លោក សៀម ភ្លុក កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ខណៈ​តុលាការ​ចេញដីកា​ឱ្យនាំខ្លួន

លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ។ (ហ្វេសប៊ុក៖ Seam Pluk)

ស្ថាបនិកគណបក្សបេះដូងជាតិ​ លោក សៀម ភ្លុក កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព ខណៈអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនតាមដីកា​តុលាការ​។

មេធាវីការពារក្ដីឱ្យ​លោក សៀម ភ្លុក គឺលោក សំ សុគង់​ បានប្រាប់វីអូឌីកាលពីថ្ងៃចន្ទថា បច្ចុប្បន្នកូនក្ដីរបស់លោកកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព។ ប៉ុន្តែលោកមេធាវីមិនបញ្ជាក់ថានៅទីណានោះទេ។

លោកថា៖ «បើយោងតាមខ្លឹមសារនៃដីកាឱ្យនាំខ្លួនហ្នឹង គឺត្រឹមថ្ងៃទី២៥ ចូលដល់ថ្ងៃទី២៦ ដីកាហ្នឹងអស់សុពលភាពហើយ។ អ៊ីចឹងបើចង់នាំខ្លួនអី ទាល់តែចេញដីកាមួយថ្មី។ អ៊ីចឹងហើយបានជាខ្ញុំបានទាក់ទងជាមួយកូនក្ដី ហើយកូនក្ដីក៏ប្រកាសជំហរដែលថា ខ្លួនមិនមានបំណងអ្វីគេចវេះទេ គាត់នឹងចូលទៅបំភ្លឺ ប៉ុន្តែមិនទាន់ដឹងថាថ្ងៃណាច្បាស់លាស់ ដោយសារគាត់មានរវល់ការងារផ្ទាល់ខ្លួនរបស់គាត់»។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានបង្គាប់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ឱ្យកងកម្លាំងមានសមត្ថកិច្ចនាំខ្លួនតំណាងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២​ ពាក់ព័ន្ធ​នឹង​បទ​ចោទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ក្នុងការបង្កើត​គណបក្សបេះដូងជាតិ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញនៅចំពោះមុខចៅក្រមស៊ើបសួរ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មាន​ប្រសាសន៍​​ថា អាជ្ញាធរ​កំពុងស្វែងរកការនាំខ្លួន​លោក សៀម ភ្លុក ខណៈមានព័ត៌មានថា លោក សៀម ភ្លុក កំពុងគេចខ្លួន។

លោកថា៖ «ទាក់ទងបញ្ហារឿងអនុវត្តតាមដីកា ឱ្យតែមានដីកា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីអនុវត្តច្បាប់ គឺយើងត្រូវតែអនុវត្តតាមហ្នឹងហើយ គ្រាន់តែថារហូតមកដល់ពេលនេះ យើងអត់ទាន់បានរកឃើញ [លោក សៀម ភ្លុក] ​នៅឡើយទេ»។

នាយិកាប្រតិបត្តិនៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក​ស្រី ចក់ សុភាព យល់ថា អាជ្ញាធរ​គួរ​តែ​ធ្វើការដោយឈរលើកត្តាគតិយុត្ត ដោយ​មិនគួរដៅទៅលើមុខសញ្ញាណាមួយ ដោយ​គ្រាន់តែមាននិន្នាការនយោបាយខុសគ្នា​នោះទេ។

លោកស្រីថា៖ «ដូចខ្ញុំបានលើកអ៊ីចឹង អាជ្ញាធរគួរតែធ្វើការពិនិត្យដោយឈរលើគតិយុត្ត មិនគួរមានការដៅមុខសញ្ញាដោយសារមាននិន្នាការនយោបាយខុសគ្នា ឬដោយសារពួកគាត់មិនមែនជាមន្ត្រីនៅក្នុងគណបក្សកាន់អំណាច»។

លោក សៀម ភ្លុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​ចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិកដើម្បីបង្កើតគណបក្សនយោបាយ។ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនានោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយសារមិនបានទទួលដីកាពីតុលាការ។

គណបក្សបេះដូងជាតិ ដែលគេសង្ស័យថាមានលោក សម រង្ស៊ី ស្ថិតនៅ​​ពីក្រោយ​​នៃការ​បង្កើត​​​គណ​​បក្សនេះ ត្រូវបានក្រសួងមហាផ្ទៃចោទប្រកាន់ថា បាន «ក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត»។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបដិសេធសំណើសុំចុះឈ្មោះក្នុងបញ្ជីបង្កើតគណបក្សនយោបាយ​របស់ស្ថាបនិកគណបក្សបេះដូងជាតិរូបនេះ​​។ ដោយមិនសុខចិត្តទៅនឹងការសម្រេចនេះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀម ភ្លុក ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដើម្បីតវ៉ា ប៉ុន្តែបណ្ដឹងប្រឆាំងនឹងសេចក្ដឹសម្រេចនេះត្រូវបានតុលាការកំពូលសម្រេចច្រានចោលនៅចុងឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ