អ្នកស្រី សាត ផា ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​ទម្លាយ​ព័ត៌មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​គំរាម​សម្លាប់

សកម្មជនដីធ្លី អ្នកស្រី សាត ផា ឈរកាន់ទង់ជាតិខ្មែរ អំឡុងពេលធ្វើដំណើរភៀសខ្លួនទៅរកទីតាំងសុវត្ថិភាព ក្រោយអ្នកស្រីទទួលការគំរាមកំហែង។ (ហ្វេសប៊ុកអ្នកស្រី សាត ផា)

សកម្មជនសង្គមម្នាក់កំពុងរត់ភៀសខ្លួនដើម្បីស្វែងរកទីសុវត្ថិភាព ក្រោយទម្លាយព័ត៌មានថាមា​​ន​​​​​​ជន​​អនាមិកគំរាមសម្លាប់ប្រសិនបើនៅតែបន្តសកម្មភាពតស៊ូមតិ​ជាថ្មីទៀត ខណៈសមត្ថ​​កិច្ច​​ជំ​​រុ​​ញ​​​​​ឱ្យ​​ភាគីដែលអះអាងថាជាជនរងគ្រោះដាក់​​​បណ្ដឹងប្រឆាំងការគំរាមកំហែងនេះ បើពិត​​​ជា​​មាន​ករណីបែប​នេះកើតឡើង​​មែន​​។

អ្នកស្រី សាត ផា ជាអតីតសកម្មជនដីធ្លីតំបន់បឹងកក់ និងតស៊ូមតិ​ម្នាក់ ដែលគេតែងសង្កេតឃើញអ្នកស្រី​​ចុះធ្វើបាតុកម្ម​​ឬតវ៉ាទាមទារ​យុត្តិធម៌សង្គមស្ទើរគ្រប់​​ទី​​កន្លែងនោះ ​នៅ​​ពេល​​នេះកំពុងរត់ភៀសខ្លួន។ តាមរយៈសារដែល​​អ្នក​​ស្រី​​បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមេសា ហើយវីអូឌីទទួល​​បាន​​នៅ​​​ថ្ងៃ​​ទី១៩ ខែមេសានេះ ឱ្យដឹងថា អ្នកស្រីត្រូវបង្ខំចិត្តចាកចេញពីប្រទេស ប្រសិនបើបន្តនៅ​ទៀត នឹងត្រូវ​​គេសម្លាប់មិនខាន។

ប្រភពបន្តថា ការភៀសខ្លួននេះ ដោយសារមានជនមិនស្គាល់អត្តសញ្ញាណគំរាម​​សម្លា​​​ប់​​​​​​​តា​ម​​ទូរ​​​សព្ទ។ ជាងនេះទៀត អ្នកស្រីបញ្ជាក់ថា អ្នកដែលគំរាមកំហែងថានឹងសម្លាប់នេះ ក៏បាន​​សរសេ​​រអ​​ក្ស​​រ​​ដោយដៃ​​មួយឃ្លាហើយបិទ​​ជាប់ជញ្ជាំង ដែលមានអត្ថន័យថា «ប្រសិនបើនៅតែខ្លាំងទៀត ប្រយ័ត្ន​​បាត់​​​​​ខ្លួន»

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ឱ្យដឹងថា ប្រ​​​សិន​​បើ​ពិតជាមានរូបភាពនៃការគំរាមកំហែងដូច្នេះមែន លោកជំរុញឱ្យភាគីពាក់ព័ន្ធដែលអះ​​អាង​​ថា​​​​ជាជនរងគ្រោះ ដាក់ពាក្យបណ្ដឹងទៅនគរបាលយុត្តិធម៌។

លោកបន្តថា ការអនុវត្តនីតិវិធីបែបនេះ សម​​ត្ថ​​​​​​កិច្ចនឹងអាចជួយបានច្រើន ក្នុងការស្វែងរកអ្នកគំរាមកំហែង។ ប៉ុន្តែបើតាមលោក សុខសីហា ខ្លាច​​​តែរឿងខ្លះ ជនរងគ្រោះប្រតិដ្ឋរឿងឡើងនាំឱ្យតែមានបញ្ហា ដើម្បីហេតុផលអ្វីមួយតែប៉ុណ្ណោះ។

លោកបន្តថា៖ «បើសិនជាមានករណីហ្នឹងកើតឡើង មូលហេតុអីបានបុគ្គលគាត់ផ្ទាល់ ហេតុ​​អីមិន​​ទៅ​​ដាក់ពាក្យបណ្ដឹងនៅទីតាំងដែលមានសមត្ថកិច្ចមានគ្រប់កន្លែង? ការដាក់បណ្ដឹងនេះអាចដាក់នៅប៉ុស្តិ៍នគរបាលរដ្ឋ និងអធិការខណ្ឌជាដើម ហើយបែរជាគាត់ទៅស្រែកឡូងៗថាមានករណីនេះ មាន​​ករណីនោះ។ បើពិតជាមានករណីបែបនេះមែន ដាក់ពាក្យបណ្ដឹងទៅ ប្រទេសយើងមានច្បាប់ ហើ​​​យ​សមត្ថកិច្ចយើងមានជំនាញស៊ើបតើ! ឱ្យតែថាមានភស្តុតាងច្បាស់លាស់ យើងធ្វើការស្រា​​វ​​ជ្រាវ​​ដឹង យើងនឹងអនុវត្តតាមវិធានការច្បាប់ជូនគាត់»។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា នគរបាលយុត្តិធម៌ពិតជាមានជំនាញ ដែលអាចឈានទៅ​​កំណត់​​អត្ត​​​​​ស​​​ញ្ញាណបុគ្គលដែលគំរាមកំហែង។ បើទោះបែបណា លោកដាក់ការសង្ស័យថា អង្គហេតុនេះ​វា​​​​​​​​អាច​​​ជា​​រឿង​​​​មិន​​​ពិត ហើយបង្កើតឱ្យមានចលាចលសង្គម ដើម្បីដាក់បន្ទុកចំពោះសមត្ថកិច្ចថាគ្មាន​​ស​​មត្ថភាព​ក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា បើ​​​ទោះ​ជារឿងនេះពិតឬមិនពិត​ នគរបាលយុត្តិធម៌គួរបើកការស៊ើបអង្កេត ដើម្បីជម្រះ​មន្ទិល​​សង្ស័យ និងបញ្ចៀសការរិះគន់​​។

លោកបន្តថា ដោយសារកន្លងទៅ មានការគំរាមកំហែង​​ច្រើនករណី​​ទៅលើ​​​ស​​ក​ម្មជននយោបាយ យុវ​​ជន​បរិស្ថាន និងក្រុមអ្នកការពារសិទ្ធិមនុស្សជាដើម តែលទ្ធផលដែល​​ផ្ដើម​ចេញ​ពី​​ការស៊ើបអង្កេតដោយ​​សមត្ថ​កិច្ច មិនមានភាពជឿនលឿន និងមិនអាចជឿទុកចិត្តបាន។ ក្នុងន័យនេះ ទើបជំរុញ​​ឱ្យ​​អ្នក​​​ដែលពាក់ព័ន្ធបោះបង់ការស្វែងរកយុត្តិធម៌សង្គមពីសមត្ថកិច្ចឬភាគីរដ្ឋាភិបាល។

លោកបន្តថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងទទូចឱ្យអាជ្ញាធរដែល​​ជាសមត្ថកិច្ចហ្នឹង​​បើក​​ការ​​​ស្រាវជ្រាវនិងស៊ើបអង្កេតទៅលើករណីហ្នឹងឱ្យបានច្បាស់លាស់និងការពិត កុំឱ្យ​​មានការរិះ​គន់​​បន្ថែមទៀត ទាក់ទងនឹងការរើសអើងនិន្នាការនយោបាយ ឬក៏កន្លងមកយើង​ឃើញថា អតីតសកម្ម​​ជន​គណបក្សប្រឆាំងមួយចំនួនគេលួចវាយ គេលួចធ្វើទុក្ខបុកម្នេញ ប៉ុន្តែមកទល់ឥលូវរកជន​​ដែល​​​បង្ក​​មិន​ឃើញ ដើម្បីយកមកផ្ដន្ទាទោសអីជាដើម»។

វីអូឌី មិនអាច​ស្វែងរកក្រុមគ្រួសាររបស់អ្នកស្រី សាត ផា ដើម្បីសួរនាំបន្ថែមបានទេ ពាក់​​ព័ន្ធ​​ការ​​គំរាមកំហែងនេះ។ ប៉ុន្តែស្រ្តីម្នាក់ដែលអះអាងថាធ្លាប់ស្គាល់សកម្មជនសង្គមរូបនេះ គឺអ្នកស្រី ផាត សាត ឱ្យដឹងថា អ្នកស្រីមិនដែលឃើញ​អ្នកស្រី សាត ផា មាន​​សាច់​​ញាតិ​ឬ​​កូន​ចៅទេ។

ដោយឡែក អ្នកស្រី សាត ផា បានប្រាប់ វីអូឌី នៅរសៀលថ្ងៃអង្គារនេះ តាមបណ្ដាញ​​សង្គ​​មហ្វេ​ស​​ប៊ុកថា ពេល​​នេះ​​​​អ្នកស្រីបានភៀសខ្លួនទៅដល់ទីតាំងដែលមានសុវត្ថិភាពហើយ​​។

មួយរយៈពេលចុងក្រោយ​​នេះ គេសង្កេតឃើញថា អ្នកតស៊ូមតិរូបនេះតែងធ្វើបាតុកម្មឬចេញតវ៉ា​ជាបន្តបន្ទាប់នៅខាងមុខសាលា​​ដំបូង​​រា​​ជ​ធានីភ្នំពេញ ជាមួយនឹងកញ្ញា សេង ធារី។ មានរូបប្លែកៗជាច្រើនទម្រង់ដែល​អ្នកតស៊ូមតិរូបនេះប្រើប្រាស់ ដូច​​ជា ​​​​ស្លៀកខោអាវបែបចិនបុរាណ ពេលខ្លះកោរសក់ និងស្លៀកស​​ពាក់ស​​ ជា​​ដើម​​។ សកម្មជនសង្គមដែលមានវ័យ៥០ឆ្នាំ អ្នកស្រី សាត ផា ក៏ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ កាលពីឆ្នាំ២០២០ ពីបទ «ញុះញង់បង្កឱ្យមាភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពេលអ្នកស្រីបាន​ចូលរួម​តវ៉ា​ជាមួយ​ក្រុមស្ត្រី​ផ្សេង​ទៀតនៅ​មុខស្ថាន​ទូតចិន​ប្រចាំ​នៅ​កម្ពុជា​ ប៉ុន្តែ​​ត្រូវបាន​តុលាការដោះលែង​ឱ្យនៅក្រៅឃុំ​វិញ​ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ