មេធាវី​ថា​ការ​ចាប់ខ្លួន​សកម្មជន​បក្សភ្លើងទៀន​ខេត្តពោធិ៍សាត់​បញ្ជូន​ទៅ​តុលាការ​ជា​ការ​គំរាម​ផ្នែកនយោបាយ

សកម្មភាពលើកស្លាកគណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀនខេត្តពោធិ៍សាត់)

មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សភ្លើងទៀន និងកូនប្រុសដែលជាអនីតិជន ចាត់ទុកការចាប់​ខ្លួនកូនក្ដីបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ថា បានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់កាលពីចុងសប្ដាហ៍មុន គឺជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។

លោក សំ សុគង់ ដែលជាមេធាវីការពារក្ដីឱ្យលោក ហែម ឆិល បេក្ខជនឈរឈ្មោះលេខរៀងទី២របស់គណបក្សភ្លើងទៀន នៅឃុំស្យា ស្រុកកណ្ដៀង និងកូនប្រុសឈ្មោះ ពឹម ដារ៉ាន់ អាយុ១៥ឆ្នាំ បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ កូនក្ដីរបស់លោកបានបូមស្រះចាប់ត្រីនៅទីតាំងដីរបស់ខ្លួន។ លោកបន្តថា នៅថ្ងៃនោះ ស្រាប់តែសមត្ថកិច្ចខេត្តពោធិ៍សាត់ចុះចាប់ខ្លួនកូនក្ដីរបស់លោកទាំងពីរនាក់ ដោយម្នាក់មិនទាន់គ្រប់អាយុផងនោះ បញ្ជូនទៅតុលាការ ដោយចោទប្រកាន់ថា «ប្រើឧបករណ៍ឆក់ត្រីខុសច្បាប់»។

ករណីនេះ លោក សំ សុគង់ ​ចាត់ទុកថាជារឿងនយោបាយច្រើនជាង​ការអនុវត្តច្បាប់ ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា ទាក់ទងនឹងរឿងនេះ ជារឿងគំរាមកំហែងបែបនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយសារតែអ្នកដែលត្រូវបានគេចាប់ឃុំ ត្រូវជាបេក្ខជននៅឃុំស្យា​ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ហ្នឹង»។

លោកបន្ថែមថា៖ «ហើយទាក់ទងនឹងការប្រើប្រាស់ឧបករណ៍ ក៏ដូចជាការនេសាទត្រីនៅក្នុងត្រពាំងរបស់គាត់ ជាកម្មសិទ្ធិរបស់គាត់។ ខ្ញុំគិតថា មិនមែនជាអំពើដែលត្រូវហាមឃាត់ទេ ការនេសាទខុសច្បាប់ លុះត្រាតែវាស្ថិតនៅក្នុងតំបន់ហាមឃាត់ នៅតំបន់ដែលគេអភិរក្ស។ អ៊ីចឹងទាក់ទងនឹងការនេសាទនៅក្នុងបរិវេណផ្ទះខ្លួនឯង មិនមែនជាអំពើល្មើសខុសច្បាប់ទេ»។

អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន សុំមិន​បកស្រាយជុំវិញបញ្ហានេះឡើយ ដោយលោកថា មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា មួយរយៈកាលចុងក្រោយនេះ សមត្ថកិច្ចតែងតែធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ ដោយសារតែគណបក្សនេះហាក់មានប្រជាប្រិយភាពក្នុងការត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។

លោកបន្តថា ពាក់ព័ន្ធនឹងការចាប់ខ្លួនបេក្ខជនគណបក្សភ្លើងទៀន និងកូនប្រុសដែលជាអនីតិជន ដោយចោទថាប្រើឧបករណ៍ឆក់ត្រីខុសច្បាប់នោះ ​មន្ត្រីអង្គការលីកាដូកំពុង​ស្រាវជ្រាវដោយយកចិត្តទុកដាក់លើបញ្ហានេះផងដែរ។

លោក សំអាត យល់ថា ប្រសិនបើការចាប់ខ្លួននោះពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ កម្ពុជានឹងរងការរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ជុំវិញបញ្ហាទាំងនេះបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «កាលដែលធ្វើទុក្ខបុកម្នេញ ក៏វាអាចមានការរិះគន់ជាច្រើនទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខដែរ ដែលជាទូទៅគណបក្សនយោបាយទាំងអស់ ទាំងតូចទាំងធំ មានសិទ្ធិស្មើគ្នាក្នុងការអនុវត្តគោលនយោបាយ ឬក៏ការប្រកួតប្រជែងដោយតម្លាភាព និងស្មើភាព»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ