ការនាំចេញរបស់កម្ពុជាកើនឡើងជិត ២៦% រយៈពេល៣ខែដើមឆ្នាំនេះ

រថយន្តដឹកទំនិញរបស់រោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) បើកចូលបរិវេណរោងចក្រ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងត្រីមាសទី១​ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញសម្រេចបានក្នុងទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ការនាំចេញកម្ពុជារយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ​ មានទំហំទឹកប្រាក់ ៥ ៧៦១លានដុល្លារ ដែលកើនឡើង ២៥,៧% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន  ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិវិញមានទំហំទឹកប្រាក់ ៧ ៤៤៥លានដុល្លារ ពោលគឺថយចុះ ០,៩%។ ក្នុងនោះ ទីផ្សារសំខាន់ៗដែលកម្ពុជានាំផលិតផលចេញ រួមមាន ការនាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជាង២ ១៥០លានដុល្លារ កើនឡើង ៤៣,៧%, វៀតណាម ចំនួន៧៥៨លានដុល្លារ កើនឡើង ៣,៩%, ថៃ ចំនួន៣១៨លានដុល្លារ កើនឡើង ២៨%, ចិន ចំនួន៣២១លានដុល្លារ និងជប៉ុន ចំនួន៣០៥លានដុល្លារ។

ប្រភពដដែលបន្តថា ទំនិញដែលកម្ពុជា​នាំចេញទាំងនោះ រួមមាន សម្លៀកបំពាក់ក្នុងទំហំទឹកប្រាក់២ ១៣៧លានដុល្លារ, ធញ្ញជាតិ ៤០៤លានដុល្លារ,​ សម្ភារធ្វើពីស្បែកសត្វ ចំនួន៤៩៥លានដុល្លារ, ស្បែកជើង ចំនួន៤២១លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃ ៣៦៥លានដុល្លារ, ផ្លែឈើ ២៣៤លានដុល្លារ។ បន្ថែមពីនេះ ទំហំនាំចេញបន្លែចំនួន២១៩លានដុល្លារ, គ្រឿងសង្ហារឹមចំនួន១៦៨លានដុល្លារ, ​គុជខ្យង និងត្បូងមានតម្លៃចំនួន៩១លានដុល្លារ  ការនាំចេញកៅស៊ូចំនួន១១៧លានដុល្លារ រួមនឹងផលិតផលសំខាន់ៗផ្សេងទៀត។

អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ លោក ស៊ាង ថៃ  មានប្រសាសន៍ប្រាប់វីអូឌី​ថា ការនាំចេញកើនឡើងក្នុងត្រីមាសទី១នេះ ដោយសារ​កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩បាន ពិសេសរាជរដ្ឋាភិបាលកម្ពុជាមានចំណាត់ការល្អក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនីរោងចក្រ ដែលនាំឱ្យខ្សែសង្វាក់ពាណិជ្ជកម្មនៅកម្ពុជាមិនមានភាពរាំងស្ទះឡើយ។

លោក ស៊ាង ថៃ មានប្រសាសន៍ថា៖ «ចំណុចសំខាន់ទី១ គឺបញ្ហាកូវីដ ដែលយើងយកឈ្នះនៅលើការគ្រប់គ្រងការរីករាលដាលហ្នឹងបាន ហើយទី២ តម្រូវការក្នុងការផលិត»។

លោកបន្តថា បញ្ហាមួយទៀត ដោយសារខ្សែសង្វាក់ពាណិជ្ជកម្មនៅប្រទេសមួយចំនួនមានការរអាក់រអួល ដូច្នេះ ​ទើបបរទេសមានការ​បញ្ជាទិញពីកម្ពុជាច្រើនវិញ។

លោក ស៊ាង ថៃ បានបន្តថា៖ «នៅឯក្រៅ តម្រូវការផលិតផលដែលអ្នកប្រើប្រាស់ គឺនៅតែត្រូវការអ៊ីចឹង ហើយប្រទេសមួយចំនួនទៀតដែលគាត់ជាប់ដៃនៅក្នុងកូវីដ ដែលមិនបានជោគជ័យនោះ។ អ្នកបញ្ជាទិញនោះក៏ងាកមកបញ្ជាទិញពីខាងយើងបន្ថែម។ អ៊ីចឹងការបញ្ជាទិញចាស់យើងក៏នៅ អ៊ីចឹងទើបធ្វើឱ្យការនាំចេញវាមានការកើនឡើង»។

អ្នកនាំពាក្យរូបនេះបន្ថែមថា ផលិតផលសំខាន់ធំៗដែលនាំចេញទៅក្រៅប្រទេសទាំងនោះមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ កង់ និងផលិតផលកសិកម្មមួយចំនួនដែលភាគច្រើននាំចេញទៅបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុប អង់គ្លេស អាមេរិក កាណាដា ជប៉ុន និងចិន។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា របាយការណ៍ក្នុងត្រីមាសទីមួយ ដែលបានបញ្ជាក់ពីទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជានេះ មិនដឹងថាពិតកម្រិតណាទេ ខណៈ​ចិននិង​ជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចកំពុងជឿនលឿន បានសារភាពថា ការលូតលាស់សេដ្ឋកិច្ចបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

លោកបន្តថា ហេតុដូច្នេះ វាមិនមានហេតុផលណាមួយដែលកម្ពុជាអាចស្ទុះលឿនជាងគេទេ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច​ក៏នៅទន់ខ្សោយដែរ។

លោក មាស នី មានប្រសាសន៍ថា៖ «យើងមានការពិបាក ដោយសារតែការប្រមូលថវិកាជាតិនៅក្នុងប្រទេសយើងនេះមិនសូវមានតម្លាភាព។ អ៊ីចឹងព័ត៌មានជ្រុងតែមួយទេដែលយើងទទួលបាន គឺទទួលបានពីរដ្ឋាភិបាល។ អ៊ីចឹងវាអាស្រ័យលើរដ្ឋាភិបាលជាអ្នកអះអាងចេញសេចក្ដីប្រកាស។ អ៊ីចឹងយើងអត់ដឹងថាតើចំនួនទឹកលុយដែលប្រមូលបាននេះ វាជាចំនួនដែលយើងហៅថាជាភាសានយោបាយ ឬក៏ជាភាសានៃទឹកលុយពិតប្រាកដ»។

អ្នកឃ្លាំមើលសង្គមរូបនេះបន្ថែមថា គេអាចសង្កេតបានថាតើថវិកាជាតិប្រមូលបានទំហំប៉ុណ្ណឹងមែន ឬមិនមែននោះ គឺ​អាចនឹងមើលឃើញតាមរយៈការអភិវឌ្ឍវិញ ថាតើរដ្ឋាភិបាលអាចមានលទ្ធភាពយកលុយដែលប្រមូលបានយកមកអភិវឌ្ឍជាតិបានកម្រិតណា។

លោក មាស នី បន្ថែមថា៖ «ជាបញ្ហាប្រឈមមួយ ខ្ញុំគិតថាសេដ្ឋកិច្ចកម្ពុជានៅតែទៅមុខអ៊ីចឹង ក៏ប៉ុន្តែមិនអាចនឹងកើនឡើងដូចដែលការរំពឹងទុកទេ ពីព្រោះឥលូវនេះពិភពលោកកំពុងតែមានការព្រួយបារម្ភ ខ្លាចក្រែងលោមានវិបត្តិសេដ្ឋកិច្ចពិភពលោក នៅពេលដែលសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីនៅតែបន្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ