ប្រធានអាស៊ានបានឱ្យដឹងថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស ឬហៅថា Special ASEAN-US Summit នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែមេសា ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។
ប្រភពដដែលឱ្យដឹងថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំកំពូលពិសេសលើកទី២ គិតពីឆ្នាំ ២០១៦ ហើយជាការជួបប្រជុំគ្នាដោយផ្ទាល់មុខលើកទី១សម្រាប់ថ្នាក់ដឹកនាំកម្ពុជា គិតចាប់តាំងពី ឆ្នាំ២០១៧ មក។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។
លើសពីនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និង សហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ បន្ថែមពីនេះ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។
តាមគម្រោងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក គ្រោងធ្វើឡើងកាលពីចុងខែមីនា ត្រូវបានលើកពេល ដោយសារតែថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួនជាប់រវល់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីចុងខែកុម្ភៈ មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មានប្រចាំវិមានប្រធានាធិបតីអាមេរិក អ្នកស្រី Jen Psaki បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក នឹងស្វាគមន៍មេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ និង២៩ ខែមីនា។ ប៉ុន្តែលិខិតនោះបញ្ជាក់ថា អាមេរិកនឹងគោរពតាមការសម្រេចរបស់អាស៊ាន ដែលថា កិច្ចប្រជុំនេះនឹងមិនអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឬភូមា លោក មីន អ៊ុងឡាំង ឱ្យចូលរួម និងការសម្រេចលើពេលវេលានៃកិច្ចប្រជុំនេះផងដែរ៕












