរបួសធ្ងន់ស្រាលចំនួន២៣៨នាក់។  តួលេខនេះ បង្ហាញថា មានមនុស្សស្លាប់ជាមធ្យម​ជាង១០នាក់ក្នុងមួយថ្ងៃ និងមានការកើនឡើង ២៦ភាគរយ បើប្រៀប​ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ជាមួយគ្នានេះ របាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានបង្ហាញថា ​​រយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨៦៩នាក់ បណ្តាលឱ្យស្លាប់៤៩៣នាក់។ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅទូទាំងប្រទេស បានកើនឡើងចំនួន១០៦ករណី ស្មើនឹង១៤% ចំនួនអ្នកស្លាប់បានកើនឡើង៦០នាក់​ស្មើនឹង១៤% និងចំនួនអ្នករងរបួសបានកើនឡើង១៤៩នាក់ ស្មើនឹង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣ ដែលប្រារព្ធឡើងនៅខេត្តបាត់ដំបង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង លើកឡើងថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមយូរអង្វែងរបស់កម្ពុជា។

ជាក់ស្ដែងលោកថា បើទោះបីជាមានការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ និងឆ្នាំ២០២១អំឡុងនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែនិន្នាការគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២២នេះ ពិសេសក្នុងត្រីមាសទី១ ឆ្នាំ​នេះ ដោយគ្រោះថ្នាក់បានកើនឡើងក្នុងអត្រាខ្ពស់ បណ្ដាឱ្យស្លាប់ និងរបួសច្រើនជាងគ្រោះថ្នាក់សង្គមនានា ក្នុងនោះ​មានអ្នកស្លាប់៥នាក់ និងរបួស១៤នាក់ក្នុងមួយថ្ងៃ។

លោកបន្ថែមថា មូលហេតុចម្បងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍​ គឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាឬជែង ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់ខ្សែក្រវ៉ាត់ឬមួកសុវត្ថិភាពពេលបើកបរជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ