ក្រសួងការបរទេសចិនបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ប្រទេសចិនបានជូនដំណឹងទៅកាន់ប្រទេសរុស្ស៊ីថា ខ្លួននឹងបន្តបង្កើនការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយប្រទេសមួយនេះ បើទោះបីជាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្ដេជ្ញានៅក្នុងសេចក្ដីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Le Yucheng ទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក Andrey Denisov កាលពីថ្ងៃចន្ទម្សិលមិញ។
ទាក់ទិននឹងករណីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ក៏ធ្លាប់បានព្រមានលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងអំឡុងជំនួបតាមរយៈប្រព័ន្ធវីដេអូមួយកាលពីខែមីនាកន្លងទៅ អំពីផលវិបាកដែលចិនអាចនឹងទទួលបាន ប្រសិនបើប្រទេសមួយនេះផ្ដល់ការគាំទ្រណាមួយដើម្បីជួយឱ្យរុស្ស៊ីរួចផុតពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច ឬផ្ដល់ជំនួយផ្នែកយោធាជាដើមនោះ។
ទោះជាយ៉ាងណា ប្រទេសចិនបានបដិសេធម្ដងហើយម្ដងទៀតនូវផែនការបែបនេះ ក្នុងនោះ ខ្លួនក៏ធ្លាប់ច្រានចោលការអះអាងរបស់មន្ត្រីអាមេរិក ដែលថារុស្ស៊ីបានព្យាយាមស្វះស្វែងរកជំនួយយោធាពីខ្លួននៅអ៊ុយក្រែនផងដែរ និងបានចោទអាមេរិកថាបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕












