សហគមន៍ថាជនល្មើសយកឱកាសបុណ្យចូលឆ្នាំកាប់និងដឹកឈើចេញពីតំបន់ព្រៃការពារកាន់តែច្រើន

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍​មួយចំនួនអះអាងថា អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានបទល្មើសព្រៃឈើធំៗបានកើត​ឡើងច្រើននៅតំបន់ជម្រកសត្វព្រៃព្រៃឡង់ និងព្រៃព្រះរការ ដោយពួកគេសង្កេតឃើញមានសកម្មភាព​ដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ទាំងនេះទាំងថ្ងៃទាំងយប់។ ​

សហគមន៍បណ្ដាញការពារព្រៃឡង់ ខេត្តព្រះវិហារ លោក ចាន់ សារិន ប្រាប់វីអូឌីថា លោកសង្កេតឃើញអំឡុង​ពេលបុណ្យចូលឆ្នាំ៣ថ្ងៃ មានករណីដឹកឈើចេញពីសហគមន៍ព្រៃឡង់ច្រើនគួរឱ្យកត់សម្គាល់ ពោលគឺច្រើនខុសពីថ្ងៃធម្មតា បើទោះតាមច្រកនីមួយៗសុទ្ធតែមានមន្ត្រីបរិស្ថានយាមល្បាតក៏ដោយ។

​លោកថា៖ «ខ្ញុំសង្កេតឃើញ៣ថ្ងៃឌុបហើយ បីថ្ងៃជាប់ៗគ្នា ដឹក[ឈើ]ទាំងថ្ងៃទាំងយប់។ ពីម្សិល ខ្ញុំឃើញដឹកនឹងឡានដែរ។ [ប្រៀបធៀបថ្ងៃធម្មតា និងថ្ងៃចូលឆ្នាំ?] ថ្ងៃចូលឆ្នាំហ្នឹងហើយដែលគេដឹកច្រើនបំផុត ដែលកំពុងតែគ្មានអ្នកណាទៅលបឃ្លាំមើល។ ចូលឆ្នាំ បុណ្យធំៗដែលពលរដ្ឋអត់បានសង្កេតមើលទេ ដោយសារជាប់រវល់ធ្វើបុណ្យ ដើរលេង។ គេដឹកដោយគោយន្ត មានទាំងឡាន! ពេលថ្ងៃក៏ដឹកដែរ។ ពួកគាត់គ្របឈើហ្នឹងជិត តែប្រហែលឈើស្រឡៅ ឈើទាល គេយកស្បៃខ្មៅៗមកគ្រប ឈើមិនតិចជាង ២-៣ គីប[គូប ក្នុងមួយគោយន្ត ឬរថយន្ត]»។

ដោយឡែក បណ្ដាញស្នូលសហគមន៍ការពារព្រៃឡង់ខេត្តកំពង់ធំ លោក មិញ នី ប្រាប់ថា តំបន់លោករស់នៅមានបទល្មើសព្រៃឈើ​កើតឡើងស្ទើរក្លាយជាទម្លាប់ទៅហើយ ​ប៉ុន្តែ​អំឡុងពិធីបុណ្យ​ចូលឆ្នាំ វាជាឱកាសល្អសម្រាប់ក្រុមជនល្មើសថែមទៀត ត្បិតសកម្មភាពដឹកឈើចេញពីព្រៃកើតមានកាន់តែច្រើន។ ​

ប្រជាសហគមន៍រូបនេះបន្ថែមថា បទល្មើសចេះតែកើតមានឡើង អាចដោយសារការអនុវត្តច្បាប់នៅមានភាពធូររលុង ត្បិតលោក​កម្រឃើញជនល្មើសត្រូវបានទទួលទោសតាមច្បាប់ណាស់។

លោក មិញ នី ថា៖ «ដូចជាទទេ មិនឃើញមានអ្នកណាជាប់គុកដោយសារបទល្មើសព្រៃឈើមួយសោះ! ប៉ុន្តែយើងមិនចោលទេ ការរាយការណ៍ ការស៊ើបអង្កេត ការតាមដានបទល្មើសព្រៃឈើ តែយើងមានត្រឹមតែការដឹង ព័ត៌មានការកាប់បំផ្លាញ ការរុករាន ការគប់គិតគ្នា។ គ្រាន់តែថាចំណាត់ការដូចជាមិនទាន់ឃើញទេ អ្នកជាប់ទោស ជាប់ហេតុផលដោយការកាប់បំផ្លាញព្រៃឈើទេ មានតែអ្នកតស៊ូមតិ អ្នកការពារបរិស្ថានដែលរងការចោទប្រកាន់ ជាប់គុក ចំជាវាដូចថាសង្គមយើងវាយ៉ាងម៉េច? ហើយបរិបទប្រទេសយើងវាយ៉ាងណាអ៊ីចឹង»។

លោកថា ប្រសិនបើព្រៃឡង់មិនអាចថែរក្សាឱ្យនៅគង់វង្សបន្តទៀតបានទេ អ្វីដែលលោកស្តាយបំផុតគឺក្មេងជំនាន់ក្រោយនឹងលែងបានឃើញឬស្គាល់សម្បត្តិ​របស់ជាតិមួយនេះមិនខាន។ ​

ចំណែកប្រជាសហគមន៍​ព្រៃព្រះរការ ខេត្តព្រះវិហារ លោក ថី ហុន មានប្រសាសន៍ថា លោកបានឃើញបទល្មើសកាប់ឈើ និងដឹកចេញពីព្រៃសហគមន៍មួយនេះស្ទើររាល់ថ្ងៃ។ ជាមួយគ្នានេះ លោកថា ក្នុង​ឱកាសបុណ្យចូលឆ្នាំ លោកសង្កេតឃើញមានការដឹកឈើចេញទ្វេដង ដោយសារប្រជាពលរដ្ឋជាប់រវល់ មិនសូវបានចុះល្បាតឬឃ្លាំមើលបញ្ហាបទល្មើសដូចសព្វដង។

លោកថា៖ «គេមានពេលទៅលួចកាប់លួចអី ដោយសារចូលឆ្នាំខ្មែរយើងហ្នឹងមិនសូវមានអ្នកដើរមើល ដូចជារដ្ឋបាលបរិស្ថាន គាត់មិនសូវបានដើរ។ ហើយក៏ដូចអ្នកខ្លះគេស្គាល់ប៉ូលិស ឱ្យប៉ូលិសមើលឱ្យអ៊ីចឹងទៅ ជារៀងរាល់ថ្ងៃហ្នឹងឯង។ [ឱ្យប៉ូលិសមើលផ្លូវឱ្យ?] ឱ្យប៉ូលិសមើលផ្លូវ យាមឱ្យ ដូចជា [មន្ត្រី] បរិស្ថាន ចូលព្រៃអី គេរាយការណ៍ឱ្យ ដូចថាសហគមន៍យើងចូល ក៏គេរាយការណ៍ឱ្យទាំងអស់។ មើលទៅ [សន្ទុះនៃការកាប់ឈើដឹកចេញ] ខ្លាំង បើមែនទែន គឺថ្ងៃចូលឆ្នាំហ្នឹងឯង! គេមានពេលលួចដឹកឈើរាល់ថ្ងៃហ្នឹងឯង អាណា [ឈើ] ធំៗ គេដឹកចេញពីខេត្តយើងទៅលក់ខេត្តផ្សេងៗ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ទទួលស្គាល់ថា បទល្មើសធនធានធម្មជាតិនៅតែកើតមាន។ យ៉ាងណា លោកថា បទល្មើសទ្រង់ទ្រាយធំលែងកើតមានទៀតហើយ ហើយបច្ចុប្បន្ននៅមានតែបទល្មើសព្រៃឈើទ្រង់ទ្រាយតូចៗប៉ុណ្ណោះ ខណៈមន្ត្រីក្រសួងបរិស្ថានកំពុងបន្តទប់ស្កាត់និងបង្ក្រាបបន្ថែមទៀត។

លោកថា៖ «បទល្មើសធនធានធម្មជាតិនៅកើតមាន តែបទល្មើសទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅមានបទល្មើសទ្រង់ទ្រាយតូចៗ ដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបាននិងកំពុងបន្តការទប់ស្កាត់និងបង្ក្រាបជាបន្តទៀត និងខិតខំប្រឹងប្រែងបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋ»។

អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង ថ្លែងថា បទល្មើសព្រៃឈើធំៗពិតជានៅតែបន្តកើតឡើងរាល់ថ្ងៃ ជាពិសេសនាឱកាសបុណ្យទានធំៗ គឺជនល្មើសតែងសម្រុកកាប់ឈើនិងដឹកចេញពីព្រៃ តាមរយៈការខ្ចីដៃពលរដ្ឋតូចតាចឱ្យធ្វើជំនួសជាដើម។

លោកបន្ថែមថា ប្រជាសហគមន៍តែងបានរាយការណ៍ពីបទល្មើសកាប់ឈើម្តងហើយម្តងទៀត ប៉ុន្តែមន្ត្រីមិនបានសាទរនិងលើកទឹកចិត្តចំពោះការរាយការណ៍ទាំងនោះទេ ផ្ទុយទៅវិញ មន្ត្រីតែងតែច្រានចោល និងបង្ហាញការមិនសប្បាយចិត្តចំពោះ​ប្រជាសហគមន៍ថែមទៀតផង​។

លោកថា៖ «ពេលដែលសហគមន៍គាត់ចាប់ គាត់ឃាត់ [ជនល្មើស] ទៅ យើងឃើញថាហាក់ដូចជាខាងមន្ត្រីខាងអីហ្នឹង គាត់អត់សប្បាយចិត្ត។ គាត់[អាជ្ញាធរ]តែងតែនិយាយថា សហគមន៍ហ្នឹងគ្មានសិទ្ធិ ហើយនិងអត់មានតួនាទីក្នុងការឃាត់ ឬក៏[ចូលរួមចាត់វិធានការ]អីទៅលើបទល្មើសហ្នឹងទេ»។

បើតាមមន្ត្រីសម្របសម្រួលសហគមន៍រូបនេះ កត្តាដែលធ្វើឱ្យបទល្មើសព្រៃឈើកើតឡើងមិនឈប់ឈរ និងគ្មានទីបញ្ចប់ គឺដោយសារអំពើពុករលួយ បញ្ហាបក្ខពួកនិយម ជាដើម។ ​

លោក សេង សុខហេង បន្តថា ប្រសិនបើ​ការអនុវត្តច្បាប់មិនបានតឹងរ៉ឹង និងគ្មានតម្លាភាព​ទេ ​ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជានឹងវិនាស ហើយពលរដ្ឋមូលដ្ឋាននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​​ បានចេញរបាយការណ៍ដោយ​បង្ហាញ​​​ថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​​​​ជាង៦ ០០០​​ហិកតា ​ ​នៅ​តំបន់ជម្រកសត្វព្រៃ«​ព្រៃឡង់» និង«​​ព្រៃ​ព្រះ​រការ» ត្រូវបានកាប់បំផ្លាញ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។

ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំងពីរនេះ អង្គការលើកលែងទោសអន្តរជាតិ​ អះអាងថា មានទំហំស្មើនឹងទីលាន ឬតារាងបាល់ទាត់ចំនួនជិត១ម៉ឺនទីតាំង (៨ ៧៨៤)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ