តំណាងគណបក្សនយោបាយមួយចំនួនទៀតបានអះអាងថា ពួកគេបានត្រៀមរួចរាល់ហើយនូវកម្មវិធីនយោបាយ ដើម្បីដាក់ចេញនៅក្នុងថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោត ដែលបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដ៏ខ្លីខាងមុខនេះ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា បានប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា គណបក្សថ្មីថ្មោងមួយនេះកំពុងកែសម្រួលគោលនយោបាយ នៅត្រង់ចំណុចខ្លះបន្ថែមទៀត ហើយការរុះរើកម្មវិធីនយោបាយនេះ គឺដើម្បីឱ្យឆ្លើយតបទៅនឹងភាពជាក់ស្ដែងនិងតម្រូវការចាំបាច់របស់ពលរដ្ឋដែលជាម្ចាស់ឆ្នោត។
បើតាមអ្នកនយោបាយចាស់វស្សារូបនេះ ចំពោះគណបក្សកែទម្រង់កម្ពុជា មានកម្មវិធីនយោបាយចំនួន៥ចំណុចដែលនឹងត្រូវដាក់ចេញសម្រាប់ឃោសនានៅថ្ងៃស្វែងរកសំឡេងឆ្នោតនាពេលខាងមុខ ក្នុងនោះ កម្មវិធីនយោបាយជាអាទិភាព គឺធ្វើយ៉ាងណាលើកកម្ពស់សិទ្ធិអំណាចពលរដ្ឋដែលជាម្ចាស់ឆ្នោត និងបញ្ហាគ្រឿងញៀន។
លោកបន្តថា៖ «Empowering មានន័យថា ពង្រឹងសិទ្ធិអំណាចពលរដ្ឋនៅមូលដ្ឋានហ្នឹង ក្នុងការចូលរួមនិងជំរុញឱ្យមានលិទ្ធិប្រជាធិបតេយ្យពីមូលដ្ឋានហ្នឹង ដោយសារយើងកន្លងមកមានការគាបសង្កត់ច្រើននៅក្នុងមូលដ្ឋាន ផ្នែកនយោបាយក្ដី។ យើងចង់ជំរុញឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មិនថាមកពីគណបក្សណាទេ»។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន សម្រាប់គណបក្សកែទម្រង់កម្ពុជា ដាក់បេក្ខជនមេឃុំចៅសង្កាត់បាន៥៩ឃុំសង្កាត់ប៉ុណ្ណោះ។
ដោយឡែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) វិញ មានកម្មវិធីនយោបាយចំនួន២២ចំណុច សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ។
អ្នកនាំពាក្យគណបក្ស GDP លោក ឡឹក សុធារ បញ្ជាក់ថា ក្នុងចំណោមគោលនយោបាយទាំងនោះ មិនមែនដាក់ឱ្យអនុវត្តទាំងអស់នោះទេ គឺមានឃុំសង្កាត់ខ្លះអាចដាក់ឱ្យប្រើប្រាស់ត្រឹម៩កម្មវិធីនយោបាយប៉ុណ្ណោះ។
បើតាមលោក ឡឹក សុធារ កម្មវិធីនយោបាយដែលជាចំណុចស្នូលរបស់គណបក្សនេះ គឺការផ្ដោតលើទីផ្សារផលិតផលនិងកសិកម្ម សេវារដ្ឋបាលសាធារណៈ បញ្ហាគ្រឿងញៀន និងគោលនយោបាយចាស់ជរា ជាដើម។
លោកបន្តថា៖ «ជាពិសេសមានចំណុច២ដែលលេចធ្លោមែន ហើយនៅគ្រប់ឃុំសង្កាត់តែម្ដង គឺទី១ ទាក់ទងទីផ្សារកសិផល និងសិប្បកម្ម ពីប្រជាពលរដ្ឋ គឺចង់ឱ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានដោះស្រាយតម្លៃទីផ្សារ និងផលិតផល ព្រមទាំងសិប្បកម្មមួយចំនួន។ ហើយទី២ បញ្ហាគ្រឿងញៀន គ្រប់ឃុំសង្កាត់តែម្តង គឺលើកពីបញ្ហាគ្រឿងញៀន ក្ដីកង្វល់ពីការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនហ្នឹងដែលមានវិសាលភាពធំទៅៗ ហើយដែលប៉ះពាល់ទៅដល់យុវជន»។
លោក ឡឹក សុធារ ឱ្យដឹងថា ចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខភាពមេឃុំចៅសង្កាត់បាន៣២ឃុំសង្កាត់។ បើទោះជាបែបណា លោកមានសុទិដ្ឋិនិយមថា គណបក្ស GDP នឹងឈ្នះការបោះឆ្នោតឃុំសង្កាត់ ហើយនឹងឈានទៅគ្រប់គ្រងអាសនៈមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់បានទាំង៣២ឃុំសង្កាត់នៅក្នុងអាណត្តិនេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ បើមិនមានការប្រែប្រួលទេ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយបើគិតពីពេលនេះទៅដល់ថ្ងៃបោះឆ្នោត គឺនៅសល់ពេលប្រមាណ១ខែកន្លះទៀតប៉ុណ្ណោះ។
សម្រាប់អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ខឿយ ស៊ីនឿន វិញ មានជំនឿថា គណបក្សរបស់ខ្លួននឹងទទួលបានអាសនៈជាមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ មិនចាញ់គណបក្សដែលទើបកកើតថ្មីដទៃទៀតប៉ុន្មានដែរទេ។
តាមរយៈកម្មវិធីនយោបាយទាំង៥ចំណុច លោក ស៊ីនឿន បញ្ជាក់ថា ក្នុងនោះ ការរៀបចំវិមជ្ឈការថវិកាប្រមាណ៨០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ទៅថ្នាក់មូលដ្ឋាន ដើម្បីទ្រទ្រង់ការអភិវឌ្ឍទៅលើវិស័យផ្សេងៗ។ បើតាមអនុប្រធានគណបក្សរូបនេះ ក្រៅពីគោលនយោបាយដែលជាចំណុចអាទិភាពនេះ ការផ្តល់សិទ្ធិអំណាចឱ្យពលរដ្ឋ និងការដោះស្រាយសេវាសាធារណៈ ក៏ជាផ្នែកមួយដ៏សំខាន់របស់គណបក្សដែលនឹងត្រូវដាក់ចេញដែរ ក្រោយគណបក្សឈ្នះការបោះឆ្នោតនៅក្នុងអាណត្តិនេះ។
លោកបន្តថា៖ «យើងផ្ដល់ឱកាស និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបង្កើតជាសហគមន៍ ព្រោះយើងយល់ថា នៅក្នុងកិច្ចការងារជាសហគមន៍ គឺជាការងារសំខាន់របស់ប្រជាពលរដ្ឋ ហើយយើងនឹងចូលរួមផ្តល់យោបល់ វាយតម្លៃ និងចូលរួមនៅក្នុងការធ្វើសេចក្ដីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់នីមួយៗ ដែលលោកជាអ្នកសម្រេចនៅក្នុងការអភិវឌ្ឍភូមិឃុំរបស់លោក។ ចំណុចទី២ យើងនឹងផ្តោតទៅលើសេវាសាធារណៈ។ សេវាធារណៈនេះ យើងនឹងផ្តល់លិខិតស្នាមឱ្យពលរដ្ឋដោយមិនរើសអើង ហើយស្អាតស្អំ និងទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋ»។
លោក ខឿយ ស៊ីនឿន ឱ្យដឹងថា ដោយសារពេលវេលាខ្លី និងមានបញ្ហាស្មុគស្មាញដទៃទៀតផង គណបក្សដាក់បេក្ខភាពមេឃុំចៅសង្កាត់បានចំនួន៣៤៨ឃុំសង្កាត់ប៉ុណ្ណោះនៅទូទាំងប្រទេស ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ។
ដោយឡែក ប្រធានគណបក្សរស្មីខេមរា លោក ស៊ិន សុភាព ថ្លែងថា គណបក្សរបស់លោកដាក់បេក្ខភាពមេឃុំចៅសង្កាត់សម្រាប់អាណត្តិនេះបាន៦ឃុំសង្កាត់ប៉ុណ្ណោះ។
ការដាក់បានក្នុងកម្រិតដ៏តិចតួចនេះ លោកអះអាងថា ដោយសារគណបក្សក្រៅរដ្ឋាភិបាលមួយនេះនៅថ្មោងថ្មីពេក ហើយខ្វះបទពិសោធន៍ផង។ ទោះជាបែបណា លោករំពឹងថា តាមរយៈកម្មវិធីនយោបាយដែលគណបក្សដាក់ទាំង៦ចំណុច ក្នុងនោះ អំណាចទាំងអស់គឺជាអំណាចរបស់ពលរដ្ឋ ហើយគណបក្សធ្វើដើម្បីពលរដ្ឋជាដើម នឹងអាចឆក់យកការគាំទ្របានពីម្ចាស់ឆ្នោត។
លោកបន្តថា៖ «១ គណបក្សរស្មីខេមរា ជាអ្នកបម្រើពលរដ្ឋ ធ្វើតាមឆន្ទៈពលរដ្ឋ និងពលរដ្ឋជាម្ចាស់អំណាច។ ចំណុចផ្សេងទៀត រៀបចំហេដ្ឋារចនាសម្ព័ន្ធ ជួលជុលផ្លូវថ្នល់ដែលខូចខាត ព្រមទាំងធ្វើផ្លូវថ្មី និងរៀចចំប្រព័ន្ធលូទឹកនៅតាមភូមិនីមួយៗ ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធស្រោចស្រពស្រែចម្ការនៅតាមមូលដ្ឋានរបស់ពុកម៉ែបងប្អូន»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧គណបក្ស បានចុះបញ្ជី ដើម្បីចូលរួមប្រកូតប្រជែងក្នុងពេលខាងមុខនេះ។ ក្នុងចំណោមគណបក្សនយោបាយទាំងនោះ មានតែ ៤គណបក្សនយោបាយ ដែលបានដាក់បេក្ខភាពបានច្រើនជាងគេនៅទូទាំង២៥រាជធានី-ខេត្ត។ គណបក្សទាំង៤នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែគណបក្សដែលដាក់បេក្ខជនបានច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីគណបក្សកាន់អំណាច គឺគណបក្សភ្លើងទៀន ដែលមាន១ ៦២៣ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១៦ ៥៤ឃុំសង្កាត់៕
កែតម្រូវ៖ «លោក ខឿយ ស៊ីនឿន ឱ្យដឹងថា ដោយសារពេលវេលាខ្លះ និងមានបញ្ហាស្មុគស្មាញដទៃទៀតផង គណបក្សដាក់បេក្ខភាពមេឃុំចៅសង្កាត់បានចំនួន២៤៨ឃុំសង្កាត់ប៉ុណ្ណោះនៅទូទាំងប្រទេស ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ។» ទៅជា «លោក ខឿយ ស៊ីនឿន ឱ្យដឹងថា ដោយសារពេលវេលាខ្លី និងមានបញ្ហាស្មុគស្មាញដទៃទៀតផង គណបក្សដាក់បេក្ខភាពមេឃុំចៅសង្កាត់បានចំនួន៣៤៨ឃុំសង្កាត់ប៉ុណ្ណោះនៅទូទាំងប្រទេស ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ។»