អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា ផ្ទះចំនួន៥ខ្នង តូប១ និងមនុស្សម្នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យដែលបានកើតឡើងក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ។
របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំ មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន៧លើក ក្នុងនោះបានបណ្ដាលឱ្យផ្ទះចំនួន៥ខ្នង និងតូប១ រួមទាំងខ្សែភ្លើងចំនួន៣៧ដុំ បានរងនូវការឆាបឆេះ និងបណ្ដាលឱ្យបុរសម្នាក់បានរងរបួស។
របាយការណ៍ដដែលបន្តថា ខេត្តដែលមានគ្រោះអគ្គិភ័យនោះ រួមមាន ខេត្តព្រះវិហារ ព្រះសីហនុ កំពង់ធំ បាត់ដំបង សៀមរាប និងត្បូងឃ្មុំ ហើយមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆេះចង្ក្រាន ភ្លើងដុតសំរាម និងមិនទាន់ដឹងមូលហេតុ១ករណី។
បើតាមរបាយការណ៍នេះ គ្រោះអគ្គិភ័យក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ឆ្នាំ២០២២នេះ មានការថយចុះ២លើក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានគ្រោះអគ្គិភ័យកើតឡើងចំនួន៩លើក៕