លោក ហ៊ុន សែន សម្រេច​បង្កើត​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រាជរដ្ឋាភិបាល​បានសម្រេចចេញអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្ដទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយថា ដើម្បីធានានូវប្រសិទ្ធភាពនៃការបំពេញមុខងារជួយដល់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានសម្រេចចេញអនុក្រឹត្យ ស្ដីពី​ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលសរសេរជាអក្សរកាត់ថា «គ.រ.ឌ.»។ ការបង្កើតគណៈកម្មាធិការនេះឡើង ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារជាសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ​លើការងារបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅ​កម្ពុជា។

អនុក្រឹត្យដដែលបន្ថែមថា គ.រ.ឌ. មានតួនាទីក្នុងការជំរុញការរៀបចំទិន្នន័យគោល (Base Registry) និងការចែករំលែកទិន្នន័យរវាងក្រសួងស្ថាប័ន និងវិស័យឯកជន សំដៅជំរុញល្បឿននៃការកសាងមូលដ្ឋាន ការចាប់យក និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

បន្ថែមពីនេះ គ.រ.ឌ. មានភារកិច្ចបង្កើតកិច្ចសហប្រតិបត្តិការក្នុងប្រទេសនិងអន្តរជាតិ លើការកសាងរដ្ឋាភិបាលឌីជីថល ក៏ដូចជាជំរុញ សម្របសម្រួល និងគាំទ្រការចូលរួមកសាងរដ្ឋាភិបាលឌីជីថលពីគ្រប់មជ្ឈដ្ឋាន ដើម្បីសម្រេចចក្ខុវិស័យគោលបំណង និងគោលដៅជាយុទ្ធសាស្រ្តនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាដើម។

ប្រភពដដែលបន្ថែមថា​ សម្រាប់ការចំណាយសម្រាប់ដំណើរការការងាររបស់ គ.រ.ឌ. ត្រូវផ្គត់ផ្គង់ដោយថវិកាជាតិ ក្នុងគម្រោងថវិកាកម្មវិធីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

រដ្ឋាភិបាលក៏បានសម្រេចតែងតាំងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ រីឯសមាសភាពរបស់ គ.រ.ឌ. ជាអនុប្រធាន និងសមាជិក គឺមានមកពីតាមបណ្ដាក្រសួងពាក់ព័ន្ធរាប់សិបនាក់ផ្សេងទៀត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ