តុលាការ​បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី

លោក យាង សុធារិន អតីត​អ្នកកាសែត​​របស់​វិទ្យុ​អាស៊ីសេរី ​(RFA)​ ទើបបញ្ចាប់សវនាការនៅសាលា​ឧទ្ធរណ៍​ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ដក​ការ​ឃ្លំាមើល​របស់​តុលាការ​ ​និង​ប្រគល់​សម្ភារៈ​ដែល​បាន​រឹប​អូស ​ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​ចុងឆ្នាំ​២០១៧។ រូបភាព៖ ហួត វុទ្ធី

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ដែលស្នើសុំលិខិត​ឆ្លងដែនដើម្បីយកមកប្រើប្រាស់ ស្របពេល​តុលាការ​មិនបានដាក់ឱ្យស្ថិតនៅក្រោមតាមត្រួតពិនិត្យ និងក្នុងកម្រិតនីតិវិធីជាបន្តទៀតនោះឡើយ។

ការបដិសេធនេះធ្វើឡើងបន្ទាប់ពីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) លោក យាង សុធារិន្ទ បានដាក់សំណើទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ដើម្បីស្នើសុំលិខិតឆ្លងដែនទៅប្រើប្រាស់។

ក្នុងលិខិតឆ្លើយតបរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដែលវីអូឌីទើបទទួលបានឱ្យដឹងថា តុលាការសម្រេចបដិសេធពាក្យសុំចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ របស់លោក យាង សុធារិន្ទ ដែលស្នើសុំលិខិតឆ្លងដែនរបស់ខ្លួន។ ប៉ុន្តែលិខិតរបស់តុលាការមិនបានបញ្ជាក់ពីមូលហេតុឡើយ។

វីអូឌី មិនអាចសុំការបំភ្លឺពីចៅក្រមសាសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានទេ ជុំវិញការបដិសេធការស្នើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) លោក យាង សុធារិន្ទ នាថ្ងៃអង្គារនេះ។ ចំណែកអ្នកនាំពាក្យអយ្យការ​អមសាលាដំបូង​​រាជ​​​ធា​​នី​​ភ្នំពេញ លោក ប្លង់ សុផល សុំមិនធ្វើអត្ថាធិប្បាយ ដោយឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញវិញ។

លោក ប្លង់ សុផល៖ «សូមសួរទៅអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ ខ្ញុំជាអ្នកនាំពាក្យខាងអយ្យការប៉ុណ្ណោះ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនបានឆ្លើយតបយ៉ាងណាទេ ដោយថា ក្នុងលិខិតរបស់ចៅក្រមបានបញ្ជាក់ពីមូលហេតុរួចហើយ។ ​ 

កាលពីថ្ងៃទី៣ ខែមេសា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA)​ លោក យាង សុធារិន្ទ បានដាក់ពាក្យស្នើសុំលិខិតឆ្លងដែនពីតុលាការយកទៅប្រើប្រាស់ ដើម្បីទៅចូលរួមក្នុងកម្មវិធីមួយនៅសហរដ្ឋអាមេរិក នាខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ក្រោយពីមានការអញ្ជើញពីសហព័ន្ធខ្មែរកម្ពុជាក្រោមកាលពីខែមីនា។ 

ក្នុងលិខិតដាក់ទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣ ខែមេសា​ លោក យាង សុធារិន្ទ បានឱ្យដឹងថា កន្លងមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញមិនបានសម្រេចដាក់រូបលោកឱ្យបន្តស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយដីកាសម្រេចដោយឡែកនោះទេ ចាប់តាំងពីចៅក្រមចេញដីកាដំណោះស្រាយបញ្ជូនសំណុំរឿងជំនុំជម្រះ។

លិខិតដដែលថា ហេតុដូច្នេះ ទើបរូបលោកស្នើសុំចៅក្រមផ្ដល់លិខិតឆ្លងដែនយកមកប្រើប្រាស់តាមភាពចាំបាច់ ដើម្បីបម្រើឱ្យជីវភាពប្រចាំថ្ងៃ និងមុខរបរផ្ទាល់ខ្លួន។

បន្ថែមពីនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក បានអញ្ជើញរូបគាត់ទៅចូលរួមកម្មវិធីមួយនៃមហាសន្និបាតពិភពលោក នាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ខាងមុខនេះ ដោយសារបច្ចុប្បន្ន រូបលោកជាអ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុសំឡេងខ្មែរក្រោម និងអ្នកសារព័ត៌មានព្រៃនគរ ដែលជាបណ្ដាញផ្សព្វផ្សាយរបស់ខ្មែរកម្ពុជាក្រោម ​ទទួលស្គាល់ដោយក្រសួងព័ត៌មាន។

លិខិត៖ «ខ្ញុំពិតជាត្រូវការលិខិតឆ្លងដែន ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមគ្រួសារនៅប្រទេសវៀតណាមដែរ ក្នុងពេលដែលប្រទេសវៀតណាមអនុញ្ញាតឱ្យជនបរទេសចូលប្រទេសឡើងវិញ បន្ទាប់ពីមានការហាមឃាត់នៅក្នុងអំឡុងមានការរាតត្បាតនៃជំងឺកូវីដ-១៩កន្លងមក»។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ស្នើទៅចៅក្រមឱ្យផ្ដល់លិខិតឆ្លងដែនដល់រូបលោក។ អតីតអ្នកសារព័ត៌មានអាស៊ីសេរីរូបនេះ សង្ឃឹមថា ដើម្បីរក្សាតុល្យភាព ព្រមទាំងចៀសវាងផលអវិជ្ជមានផ្សេងៗក្នុងដំណើរការក្ដី និងជួយសម្រួលដល់ការងារប្រចាំថ្ងៃ ដែលការផ្ដល់លិខិតឆ្លងដែនដល់រូបលោកសម្រាប់ប្រើប្រាស់ ​គឺជាកិច្ចការដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍យុត្តិធម៌នៃរឿងក្ដីឡើយ​។

លោក យាង សុធារិន្ទ ចាត់ទុកការ​បដិសេធនេះបង្ហាញ​ឱ្យឃើញថា សិទ្ធិសេរីភាពរបស់គាត់ និងលោក អ៊ួន ឈិន នៅតែត្រូវបានរឹតត្បិត និងធ្វើទុក្ខបុកម្នេញពីសំណាក់តុលាការ រួមទាំងអាជ្ញាធរ ដោយសារពួកគាត់ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី។ 

លោកថា៖ «ខ្ញុំគិតថាខាងតុលាការ ដូចជាគាត់នៅតែចង់ព្យាបាទរូបខ្ញុំបាទ ក៏ដូចជាលោក អ៊ួន ឈិន ​ដែរ។ រឿងលិខិតឆ្លងដែនដែលខ្ញុំស្នើទៅ គ្រាន់តែស្នើសុំ ដើម្បី​ធ្វើការងារសង្គម​ខ្មែរក្រោម ដោយសារខ្ញុំជាអ្នកធ្វើការឱ្យខាងខ្មែរក្រោមអ៊ីចឹង។ ​គាត់[តុលាការ]ហាក់គិតគូរព្រួយបារម្ភពេក​រឿងរបស់ខ្ញុំ ហាក់ដូចជាមានការរើសអើងលើរូបខ្ញុំបាទធ្ងន់ធ្ងរ»។

លោកបន្តថា ការស្នើសុំលិខិតឆ្លងដែនមិនមែនសំដៅចង់តែទៅសហរដ្ឋអាមេរិកនោះទេ តែដោយសារចង់ធ្វើដំណើរទៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខឪពុកម្ដាយនិងសាច់ញាតិ ដោយថា ចាប់តាំងពីតុលាការដកយកលិខិតឆ្លងដែនមក រូបគាត់មិនបានទៅជួបឪពុកម្ដាយទៀតឡើយ។ លោកចាត់ទុកការបដិសេធរបស់តុលាការជាការផ្ដាច់ទំនាក់ទំនងឬមនោសញ្ចេតនាជាមួយគ្រួសារ និងជាការបំភិតបំភ័យរូបលោក ដោយសារបច្ចុប្ប​ន្នគាត់ក៏ជាអ្នកសារព័ត៌មានមួយរូបដែរ។

លោកថា៖ «ខ្ញុំស្នើឱ្យរដ្ឋាភិបាល ​សមត្ថកិច្ច​ ភាគីពាក់ព័ន្ធ​ អាជ្ញាធរទាំងអស់ មេត្ដាពិចារណា​មើល​ថា រឿងរ៉ាវ​​ខ្ញុំអូសបន្លាយយូរ​ហើយ គួរណាទម្លាក់ចោល​បទចោទប្រកាន់ បើគ្មានភស្តុតាងអីបញ្ជាក់​ថាខ្ញុំបានប្រព្រឹត្ត​។ ហើយណាមួយពួកខ្ញុំមិនទាន់មានកំហុសផង យកពួកខ្ញុំមកដាក់​ពន្ធនាគារអស់រយៈពេល​១ឆ្នាំ។ រហូតដល់ពេលហ្នឹង ពួកខ្ញុំមិនមានសេរីភាពដើរហើរគ្រប់គ្រាន់ ហើយនៅតែមានបញ្ហាដក់ជាប់នឹងការព្រួយបារម្ភ គួរតែផ្ដល់សេរីភាពពេញឡើងវិញដូចពលរដ្ឋទូទៅ»។

អ្នកនាំពាក្យសមាគមការពារសិ​ទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកការមិនផ្ដល់លិខិតឆ្លងដែនទៅលោក ធារិន្ទ ពីសំណាក់តុលាការនេះថា ជាការបន្តធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានទាំងពីររូបតែម្តង។ លោកបន្តថា បើសិនជារដ្ឋាភិបាលនិងតុលាការនៅតែមិនផ្ដល់សម្ភារ ហើយមិនទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់នោះទេ ​នឹងធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាល ជាពិសេសប្រព័ន្ធយុត្តិធម៌បន្ថែមទៀត។

លោកថា៖ «បញ្ហាទាំងអស់នេះអាចបង្ហាញឱ្យគេឃើញច្បាស់ថា តុលាការមិនអនុវត្តច្បាប់ឱ្យត្រឹមត្រូវទេ ​ក្នុងការធ្វើបាប​ ធ្វើទុក្ខ ធ្វើទោសដល់ពួកគាត់ទាំងពីររូបហ្នឹង​ទៅវិញ។ ទាំងការធ្លាប់យកទៅដាក់ក្នុងពន្ធនាគារ ហើយចេញក្រៅពន្ធនាគារក៏មិនមានសេរីភាពគ្រប់គ្រាន់ក្នុងការប្រកបមុខរបររបស់ខ្លួន វិជ្ជាជីវៈរបស់ខ្លួន ក្នុងការក្រេបជញ្ជក់ចំណេះដឹងនិងបទពិសោធន៍ផ្សេងៗដែលពួកគាត់ត្រូវធ្វើ ដើម្បីយកមកបំពេញវិជ្ជាជីវៈរបស់ខ្លួននិងជីវភាពរបស់គាត់ទៅទៀត។ នេះជាគឺអ្វីដែលមិនគួរកើតឡើងទេ គួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពួកគាត់ទាំងពីរនាក់ហើយ»។

លោក អ៊ួន ឈិន និង​លោក យាង សុ​ធារិ​ន្ទ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​ក្រោយមក ពួកគេត្រូវ​បានបញ្ជូន​ទៅ​ដាក់​ឃុំនៅពន្ធនាគារព្រៃស ​ក្រោមបទ​ចោទ «​​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស» ហើយ​ក្រោយមក ត្រូវ​បានតុលាការ​ចោទប្រកាន់​មួយ​ករណី​ទៀត​ពីបទ «​ផលិតនិង​កាន់កាប់​រូបភាព​អាសអាភាស»។

អ្នក​ទាំងពីរត្រូវ​បាន​តុលាការដោះលែង​ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ចាប់តាំងពី​ខែសីហា ឆ្នាំ២០១៨​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ